ទំព័រ wonderfulengineering កាលពីដើមខែសីហា ឆ្នាំ ២០១៤ បានឱ្យដឹងថា កងកម្លាំងពិសេស
របស់អាមេរិក នឹងទទួលបាននូវឈុតសម្លៀកបំពាក់ “Iron Man” ចាប់ពីឆ្នាំ ២០១៨។
ឈ្មោះពិតរបស់ឈុតសម្លៀកបំពាក់នេះ គឺ Tactical Assault Light Operator Suit (TALOS/អាវ
ក្រោះវាយប្រហារយុទ្ធសាស្ដ្រ)។ TALOS ត្រូវបានបំពាក់បច្ចេកវិទ្យាដែលប្រទេសជាច្រើនក្នុង
ពិភពលោក មិនទាន់មាន ដូចជា មុខងារការពារគ្រាប់ មុខងារឃាត់ឈាមឆ្លាតវៃ បច្ចេកវិទ្យាលើក
កម្ពស់សមត្ថភាពផ្ដោតអារម្មណ៍ ការគ្រប់គ្រង់ស្ថានភាពសុខភាពរបស់អ្នកប្រើប្រាស់ និងមុខងារ
ប្រមូលទិន្នន័យពេលវេលាពិតនៅលើសមរភូមិ។ ក្រៅពីនេះ TALOS ក៏នឹងត្រូវបានបំពាក់បន្ថែម
នូវបណ្ដាឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដូចជាវ៉ែនតា Google ជាដើម។
ទន្ទឹមនឹងនេះ TALOS ក៏ប្រើប្រាស់វត្ថុធាតុដែលអាចប្រែប្រួលពីរឹង ទៅទន់ផងដែរ។ ដូច្នេះ ពេល
ទាហានពាក់វានៅក្នុងស្ថានភាពធម្មតា (មិនមានការប្រយុទ្ធគ្នា) វានឹងទន់ ប៉ុន្ដែ នៅពេលពាក់ក្នុង
ពេលប្រយុទ្ធ ឈុតការពារនេះ នឹងប្រែទៅជារឹង ដើម្បីការពារម្ចាស់របស់វាពីគ្រាប់កាំភ្លើង។
ប្រភពព័ត៌មានឱ្យដឹងថា ឈុតអាវ “Iron Man” នេះ នឹងត្រូវបានភាគីខាងក្រុមហ៊ុនផលិត ប្រគល់
ដល់ក្រសួងការពារជាតិអាមេរិក នៅឆ្នាំ ២០១៨។ លោក James Geurts មកពីនាយកដ្ឋានទិញ
ដូរ របស់ក្រសួងការពារជាតិអាមេរិក ថ្លែងថា បើទោះជាគម្រោងនេះ វាហាក់ដូចទៅនឹងការស្រមៃ
នៃវិទ្យាសាស្ដ្រ ប៉ុន្ដែ វាពិតជាមានសារសំខាន់ ហើយតួនាទីរបស់វា គឺពិតជាសាមញ្ញ។
លោក James Geurts បន្តថា ៖ “នៅក្នុងការប្រយុទ្ធដោយកាំភ្លើង យើងបានបាត់បង់ទាហានជា
ច្រើន។ ប្រសិនយើងមានឧបករណ៍ការពារដែលមានសមត្ថភាពខ្ពស់ ខ្ញុំជឿថា យើងនឹងអាច
បំបាត់ចំនុចអវិជ្ជមាននេះ”។
គួររំលឹកថា កាលពីចុងឆ្នាំ ២០១៣ ប្រទេសកូរ៉េខាងត្បូង ក៏បានបង្ហើបអំពីគម្រោងបំពាក់អាវក្រោះ
“Iron Man” ដល់ទាហានរបស់ខ្លួន ប៉ុន្ដែ ដោយសារតែវាគឺជាគម្រោងដែលត្រូវចំណាយប្រាក់ច្រើន
ដូច្នេះ គេជឿថា ឈុតអាវក្រោះ “Iron Man” នេះ នឹងត្រូវបានបំពាក់ឱ្យតែកងកម្លាំងពិសេសរបស់
ប្រទេសនេះ តែប៉ុណ្ណោះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ wonderfulengineering