ព័ត៌មានអន្តរជាតិ ៖ គេហទំព័រ សារព័ត៌មានបរទេស CNN កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បាន ដកស្រង់សម្តី មន្រ្តីផ្លូវការថៃ ទាក់ទិននឹងបញ្ហាសន្តិសុខ ថ្នាក់ជាតិ អោយដឹងថា រដ្ឋាភិបាលថៃ បានប្រកាសក្រុង បាងកក ទៅជាក្រុង ស្ថិតនៅក្នុងភាពមានអាសន្ន ខណៈករណីផ្ទុះការតវ៉ា កាន់ តែមានភាពតានតឹងឡើងៗ ។
ប្រធាននាយកដ្ឋាន សន្តិសុខថ្នាក់ជាតិ លោក Paradon Patthanathubut គូសបញ្ជាក់អោយដឹង ថា ការប្រកាសក្រុង ចាត់ចូលទៅក្នុងភាពមានអាសន្ន មួយនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃពុធ នេះតទៅ រហូតដល់ ៦០ ថ្ងៃក្រោយ ។ បន្ថែមពីលើនេះ បើតាមការអោយដឹង ពីអាជ្ញាធរ ប្រចាំ ក្រុង បានអះអាងអោយដឹងថា ការផ្ទុះការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាល ចាំផ្ទះប្រទេសថៃ ខណៈ មាន លោក ស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ជានាយករដ្ឋមន្រ្តី បានចាប់ផ្តើមផ្ទុះឡើង កាលពីចុង ឆ្នាំ ២០១៣ កន្លងទៅ ពោលគឺ បានចាប់ផ្តើមតាំងពីខែ វិច្ឆិកា មក ដោយនៅក្នុងនោះ យ៉ាងហោច ណាស់ បានបណ្តាលអោយមនុស្ស ៩ នាក់ ស្លាប់បាត់បង់ជីវិត ខណៈ ៤៥០ នាក់ផ្សេងទៀត រង របួស ធ្ងន់ និង ស្រាល ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ វិបតិ្តនយោបាយ នៅក្នុងប្រទេសថៃ ត្រូវបានគេមើលអោយឃើញថា មានភាពល្អក់កករជាខ្លាំង ពោល ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលមានមេដឹកនាំ លោក ស៊ូថេប នោះ បានបះបោរ ងើបការតវ៉ា ទាមទារ អោយលោកស្រី យីង ឡាក់ ស៊ីណ៉ាវ៉ាត់ត្រា ចុះចេញពីតំណែង ដោយនៅក្នុងនោះ ពួកគេបានធ្វើការតវ៉ាប្រឆាំង ដោយ នាំគ្នា បិទទីក្រុង បាងកក។
ជាការឆ្លើយតប ដើម្បីជាដំណោះស្រាយ ទៅនឹងវិបត្តិនយោបាយ ដ៏ហែកហួរមួយនេះ រដ្ឋាភិបាល លោកស្រី យីងឡាក់ បានប្រកាសថា នឹងមានការបោះឆ្នោតសាជាថ្មី នៅថ្ងៃទី ២ ខែកុម្ភៈខាងមុខ នេះ តែផ្ទុយទៅវិញ គណបក្សប្រឆាំង បានប្រកាន់ជំហរ របស់ខ្លួន នោះគឹ ធ្វើពហិកា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN