ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ អត្ថបទផ្សាយ ពីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក ទំព័រសារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញ ផ្សាយ បន្តអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៧ នាក់បាន ស្លាប់បាត់បង់ជីវិត ក្រោយពីឧទ្ធម្ភាគចក្រ ទ័ពអាកាសមួយគ្រឿង បាន ធ្លាក់ កាលពីរសៀលថ្ងៃសុក្រ ម្សិលមិញនេះ នៅភាគខាងជើង រដ្ឋ Uttar Pradesh ប្រទេស ឥណ្ឌា ។
ប្រភពដដែលបន្តអោយដឹងថា ឧទ្ធម្ភាគចក្រ ទ័ពអាកាសខាងលើ បានធ្វើដំណើរ ហោះចេញពី Bare - illy ទៅ Allahabad ។ បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បន្តអោយដឹងថា ខណៈកំពុងតែហោះហើរ និងបានមានវត្តមាន ប្រមាណជាង ៤០ គ.ម ពីភាគខាងជើងរដ្ឋ Uttar Pradeshវាក៏បានចាប់ផ្តើមបាត់ ការទាក់ទងផ្ទាល់តែម្តង ពីក្រុមអ្នកតាមដានចរាចរណ៍ តាមអាកាស ។
លោក Srivastava ជាមន្រ្តីផ្លូវការជាន់ខ្ពស់មួយរូប សរបញ្ជាក់អោយដឹងថា ឧទ្ធម្ភាគចក្រខាងលើ បាន ធ្លាក់និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅតំបន់ Ataria ដោយនៅក្នុងនោះ ក្រុមមនុស្ស ដែលមានវត្តមាន នៅលើនោះទាំងអស់គ្នា ត្រូវបានគេភ័យខ្លាច ថាបានស្លាប់បាត់បង់ជីវិតទាំងអស់គ្នា ។ យ៉ាងណាមិញ ពុំទាន់មានសេចក្តីរាយការណ៍ ថាមូលហេតុអ្វី អោយពិតប្រាកដ ដែល បានបណ្តាលអោយ ឧទ្ធម្ភាគ ចក្រទ័ពអាកាសខាងលើ ផ្ទុះធ្លាក់នៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ