CamNews

តារា 

គង់ ចាន់ស្រីមុំ ធ្វើ​ខួប​កំណើត អមដោយ​​ពិធីបើក​សម្ពោធ​ជំនួញ​ពីរ​ព្រម​គ្នា ខណៈមានការចូលរួមពីតារាល្បីៗ

ភ្នំពេញ៖ មានតារាសម្ដែង តារាចម្រៀង និងតារាបង្ហាញម៉ូដ ជាច្រើនដួងមកហើយ ដែលពួកគេ បានប្រារព្ធ​ពិធីខួបកំណើត ទោះបីជាពិធីនោះ តូចក្ដី ធំក្ដី គឺពួកគេផ្ដោតសំខាន់ អញ្ជើញភ្ញៀវចូលរួម តែកម្មវិធី​ខួបកំណើតប៉ុណ្ណោះ គ្មានកម្មវិធី២-៣ ចូលគ្នាតែមួយនោះទេ ។ ប៉ុន្តែសម្រាប់ តារាសម្ដែង ល្បីឈ្មោះ ក្នុងមុខជំនួញរកស៊ី កញ្ញា គង់ ចាន់ស្រីមុំ និងគូស្នេហ៍បណ្ដូលចិត្ត លោក គឹម សីហា កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះ បានប្រារព្ធពិធីខួបកំណើត ដ៏អធិកអធមមួយ ផ្គួបជាមួយនឹងការបើក សម្ពោធជំនួញ​រកស៊ីចំនួន២ផ្សេងទៀត គឺការបើកលក់ ជាផ្លូវការ នូវទឹកអប់មានម៉ាកសម្គាល់ ផលិតផលរបស់ គង់​ ចាន់ស្រីមុំ (Secrect By sreymom) និងការបើកដំណើរការភោជនីយដ្ឋាន បែបអន្តរជាតិ ឈ្មោះ Bottoms Up ដែលជាការចូលហ៊ុនគ្នា រវាងលោក គឹម សីហា ជាមួយមិត្តភក្តិ។

ក្នុងពិធីដ៏ឱឡារិកនេះ គេសង្កេតឃើញវត្តមាន អ្នកសិល្បៈល្បីៗ ជាច្រើនដួង បានចូលរួមយ៉ាងកុះករ ទោះបីអាកាសធាតុមានភ្លៀងធ្លាក់បន្តិចក្ដី តែមិនបានបង្អាក់ ដំណើរក្នុងការចូលរួម អបអរសាទរថ្ងៃដ៏មានន័យ របស់ពួកគេឡើយ ខណៈម្ចាស់កម្មវិធី បានអះអាងថា បានអញ្ជើញភ្ញៀវប្រមាណ១០០ទៅ១៥០នាក់ ហើយភាគច្រើន ជាអ្នកសិល្បៈ ។

លោក គឹម សីហា សង្សារសំណព្វចិត្តរបស់ គង់ ចាន់ស្រីមុំ និងជាអ្នកចាត់ចែក ក្នុងកម្មវិធីទាំងបី ខាងលើ បានប្រាប់អ្នកកាសែត ឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែលោកមានភារកិច្ចរវល់ពេក ទើបពិធីខួបកំណើតរបស់ ស្រីមុំ ត្រូវបានលើកពេល មកដល់ថ្ងៃនេះ ហើយបានរៀបចំឡើងផ្គួប ជាមួយនឹងសមិទ្ធផលថ្មីរបស់នាង គឺការនាំចូលទឹកអប់ មកលក់ក្នុងទីផ្សារ ប្រទេសកម្ពុជា ដែលមានឈ្មោះ និងរូបរបស់នាងជាលើកដំបូង នេះតែម្ដង ។

លោក គឹម សីហា បានបញ្ជាក់ ក្នុងស្ថានភាពហំហានថា ចំពោះជំនួញទឹកអប់ យើងបានសិក្សាទីផ្សាររួចមកហើយ ដោយក្នុងប្រទេសយើង មិនទាន់មានតារាខ្មែរណា ហ៊ានចំណាយទុនផលិតទឹកអប់ មានឈ្មោះខ្លួនឯង ដាក់លក់លើទីផ្សារនោះទេ ។ លោកនិយាយថា ជំនួញថ្មីពុំធ្លាប់មាននេះ បានប្រើដើម ទុន ១០ម៉ឺនដុល្លារ ដោយបូកបញ្ចូលការធ្វើទីផ្សារផលិតផលឲ្យដើរ ហើយម៉ាកទឹកអប់នោះ បានកុម្ម៉ង់ពីរោងចក្រ ដោយមានមិត្តភក្តិ នៅក្នុងប្រទេសថៃ ជាអ្នកសម្របសម្រួល ដោយដាក់ឈ្មោះ ស្រីមុំ តែម្ដង គឺ Secret by Sreymom មានន័យថា «អាថ៌កំបាំងរបស់ស្រីមុំ»។

ដោយឡែក តារាសម្ដែងទើបតែទទួល បានកាដូជាចិញ្ចៀនពេជ្រ តម្លៃប្រមាណ២ម៉ឺនដុល្លារពីសង្សារ មុនថ្ងៃខួបមកដល់ គង់ ចាន់ស្រីមុំ បានបន្ថែមជាមួយគ្នានេះថា មូលហេតុដែលនាំឲ្យនាង សម្រេចបើកជំនួញទឹកអប់នេះ ក៏ព្រោះតែនាងគិតថា តារានៅកម្ពុជា មិនទាន់មានតារាណា ដែលហ៊ានបើកលក់ផលិតផល ដាក់ឈ្មោះខ្លួនឯងនោះឡើយ ម្យ៉ាងទៀត នាងធ្លាប់តែផ្សព្វផ្សាយឲ្យគេ ហើយមិត្តភក្តិចេះតែសួរថា ទឹកអប់ស្រីមុំចេញឬនៅ? សួរនាងញយដងពេក ទើបសម្រេចចិត្ត បើករបរនេះតែម្ដង។

ងាកមកជំនួញទី២វិញ គឺ ភោជនីយដ្ឋានលំដាប់អន្តរជាតិ ដែលមានទីតាំង នៅខាងក្រោយស្ថានទូតរុស្សី ក្បែរតំបន់កោះពេជ្រ មានឈ្មោះថា Bottoms Up ដែល លោក គីម សីហា បានចូលហ៊ុន ជាមួយបងប្អូន និងមិត្តភ័ក្ដិ ដោយប្រើដើមទុនរហូតដល់ទៅ៧០ម៉ឺនដុល្លារ មានលក់អាហារតាមបែបស្ដង់ដារ អន្តរជាតិ ហើយក្នុងនោះ គង់ ចាន់ស្រីមុំ មានតួនាទីជា អ្នកធ្វើទីផ្សារ ជួយផ្សព្វផ្សាយ និងមើលការខុសត្រូវជំនួស សីហា ខ្លះៗ ពេលលោកជាប់រវល់ប៉ុណ្ណោះ។

ជាការគត់សម្គាល់ ទាំងលោក គឹម សីហា និង គង់ ចាន់ស្រីមុំ បានអះអាង ពីភាពជោគជ័យ ១០០% ទៅ លើជំនួញដទាំងពីរខាងលើនេះ ព្រោះពួកគេហាក់បាន យល់ច្បាស់ ពីទីផ្សាររកស៊ី ក្នុងប្រទេសកម្ពុជា ជាពិសេសមានដៃគូសហការច្រើន និងអ្នកគាំទ្រច្រើន លើផលិតផលរបស់ ស្រីមុំ ។ ជាស្ដែងផលិតផលទឹក អប់ មិនទាន់មានលក់នៅលើទីផ្សារផង ត្រូវបានអតិថិជន កុំម្ម៉ង់ទុករួចជាស្រេចទៅហើយ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News Chan Sreymom Birthday