CamNews

គម្ពីរ Koran ត្រូវកំទេច ប្រជាជន Afghanistan រាប់ពាន់នាក់ ឡោមព័ទ្ធមូលដ្ឋានទ័ពអាមេរិក

មនុស្សប្រមាណជា ២.០០០ នាក់បានធ្វើបាតុកម្មនៅខាងក្រៅមូលដ្ឋានទ័ពសំខាន់របស់
អាមេរិកនៅ Afghanistan កាលពីម្សិលមិញ ដោយសារព័ត៌មានអំពីការកំទេចគម្ពីរ Koran
មិនត្រូវតាមវិធី ពីសំណាក់កងទ័ពបរទេស។

ឧទ្ធម្ភាគចក្រអាមេរិកបានព្យាយាមបាញ់ភ្លើង ដើម្បីរារាំងក្រុមបាតុករជាង ២.០០០ ដែល
នៅព័ទ្ធជុំវិញមូលដ្ឋាន Bagram ។ ក្រុមបាតុករបានស្រែកជ័យឃោសន៍ប្រឆាំងនឹងបរទេស
និងបានចោលដុំថ្មចូលទៅខាងក្នុងមូលដ្ឋាននេះ។

Roshna Khalid ជាមន្ដ្រីមូលដ្ឋានម្នាក់បានអោយដឹងថា គម្ពីរធំដែលបានចម្លងពីគម្ពីរ Koran
ត្រូវបានដុតកំទេចនៅខាងក្នុងមូលដ្ឋានទ័ពអាកាស Bagram មានចម្ងាយពីរដ្ឋធានី Kabul
ប្រមាណជាមួយម៉ោង(ធ្វើដំណើរដោយរថយន្ដ)។ លោកថ្លែងថា ក្រុមពលករនៅមូលដ្ឋាន
បានផ្ដល់ព័ត៌មាននេះ។

មេបញ្ជាការជាន់ខ្ពស់របស់ NATO នៅ Afghansitan បានព្យាយាមដើម្បីធ្វើអោយស្ថានភាព
ប្រសើរឡើង ព្រោះថាបញ្ហានេះអាចក្លាយជាគ្រោះថ្នាក់ធំចំពោះទំនាក់ទំនងរវាងកងទ័ព
អាមេរិកជាមួយប្រជាជន ខណៈអាមេរិកមានបំណងចង់បង្កើតសន្ដិភាពនៅ Afghansitan
មុនពេលដងកងទ័ពចេញពីប្រទេសនេះនៅឆ្នាំ ២០១៤។

មេបញ្ជាការ John Aleen អ្នកដឹកនាំកងកម្លាំងជំនួយសន្ដិសុខអន្ដរជាតិ (ISAF) នៅប្រទេស
Afghansitan ថ្លែងថា ៖ "នៅពេលទទួលបានដំណឹងថា យើងបានធ្វើអន្ដរាគមន៍ជាបន្ទាន់។
គម្ពីរដែលបានយកមកនឹងត្រូវបានមន្ដ្រីសាសនា ចាត់ចែងត្រឹមត្រូវទៅតាមវិធី។"

Haji Shirin ជាបាតុករម្នាក់បានអោយដឹងថា ៖ "យើងមិនចង់មានមនុស្សកាន់សាសនាគ្រិស្ដ
អ្នកគ្មានសាសនាបែបនេះ។ ពួកគេគឺជាសត្រូវនៅលើទឹកដីរបស់យើង ជាសត្រូវនៃកិតិ្ដយស
និងគម្ពីររបស់យើង។ យើងសូមអំពាវនាវអោយអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ធ្វើការលះ
បង់ដើម្បីដេញពួកយោធាទាំងនេះចេញពីប្រទេស"។

ការទទួលបានមនោសញ្ចេតនាពីប្រជាជន Afganistan គឺពិតជាមានសារសំខាន់ក្នុងការ
កំចាត់ក្រុមតាលីបង់ ប៉ុន្ដែអាមេរិកបែរជាមិនបានយល់អំពីចំណុចរសើបរបស់ប្រជាជន
Afghanistan នោះគឺសាសនា និងវប្បធម៌របស់ប្រជាជននៅទីនោះ។

លោក Alen បានថ្លែងថា ៖ "យើងខ្ញុំពិតជាសូមទោសដោយសារបានបង្កអោយមានការប៉ះ
ពាល់ដល់ប្រធានាធិបតិ Afghanistan រដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាម Afghanistan និង
ប្រការសំខាន់បំផុតគឺប្រជាជន Afghanistan ដ៏គួរអោយគោរព"។

ទោះជាយ៉ាងណាក៏ដោយ ការសូមទោសនេះមិនបានកាត់បន្ថយកំហឹងនោះទេ ព្រោះថា
Koran គឺជាគម្ពីរព្រះរបស់អ្នកកាន់សាសនាអ៊ីស្លាម ហើយសញ្ញាណាមួយបង្ហាញពីការមើល
ងាយទៅលើគម្ពីរនេះនឹងអាចធ្វើអោយកំហឹងដែលមានស្រាប់កាន់តែពុះកញ្ជ្រោល។

បាតុករម្នាក់ថ្លែងថា ៖ "យើងចង់អោយពួកគេចេញពីប្រទេសរបស់យើងក្នុងពេលនេះ"។

គួររំឮកថា កាលពីខែមេសាឆ្នាំ ២០១១ ប្រជាជន Afghansitan បានធ្វើបាតុកម្មនៅទូទាំង
ប្រទេស បន្ទាប់ពីលោកអាចារ្យសាសនាគ្រិស្ដម្នាក់បានដុតបំផ្លាញគម្ពីរ Koran នៅ Florida។
បាតុកម្មនេះបានបណ្ដាលអោយមនុស្សស្លាប់ ១១នាក់ នៅពេលក្រុមបាតុករបានសម្រុក
ចូលមូលដ្ឋានរបស់អង្គការសហប្រជាជាតិនៅក្នុងក្រុង Mazar-i-Sharif ភាគខាងជើងប្រទេស
Afghanistan ខណៈដែលអំពើហិង្សាមួយនៅក្រុង Kandahar ភាគខាងត្បូង បានសម្លាប់
មនុស្ស ៩នាក់ និង ៨០​ នាក់ផ្សេងទៀតរងរបួស៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters

Tags: usaafghanistanafghan