CamNews

អូស្ដ្រាលី ៖ ក្រោកពីគេង ស្រាប់តែឃើញក្រពើក្នុងផ្ទះ

គ្រួសារមួយនៅអូស្ដ្រាលី បានរៀបរាប់ប្រាប់អោយដឹងថា កាលពីថ្ងៃទី ៧ មករា នៅពេលពួក
គេភ្ញាក់ពីគេង ក៏ស្រាប់តែបានឃើញក្រពើមួយក្បាលប្រវែង ១,៧ម៉ែត្រ កំពុងលាក់ខ្លួននៅក្នុង
បន្ទប់ទទួលភ្ញៀវ។



អ្នកស្រី Jo Dodd មានទីលំនៅ នៅក្នុងក្រុង Darwin បានប្រាប់ថា កាលពីព្រឹកថ្ងៃទី ៧ មករា ខ្លួនបានឮសម្លេងឆ្កែព្រុសទ្រហឹង ហាក់ដូចជាចង់ប្រាប់ពីអ្វីមួយ។ អ្នកស្រី Jo Dodd បានថ្លែង
ប្រាប់ទូរទស្សន៍ ABC ថា ៖ "ពេលយើងបានបើកទ្វារបន្ទប់គេង ក៏ស្រាប់តែបានឃើញក្រពើ
មួយក្បាលនៅក្នុងបន្ទប់ទទួលភ្ញៀវ" ។

អ្នកស្រីបន្ដថា ៖ "នេះជាប្រការដែលគួរភ័យខ្លាចបំផុត នៅពេលអ្នកបានជួបនឹងក្រពើមួយ
ក្បាលដែលកំពុងដេកនៅក្នុងបន្ទប់ទទួលភ្ញៀវបែបនេះ។ វាពិតជាកាលៈទេសៈមួយគួរអោយ
រន្ធត់មែន"។

កងកម្លាំងការពារព្រៃឈើនៃប្រទេស អូស្ដ្រាលី បានចាប់យកក្រពើនេះ និងបាននាំវាទៅកាន់
កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅក្បែរតំបន់នោះ។

ប្រជាជននៅក្នុងតំបន់នោះ បានហៅក្រពើនេះថា "salties" ។ ប្រភេទក្រពើទឹកប្រៃនេះ មាន
ច្រើននៅក្នុងតំបន់ភាគខាងជើងប្រទេសអូស្ដ្រាលី ជាកន្លែងដែលមានអាកាសធាតុក្ដៅសើម។

តាមការសន្និដ្ឋាន ជារៀងរាល់ឆ្នាំនៅអូស្ដ្រាលី យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់ដែរ
ដែលបានក្លាយជាជនរងគ្រោះដោយសារការវាយប្រហាររបស់ក្រពើប្រភេទនេះ។ ក្រពើនេះ
អាចមានប្រវែងដល់ទៅ ៧ម៉ែត្រ និងទំងន់ ១តោន។

ក្រពើប្រភេទនេះ មានភាពរហ័សរហួនជាងក្រពើប្រភេទដទៃ ពួកវាតែងធ្វើសកម្មភាពនៅជុំ
វិញតំបន់របស់ពួកវានៅក្នុងរដូវក្ដៅនៅអូស្ដ្រាលី ដែលមានរយៈពេលចាប់ពី​ខែធ្នូ ទៅដល់ខែ
មករា។ ជាងនេះទៅទៀត មានពេលខ្លះពួកវាក៏"ឆ្លងដែន"របស់ខ្លួនចូលទៅក្នុងទីក្រុង ឬតំបន់
រស់នៅរបស់មនុស្សផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP

Tags: crocodileinternational news