CamNews

ព័ត៌មានអន្តរជាតិ 

បំផ្ទុះ គ្រាប់បែក អត្តឃាត នៅឯស្នងការ ប៉ូលីសក្រុង សម្លាប់មនុស្ស យ៉ាងហោច ១៤ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អោយ ដឹងថា ករណីបំផ្ទុះ គ្រាប់បែក អត្តឃាត ដោយផ្តើមចេញ ពីការបំផ្ទុះគ្រាប់បែក នៅក្នុងរថយន្ត វាយប្រ ហារទៅលើ ស្នងការប៉ូលីស ក្នុងក្រុង មួយកន្លែង ភាគខាងជើង ក្រុង Cairo កាលពីថ្ងៃ ម្សិលមិញនេះ យ៉ាងហោចណាស់ មនុស្ស ១៤ នាក់ បានស្លាប់បាត់បង់ ជីវិត ខណៈជាង ១៥០ នាក់ ផ្សេងទៀតទទួល រងរបួស ធ្ងន់ និងស្រាល ។

Mohamed Fahmy អ្នកយក ព័ត៌មាន អោយគេហទំព័រ aljazeera រាយការណ៍ ចេញពីទីក្រុង Cairo អោយដឹងថា  Ansar Beit al-Makdis ដែលជាក្រុម ប្រដាប់ អាវុធ ដ៏សកម្ម បានចេញ មកសារភាព អោយដឹងថា ករណីវាយប្រហារ ខាងលើនេះ ខ្លួនជាអ្នក ប្រព្រឹត្តិឡើង ពិតប្រាកដមែន កាលពីថ្ងៃ អង្គារ ម្សិលមិញនេះ ។ ក្រុមប្រដាប់ អាវុធ ដ៏សំខាន់ មួយក្រុមនេះ ត្រូវបានគេ ស្គាល់ឈ្មោះថា Ansar Jeru-
salem តាមរយៈ ការបង្ហោះ នូវសេចក្តី ថ្លែងការណ៍ របស់ខ្លួន ចូលទៅក្នុង ប្រព័ន្ធ អ៊ិនធើណេត ។

យ៉ាងណាមិញ បើតាមការ អោយដឹង ពីក្រសួងមហាផ្ទៃ ប្រទេសនេះ ក្រោយពីមាន ការតាមដាន ស៊ើប អង្កេតជាបឋម រកអោយឃើញថា វាគឺជា ករណី បំផ្ទុះគ្រាប់បែក អត្តឃាត ដោយនៅក្នុងនោះ គ្រាប់ បែកត្រូវ បានក្រុមប្រដាប់ អាវុធ បំពាក់ចូលទៅក្នុង រថយន្តមួយ និងបើកបញ្ជាវា អោយបុក រនាំងខ័ណ្ឌ នៅពីមុខ ស្នងការ ទម្លុះចូលមក ក្នុងបរិវេន រួចធ្វើការ បំផ្ទុះឡើងតែម្តង។

គួរបញ្ជាក់ផងដែរថា ករណីវាយប្រហារ លើកនេះ បានធ្វើអោយប្រជាជន ទូទៅ មានភាពច្រឡោតខឹង ជាខ្លាំង ដោយនៅក្នុងនោះ បានលើកគ្នា មកធ្វើកូដកម្ម កាលពី រសៀលថ្ងៃ អង្គារ ខណៈ មនុស្សរាប់ រយនាក់ បានផ្អើលនាំគ្នា វាយប្រហារ ដុតទៅលើ រថយន្ត ពីរគ្រឿង​ ដែលត្រូវបាន គេជឿថា ជារថយន្ត របស់ ក្រុមរបបដឹកនាំ Muslim Brotherhood ។ ក៏ប៉ុន្តែ របបដឹកនាំ Muslim Brotherhood បានបដិសេធ ថាខ្លួន ពិតជា មិនបានពាក់ព័ន្ធ ក្នុងការវាយប្រហារលើកនេះទេ ដោយនៅក្នុងនោះ បានចេញសេចក្តី ថ្លែងការណ៍ ថ្កោលទោស តាមរយៈអ៊ីម៉ែល ដូចគ្នាដែរ។

យ៉ាងណាមិញ រដ្ឋាភិបាល ប្រទេសនេះ បានចេញសេចក្តី ប្រកាស អោយដឹងថា អោយមានការទុក្ខ ទូទាំងប្រទេស ចំនួន បីថ្ងៃ។ បន្ថែមពីលើនេះ លោក Hazem el-Beblawi ដែលត្រូវជា នាយករដ្ឋមន្រ្តី បានហៅ ការវាយប្រហារ លើកនេះ គឺជា អំពើ ភារវកម្ម ដោយនៅក្នុងនោះ គាត់ បានបញ្ជាក់ថា ក្រុម សកម្មប្រយុទ្ធ ដែលពាក់ព័ន្ធ ទាំងអស់ នឹងមិនអាច គេចផុត ពីសំណាញ់ច្បាប់ និងភាព យុត្តិធម៌ បាន នោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera


Tags: Egypt Int news Unt news Viral video cnn