CamNews

យល់ដឹង 

មិននឹកស្មានថាប័រ ក៏ជារូបមន្ដពិសេស ធ្វើឱ្យមុខមានសំណើម និងស្រស់ស្អាតបានដែរ!!

តើមិត្ដនារី មានអារម្មណ៍ថា ស្បែករបស់ខ្លួនស្ងួតដែរឬទេ? ក្នុងករណី ដែលមិត្ដនារីលាបក្រែមផ្ដល់សំណើម និងសេរ៉ូមហើយ តែមិត្ដនារីមានអារម្មណ៍ស្បែករបស់ខ្លួននៅតែស្ងួតនោះ វាដល់ពេល ដែលមិត្ដនារីត្រូវរកដំណោះស្រាយប្រសើរជាងនេះហើយ។ ស្បែកស្ងួត អាចបង្កការរំខានយ៉ាងខ្លាំង នៅពេលដែលវាបណ្តាលឱ្យរមាស់ និងស្ពឹក ។ នៅក្នុងអត្ថបទនេះ យើងសូមនាំមកជូននូវដំណោះស្រាយមួយចំនួន ដើម្បីជួយមិត្ដនារី ក្នុងការកម្ចាត់ស្បែកស្ងួត!

ឥឡូវនេះ មិត្ដនារីអាចព្យាបាលស្បែកស្ងួត  ដោយប្រើប័រផ្សំធ្វើជាម៉ាស់បិទមុខ! ម៉ាស់បិទមុខពិសេសនេះ នឹងធ្វើឱ្យស្បែករបស់មិត្ដនារីទន់ និងស្រស់ថ្លា។ ប័រគឺជាប្រភពដ៏សម្បូរបែបនៃអាស៊ីតខ្លាញ់ និងវីតាមីន ដែលអាចធ្វើឱ្យស្បែកមុខរបស់មិត្ដនារី ភ្លឺថ្លាដូចធម្មជាតិ។

ម៉ាស់បិទមុខផ្សំពីប័រ និងចេក៖ ម៉ាស់បិទមុខ​ ដែលផ្សំបញ្ចូលគ្នានេះ នឹងធ្វើឱ្យស្បែកមុខរបស់អ្នកភ្លឺថ្លាដូចធម្មជាតិ ។ ដើម្បីធ្វើម៉ាស់បិទមុខនេះបាន អ្នកត្រូវយកចេកទុំមួយផ្លែ និងប័រសាប ១ ស្លាបព្រាកាហ្វេ។ ត្រូវយកចានគោមមួយ ហើយកិនចេករហូតក្លាយជាល្បាយខាប់។ ខណៈកំពុងកិនចេក សូមដាក់បន្ថែមប័ររាវ ឬប័ររឹង ហើយត្រូវលាយវាឱ្យចូលគ្នាល្អ។ យកជក់ផាត់មុខជ្រលក់ទៅក្នុងម៉ាស់នោះ ហើយលាបឱ្យពេញផ្ទៃមុខរបស់អ្នក ហើយទុកវាចោលរយៈពេល ១០ នាទី បន្ទាប់មកលាងមុខរបស់អ្នក ជាមួយទឹកត្រជាក់ និងលាបក្រែមផ្ដល់សំណើម។

ម៉ាស់បិទមុខធ្វើពីត្រសក់ និងប័រ៖ ប្រសិនបើអ្នក កើតមានអាការៈក្រហមរោលនៅលើស្បែកនោះ ដូច្នេះម៉ាស់បិទមុខប្រភេទនេះ នឹងជួយអ្នកកម្ចាត់វាបាន ។ សូមយកត្រសក់មួយកំណាត់ មកគៀបយកទឹក។ បន្ទាប់មកដួសទឹកត្រសក់ ២ ស្លាបព្រាបាយ និងដាក់បន្ថែមប័រសាបពីលើវា។ លាយគ្រឿងផ្សំពីរមុខនេះឱ្យចូលគ្នាល្អ ហើយលាបវា នៅលើមុខរបស់អ្នកដោយទុកវាចោល  ១០ នាទី បន្ទាប់មកលាងជម្រះជាមួយទឹកត្រជាក់។ ម៉ាស់បិទមុខនេះ នឹងជួយឱ្យស្បែករបស់អ្នកស្រស់ស្អាត ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ndtv


Tags: Knowledge