ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីអ្នកវិទ្យាសាស្រ្ត ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹ មីរ័រ បានចេញផ្សាយអត្ថបទអោយដឹងថា ឆ្អឹងសត្វដាយនូស័រ ដ៏ធំបំផុតដែលធ្លាប់មានវត្តមានរស់ នៅលើទឹកដី តំបន់អឺរ៉ុប កាលពី ១៥០ ឆ្នាំមុន ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត រុករកឃើញ ។
វត្តមាននៃការរកឃើញផូស៊ីលឆ្អឹងលើកនេះ ញ៉ាំងអោយកំណត់ឈ្មោះបាន ប្រភេទដាយនូស័រកាល ពីអតីតកាល ពោលមានឈ្មោះ Torvosaurus gurneyi ដោយនៅក្នុងនោះ គេអាចកំណត់សម្គាល់ បានថា វាអាចនឹងមានប្រវែងដល់ទៅ ១០ ម៉ែត្រជាង និងមានទម្ងន់ដល់ទៅ ជិត ៥ តោន ខណៈ ពេលដែលប្រវែងក្បាលផ្នែកខាងមុខ របស់វា ត្រូវបានគេសន្មត់ថា មានប្រវែង ១ ម៉ែត្រជាង អមទៅ ដោយក្រអូមមាត់ ពោរពេញទៅដោយធ្មេញមុតស្រួច ប្រវែង ៤ អ៊ីង ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ ស្តីអំពី ការរកឃើញលើកនេះ ក៏បានចុះ និងចេញផ្សាយ នៅលើ ទំព័រ ទិន្នានុប្បវត្តិ Public Library Of Science ONE ដូចគ្នាដែរ ។ ក្រោយពីមានការដកស្រង់សម្តី អ្នកនិពន្ធលោក Christophe Hendrickx សេចក្តីរាយការណ៍ បន្តអោយដឹងថា ប្រភេទដាយនូស័រ លើកនេះ មិនមែនជាពូជ ដ៏ធំជាងគេ បង្អស់នោះទេ ពោលនៅមានពូជដាយនូស័រ ប្រភេទផ្សេង ទៀតដែលមានទំហំធំជាងនេះទៅទៀត រួមមានដូចជា ៖ Tyrannosaurus, Carcharodontosaurus, ក៏ដូចជា Giganotosaurus ជាដើម ។
គួររំឭកថា អ្នកវិទ្យាសាស្រ្ត បានអះអាង អោយដឹងថា វត្តមាននៃការរកឃើញ ពូជដាយនូស័រ ពូជ Torvosaurus gurneyi មានទំហំ លលាដ៍ក្បាល ដល់ទៅ ១១៥ ស.ម លើកនេះ ត្រូវបានក្រុមអ្នក ជំនាញរកឃើញ នៅឯខាងជើងក្រុង Lisbon ប្រទេស ប័រទុយហ្គាល់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ