សមាគមន៍ជំងឺមហារីកអាមេរិកបានរាយការណ៍ថា ស្ត្រីអាមេរិកជាមធ្យមមានឱកាសក្នុងការកើតមានជំងឹមហារីកសុដន់ក្នុងជីវិតរបស់គាត់ប្រមាណ ១២%។ ប្រសិនបើសាច់ញាតិរបស់អ្នក (ម្ដាយ ឬបងស្រី) ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហានេះ នោះហានិភ័យនៃការកើតរោគមហារីកសុដន់ក៏មានខ្ពស់ដែរ។
ជម្ងឺមហារីក កើតមានឡើងនៅពេលកោសិកាមិនប្រក្រតីមិនស្លាប់ដូចកោសិកាធម្មតា ប៉ុន្តែវាបែរជារីកធំធាត់ឡើង ហើយបង្កើតចេញជាដុំពក។ ប្រសិនបើកោសិកាទាំងនេះ មានសមត្ថភាពរីករាលដាលទៅកន្លែងណាផ្សេងនៃតំបន់ដទៃទៀតក្នុងសារពាង្គកាយ នោះកោសិកាមិនប្រក្រតីទាំងអស់នេះ ជាកោសិកាកាច។
អ្នកប្រហែលជាធ្លាប់ឮថា ជំងឺមហារីកសុដន់តែងតែកើតមានឡើងក្នុងដុំពក។ នោះជាការពិត វាជារោគសញ្ញាជម្ងឺមហារីកសុដន់ទូទៅ។ នោះហើយជាមូលហេតុ ដែលអ្នកឯកទេសណែនាំឱ្យលោកអ្នកពិនិត្យមើលដុំពកថ្មីនៅក្នុងសុដន់ ប្រសិនបើវានៅតែមិនបាត់ទៅវិញក្រោយពេលវដ្តរដូវច្រើនដងហើយ។
ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញលោកអ្នកនូវរោគសញ្ញាមួយចំនួន ដែលលោកអ្នកគួរតែចាប់អារម្មណ៍ ដើម្បីទទួលបានការពិនិត្យឲ្យទាន់ពេលវេលា។
១. ការឈឺចាប់៖ អារម្មណ៍ឈឺចាប់ ភាគច្រើនមិនសូវទាក់ទងទៅនឹងមហារីកសុដន់នោះទេ។ តែវា ជាការឈឺចាប់របស់សុដន់ ជាទូទៅកើតឡើងដោយសារតែប្រែប្រួលអ័រម៉ូន គីសសុដន់ ភាពតានតឹង ឬការប្រើថ្នាំពន្យារកំណើតជាដើម។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះជម្ងឺមហារីកសុដន់អាចមានការឈឺចុកចាប់តែម្ខាង ឬទាំងសង្ខាង។
២. ក្បាលសុដន់លិបចូលក្នុង៖ ដោយសារតែមានការប្រែប្រួលកោសិកា នោះទើបធ្វើឲ្យក្បាលដោះខាងសុដន់ដែលមានបញ្ហាទាញលិបចូលទៅក្នុង។
៣. ការហើម៖ ទោះបីជាអ្នកមិនបានពិនិត្យឃើញដុំពកក៏ដោយ តែសភាពរបស់សុដន់ ឬផ្នែកណាមួយរបស់វាមានលក្ខណៈហើម និងតឹង។
៤. មានសភាពដូចសំបកផ្លែក្រូច៖ នេះ ជាសញ្ញាសំគាល់សំខាន់បំផុតដើម្បីកំណត់ជំងឺមហារីកសុដន់ ដោយវាមានសភាពខួចនៅលើសុដន់ មើលទៅស្រដៀងជាមួយសំបកផ្លែក្រូច។
៥. ពណ៌ប្រែប្រួល និងទំហំតូច៖ ជំងឺមហារីកសុដន់ អាចធ្វើឲ្យសុដន់ ឬក្បាលសុដន់របស់អ្នក មានពណ៌ក្រហមសំប៉ែត និងមានពងបែក។
៦. ការផ្លាស់ប្តូរទំហំរបស់វា៖ វាជារឿងធម្មតាទេ ដែលស្រ្តីមានទំហំ ឬរាងសុដន់មិនស្មើគ្នា។ ប៉ុន្តែប្រសិនបើ វាមានការផ្លាស់ប្តូរទំហំ ឬរាងរបស់វាភ្លាមៗ នោះលោកអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ។
៧. ការហូរទឹកមិនធម្មតា៖ ការហូរទឹកមិនធម្មតាចេញពីសុដន់ ក្រៅពីទឹកដោះ (ប្រសិនបើអ្នកបំបៅកូនដោយទឹកដោះម្តាយ) គឺជាសញ្ញាអាសន្ននៃជំងឺមហារីកសុដន់ ប្រសិនបើមានរោគសញ្ញានេះ លោកអ្នកមិនត្រួវបង្អង់យូរក្នុងការពិនិត្យនោះទេ។
៨. កូនកណ្តុរឡើងធំ៖ ចំពោះជំងឺមហារីកសុដន់ អ្នកអាចសំគាល់ថាមានកូនកណ្តុររីកធំ នៅក្នុងតំបន់ក្លៀក ដែលនេះជាសញ្ញាបញ្ជាក់ថា មានការរីករាលដាលពីសុដន់ទៅដល់ប្រព័ន្ធកូនកណ្តុរហើយ។
៩. ការសម្រកទម្ងន់ដោយមិនដឹងមូលហេតុ៖ ជំងឺមហារីក ជាធម្មតាបណ្តាលអោយបាត់បង់ចំណង់អាហារ និងបញ្ហាការស្រកទម្ងន់ដោយមិនដឹងមូលហេតុ ។
ដូច្នេះ ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ នោះអ្នកគួរតែទៅពិគ្រោះយោបល់ ជាមួយអ្នកឯកទេស ដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលា ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ womansbeautyextra