ព័ត៌មានអន្តរជាតិ ៖យុវតីស្រស់ស្អាត វ័យក្មេង ម្នាក់ ត្រូវបានរកអោយឃើញថា ជាអ្នកបង្កហេតុ ដោយបាន បណ្តាលអោយ រូបនាងខ្លួនឯងស្លាប់ ក៏ដូចជា មិត្តភក្កិល្អ របស់នាង ម្នាក់ផ្សេងទៀត បានស្លាប់ដូចគ្នាដែរ អំឡុងពេល ដែលមានគ្រោះថ្នាក់ចរាចរណ៍ ដោយផ្តើមចេញ ពីការ បើកបររថយន្ត ទំនើបរបស់នាង ទាំង ស្រវឹងជោគ ពោលគឺ នាងបានបើករថយន្ត មានល្បឿន ដល់ទៅ ១៤០ គ.ម ក្នុងមួយម៉ោង ដោយនៅក្នុង នោះ នាងបានដឹកមិត្តភក្កិល្អ របស់នាង អង្គុយនៅជាប់តៃកុងឡាន ខាងមុខ ដោយដាក់ជើង ចេញទីខាង ក្រៅបង្អួច ខណៈពេល ដែលមានក្រុមមនុស្ស ៣ នាក់ ផ្សេងទៀត ត្រូវជាមិត្តភក្កិ អង្គុយ នៅកៅអី ខាង ក្រោយ ស្របពេលដែល នាងមានអាការៈ ស្រវឹងជោគ ហើយនោះ មានពេលមួយ នាងបាន បើកឡាន លឿនជាខ្លាំង រំពេចនោះ នាងក៏បានបាត់បង់ម្ចាស់ការណ៍ រួចក៏ជាន់ហ្រ្វាំង ក៏បានបណ្តាលអោយ រថយន្ត វិល ខ្ញាល់ និងក្រឡាប់ហោះ ដោយបានចាក់ ទម្លាក់មនុស្ស ៣ នាក់ចេញមកខាងក្រៅ ជាលទ្ធផល នារីជាអ្នក បើកឡាន និងមិត្តស្រីល្អ របស់នាង ដែលអង្គុយកៅអី ខាងមុខនោះ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ អំឡុង ពេលនៃការកើត មានឡើង នូវគ្រោះថ្នាក់លើកនេះ នេះបើតាម ការអោយដឹង ពីគេហទំព័រ សារព័ត៌ មានបរទេស ដេលីម៉ែល ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន គូសបញ្ជាក់អោយដឹងថា នារី ជាជនរងគ្រោះ ស្លាប់បាត់បង់ជីវិត និងជា តៃកុងឡាន រូបនោះ មានឈ្មោះថា Shaya Leigh មានវ័យ ១៨ ឆ្នាំ ខណៈពេលដែល មិត្តភក្កិស្រីល្អ របស់ នាងម្នាក់ ផ្សេងទៀត ដែលបានស្លាប់ដូចគ្នានោះ មានឈ្មោះថា Kerrylee O’Leary-Staniford មានវ័យ ១៧ ឆ្នាំ ។
ដោយឡែក អ្នកដំណើរ ៣ នាក់ផ្សេងទៀត ដែលបានអង្គុយ នៅកៅអី ខាងក្រោយនោះ ពួកគេ មិនបាន ស្លាប់បាត់ បង់ជីវិតអ្វីនោះទេ ពោលគឺ គ្រាន់តែទទួលរងរបួស ធ្ងន់តែប៉ុណ្ណោះ ខណៈដេកសម្រាក ព្យាបាល នៅឯ មន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង និងកំពុងតែ រៀនដើរសាជាថ្មី។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ ដ៏គួរអោយរន្ធត់ ខាងលើនេះ បានកើតឡើង កាលពីពេលកន្លងទៅ នៅឯក្រុង Swindon ភាគខាងត្បូង ប្រទេស វែល ចក្រភព អង់គ្លេស៕
បញ្ជាក់ ៖ គោរពអាយុ ជីវិតខ្លួនឯង និងអ្នកដទៃ ត្រូវផ្តើមចេញ ពីការគោរព ច្បាប់ចរាចរណ៍
បើកបរ ដោយសុវត្តិភាព ត្រូវពាក់មួកសុវត្ថិភាព និង ខ្សែក្រវ៉ាត់ការពារ ។ ត្រូវមានការប្រុង
ប្រយ័ត្នអោយបានខ្ពស់ និងចេះអាធ្រាស្រ័យ អោយគ្នា ទៅវិញ ទៅមក អំឡុងពេល បើកបរ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល