CamNews

ត្រីឆ្លាមសម្លាប់បុរសម្នាក់នៅអាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង បានប្រកាសបិទទ្វារឆ្នេរសមុទ្រគ្រោះថ្នាក់បំផុតក្នុងពិភពលោក ដោយគ្មាន
កាលកំណត់ ដោយសារតែករណីត្រីឆ្លាមវាយប្រហារបណ្ដាលអោយបុរសម្នាក់ស្លាប់កាលពី
ថ្ងៃទី ១៥ ខែមករាកន្លងទៅ។

Lungisani Msungubana អាយុ ២៥ឆ្នាំ បានស្លាប់ដោយការវាយប្រហារពីត្រីឆ្លាម ខណៈដែល
ខ្លួនកំពុងហែលទៅកាន់កន្លែងទឹកជ្រៅនៅក្បែរឆ្នេរ Second Beach នៅតំបន់ Port St Johns
ក្នុងខេត្ត Eastern Cape នៃប្រទេសអាហ្វ្រិកខាងត្បូង។

ក្រុមមនុស្សកំពុងយកជនរងគ្រោះឡើងគោក

យោងតាមសំដីរបស់មិត្តភ័ក្ដដែលបានទៅហែលទឹកជាមួយ Msungubana ពួកគេបានឃើញ
បុរសនេះហែលគេច និង "ប្រយុទ្ធ"ជាមួយត្រីឆ្លាមប្រមាណជា ៥នាទី នៅមុនពេលទឹកនៅជុំ
វិញនោះប្រែទៅជាព័ណ៌ក្រហម ដូចក្នុងខ្សែភាពយន្ដរន្ធត់។

John Costello អ្នកគ្រប់គ្រងទីបញ្ជាការជួយសង្គ្រោះបន្ទាបន់ នៅមូលដ្ឋានសម្រាប់ឆ្នេរសមុទ្រ
នោះ បានអោយដឹងថា Msungubana ត្រូវបានត្រីឆា្លមខាំច្រើនកន្លែង គឺនៅត្រង់ដៃ និងជើង។
ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមនាំគាត់ឡើងមកលើគោកដើម្បីជួយសង្គ្រោះបន្ទាន់ ប៉ុន្ដែ
ដោយសាររងរបួសធ្ងន់ខ្លាំងពេកបុរសនេះក៏បានដាច់ខ្យល់ស្លាប់ ។

នេះជាករណីស្លាប់ទី ៦ ដែលបង្កឡើងដោយការវាយប្រហារពីត្រីឆ្លាមនៅក្នុងតំបន់សមុទ្រ
Second Beach ក្នុងរយៈពេល ៥ឆ្នាំមកនេះ។ នៅអាហ្វ្រិកខាងត្បូង អត្រានៃការស្លាប់ដោយ
សារការវាយប្រហារពីត្រីឆ្លាមគឺមានចំនួន ១/៥ នៃករណីសរុប។ ចំណែកនៅក្នុងតំបន់ឆ្នេរ
Second Beach ករណីវាយប្រហារដោយត្រីឆ្លាមគឺសុទ្ធតែត្រូវស្លាប់។

ត្រីឆ្លាមប្រភេទ Zambezi ត្រូវបានគេដឹងថា ជាឃាតករសម្លាប់មនុស្សនៅអាហ្វ្រិកខាងត្បូង។

រថយន្ដសង្គ្រោះបន្ទាន់ នាំសាកសពជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាន

មិនថាតែនៅឆ្នេរសមុទ្រណាមួយនោះទេ ការហែលទឹកគឺត្រូវតែមានការប្រុងប្រយ័ត្ន។ យើង
មិនគួរហែលទៅឆ្ងាយពីហ្វូងមនុស្ស ឬមួយហែលទៅកន្លែងទឹកជ្រៅ ព្រោះថាគ្រោះថ្នាក់អាច
នឹងកើតមានដោយនិកស្មានមិនដល់ ដូចជាការវាយប្រហារពីត្រីឆ្លាម រមួលក្រពើ ក្ដាមកាច់
ជើង ឬលង់ទឹកជាដើម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: international newssouth africa