ដោយសារតែទើបត្រូវបានរើមកពីទីតាំងចាស់ដែលបានបាក់ទៅក្នុងទន្លេស្ទើរតែទាំង
ស្រុង ដូច្នេះវត្តសំពោងផលអណ្ដែតក៏កំពុងត្រូវការការកសាងជាបន្ដបន្ទាប់ ចាប់ពីកុដ
សម្រាប់ព្រះសង្ឃគង់នៅ និងសាលាឆទាន។ល។
វត្តសំពោងផលអណ្ដែតគឺជាអារាមមួយដែលត្រូវបានកសាងឡើងកាលពីដំបូងនៅម្ដុំ
កោះពេជ្រ ក្បែរកាស៊ីណូណាហ្គាបច្ចុច្ចប្បន្ន ប៉ុន្ដែដោយសារច្រាំងទន្លេចេះតែបាក់ជា
បន្ដបន្ទាប់ អារាមនេះក៏ត្រូវរើពីកន្លែងមួយទៅកន្លែងមួយ ដើម្បីរត់គេចពីទន្លេបាក់ច្រាំង។
បច្ចុប្បន្ន វត្តសំពោងផលអណ្ដែតមានទីតាំងស្ថិតនៅក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ
ខណ្ឌមានជ័យ មានចម្ងាយពីច្រាំងទន្លេទល់មុខនឹងកោះពេជ្រប្រមាណជាជិតមួយគីឡូ
ម៉ែត្រ និងកំពុងមានគម្រោងសាងសង់សាលាឆទានមួយមានតម្លៃប្រហែលជាជាង
៤០០.០០០ ដុល្លារអាមេរិក ដោយក្នុងសសរមួយដើមមានតម្លៃប្រមាណជា ១.០០០
ដុល្លារ។
លោកគ្រូព្រះចៅអធិការវត្ដសំពោងផលអណ្ដែតមានសង្ឃដិការថា អារាមនេះមិនទាន់
មានព្រះវិហារនៅឡើង ហើយគោលបំណងនៃការសាងសង់សាលាឆទានថ្មីនេះគឺដើម្បី
យកដីនៅត្រង់សាលាឆទានចាស់ទុកធ្វើព្រះវិហារនាពេលអនាគត ព្រោះថា ផ្ទៃដីរបស់
វត្តនេះតូចចង្អៀត។
តាមគម្រោង សាលាឆទាននេះនឹងមានប្រវែងបណ្ដោយ ៤០ម៉ែត្រ ទទឹង ២០ម៉ែត្រ និង
មានកំពស់ប្រមាណជាជាង ៤០ម៉ែត្រ(បូករួមទាំងកំពូលសាលា) ចំណែកសសរក៏មាន
ចំនួនជាង ៤០ដើម(ជាមធ្យម ក្នុងមួយដើមមានតម្លៃប្រហែល ១.០០០ដុល្លារ)ផងដែរ។
លោកតាអាស្ចារ្យយូរ សមាជិកគណកម្មធិការវត្ដបានថ្លែងថា បច្ចុប្បន្នវត្តមិនទាន់មាន
ថវិការគ្រប់គ្រាន់នោះទេ គឺត្រូវសង្ឃឹមទាំងស្រុងទៅលើប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅ
ប្រទេស ជាពិសេសគឺរំពឹងទៅលើកសេចក្ដីជ្រះថា្ល និងការរួមចំណែកកសាងក្នុងវិស័យព្រះ
ពុទ្ធសាសនាពីសំណាក់សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅទូទាំងប្រទេស
កម្ពុជា។
ព្រះចៅអធិការវត្តសំពោងផលអណ្ដែតមានសង្ឃដិការថា ចំនួនទឹកប្រាក់ដែលនឹងត្រូវ
ចំណាយទៅលើការសាងសង់សាលាឆទាននេះគឺមិនក្រោម ៤០០.០០០ដុល្លារអាមេរិក
នោះទេ។ ព្រះអង្គរួមជាមួយនឹងគណកម្មធិការវត្តសូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ
នៅគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស សូមចូលរួមចាប់មគ្គផលដើម្បីរួមចំណែកក្នុង
ការសាងសង់សាលាឆទាននេះដោយសេចក្ដីជ្រះថ្លា៕
គម្រោងសាងសង់សាលាឆទានវត្តសំពោងផលអណ្ដែត
សសរមានចំនួនជាង ៤០ដើម ក្នុងមួយដើមមានតម្លៃប្រហែល ១.០០០ដុល្លារ
សាលាឆទាននេះនឹងមានកន្លែងចតយានយន្ដនៅជាន់ផ្ទាល់ដី និងមានស្ពាន
សម្រាប់រថយន្ដបរឡើងដល់ទ្វារធំ