CamNews

ប្លែកៗ 

គម្ពីកូរ៉ានធំបំផុតក្នុងពិភពលោកក្នុងប្រទេស Afghanistan

គម្ពីកូរ៉ានធំបំផុតក្នុងពិភពលោកមួយទើបតែត្រូវបានធ្វើការដាក់តាំងបង្ហាញនៅក្នុងទីក្រុង
Kabul ប្រទេស Afghanistan ដែលគម្ពីនេះមានទំងន់រហូតដល់ ៥០០គីឡូក្រាមនិងចំណាយ
រយៈពេល ៥ឆ្នាំទើបធ្វើរួចរាល់។

គម្ពីកូរ៉ានធំបំផុតនេះត្រូវបានបង្កើតឡើងដោយអក្ខរវិចិត្រករ (អ្នកដែលសរសេរអក្សរស្អាត)
ដ៏ល្បីឈ្មោះជាជនជាតិ Afghanistan ឈ្មោះ Mohammed Sabir Khedri និងអ្នកជំនួយការ
របស់លោកចំនួន ៩រូបផ្សេងទៀត។ លោក Khedri បានចំណាយពេលរហូតដល់ ៥ឆ្នាំទើប
ធ្វើរួចរាល់នូវសមិទ្ធិផលស្នាដៃដ៏អស្ចារ្យមួយនេះ ក្នុងទិសដៅធ្វើការបញ្ជាក់បង្ហាញអោយ
ឃើញថារាល់ប្រពៃណីមានតំលៃនិងកេរ្តិ៍មរតករបស់ជនជាតិ Afghanistan មិនអាចរលាយ
បាត់បង់ដោយសារសង្គ្រាមនោះឡើយ។

រាល់សន្លឹកនីមួយៗរបស់គម្ពីកូរ៉ាននេះមានរចនាក្បូរក្បាច់ពណ៌មាសយ៉ាងស្រស់ស្អាត។ គម្ពី
នេះមានកំរាស់ ២១៨ទំព័រ បណ្តោយ ២,២៨ម៉ែត្រ និងទទឹង ១,៥៥ម៉ែត្រ មានទំងន់រហូតដល់
៥០០គីឡូក្រាម និងប្រើប្រាស់ស្បែកពពែចំនួន ២១ក្បាលដើម្បីបង្កើតជាក្របសំរាប់គម្ពីនេះ។
គម្ពីកូរ៉ាន ដ៏ធំមួយនេះតាមការប៉ាន់ស្មានមានតំលៃរហូតដល់ ៤៦៥ ពាន់ដុល្លាអាមេរិក។

គម្ពីនេះត្រូវបានលោក Khedri ធ្វើរួចរាល់តាំងពីឆ្នាំ ២០០៩ មកម៉្លេះ ប៉ុន្តែត្រូវបានរក្សាជាការ
សំង៉ាត់រហូតមកដល់ពេលនេះទើបដាក់តាំងបង្ហាញ នោះក៏ព្រោះតែបន្ទប់សំរាប់ទុកគម្ពីនេះ
មិនទាន់សាងសង់រួចរាល់។ បច្ចុប្បន្នសមិទ្ធិផលនេះកំពុងតែដាក់តាំងបង្ហាញនៅក្នុងមជ្ឈ
មណ្ឌលវប្បធម៌មួយក្នុងទីក្រុង Kabul ដែលសាងសង់ឡើងតាំងពីឆ្នាំ ១៩៨០។

ក្នុងនាមជាអ្នកកាន់សាសនាអ៊ីស្លាមម្នាក់ លោក Khedri បាននិយាយថាលោកនឹងមិនមាន
ការមិនសប្បាយចិត្តនោះទេប្រសិនបើមានអ្នកណាម្នាក់បង្កើតគម្ពីកូរ៉ានថ្មីដែលមានទំហំធំ
ជាងគម្ពីរបស់គាត់នេះ។ Khedri និយាយថា "ខ្ញុំនឹងមានអារម្មណ៍កាន់តែមានសុភមង្គលជាង ប្រសិនបើមាននរណាម្នាក់បង្កើតឡើងនូវគម្ពីកូរ៉ានដែលធំជាងនេះ នោះគឺដើម្បីគាំទ្រដល់
សាសនាអ៊ីស្លាម" ។

ចំពោះតំណែងឯកត្តកម្មស្តីអំពីគម្ពីកូរ៉ានធំបំផុតក្នុងពិភពលោកនាពេលកន្លងមកត្រូវបាន
ប្រគល់ជូនកាលពីឆ្នាំកន្លងទៅដែលបានបង្កើតឡើងនៅក្នុងតំបន់ Tatarstan ក្នុងប្រទេស
រុស្ស៊ី។

Video អំពីគម្ពីកូរ៉ានធំបំផុតក្នុងពិភពលោកក្នុងប្រទេស Afghanistan ៖


ប្រភព៖ OC & DT
ដោយ៖ រដ្ឋា

Tags: afghanistanunbelieablemohammed sabir khedribiggest quran