CamNews

ជីវិត និងការងារ 

បោះបង់មហាវិទ្យាល័យ មិនមែនសុទ្ធតែនឹង ក្លាយជាសេដ្ឋី ដូច Bill Gates ឬ Stave Job ឬមួយ Zuckerberg នោះទេ

យោងតាម The Atlantic អ្នករាល់គ្នាតែងតែត្រូវបានទាក់ទាញដោយរឿងរ៉ាវ និងភាពជោគជ័យ
របស់បណ្ដាមហាសេដ្ឋី ប៉ុន្ដែពួកគេបែរជាភ្លេចថា ក្នុងចំណោម សិស្សដែលបានបោះបង់ការសិក្សា
ចំនួន ៣០លាននាក់នៅអាមេរិក គឺមានអ្នកគ្មានការងារធ្វើ ធ្លាក់ក្នុងភាពក្រីក្រ និងជំពាក់បំណុល
គេ ខ្ពស់ជាង បើធៀបនឹងអ្នកដែលបានរៀនចប់មហាវិទ្យាល័យ។

នៅក្នុងពិភពលោក ឈ្មោះ Steve Jobs, Bill Gates, Mark Zuckerberg ឬ Micheal Dell បានធ្វើ
ឱ្យមនុស្សជាច្រើនយល់ថា ការបោះបង់សាលារៀន ដើម្បីបង្កើតមុខរបរ គឺជាផ្លូវកាត់ ឆ្ពោះទៅរក
ជោគជ័យ។ New York Times ធ្លាប់បានប្រដូចថា ការជឿជាក់នេះ បាននាំឱ្យកើតឡើងនូវ “តំបន់
ថ្មីមួយ ដើម្បីធ្វើមាន ធ្វើបាន”។

លោក Mark Zuckerberg, Steve Jobs និង Bill Gates

នៅក្នុងបញ្ជីឈ្មោះ អ្នកមានចំនួន ៤០០នាក់ មានទ្រព្យច្រើនបំផុត នៅអាមេរិក របស់ Forbes
កាលពីឆ្នាំទៅ មាន ៦៣នាក់ មិនមានសញ្ញាបត្រមហាវិទ្យាល័យ។ គិតជាមធ្យម ពួកគេ មានទ្រព្យ
៩,៤ពាន់លានដុល្លារ គឺខ្ពស់ជាង ៣ដង ធៀបនឹងអ្នកមានសញ្ញាបត្របណ្ឌិត។

មហាសេដ្ឋីទាំងនេះ អាចត្រូវបានចែកជា ២ក្រុម ទី ១ គឺបោះបង់ការសិក្សា ដើម្បីតាមគំនិតជំនួញ
ឬផលិតផលណាមួយ។ ពួកគេមានចក្ខុវិស័យច្បាស់លាស់ ទៅលើគម្រោងអនាគត ហើយមិនចង់
រង់ចាំរហូតដល់បញ្ចប់ការសិក្សា។ នៅក្នុងក្រុមទីមួយនេះ មហាសេដ្ឋី Mark Zuckerberg, Steve
Jobs និង Bill Gates គឺជាបុគ្គលិកលេចធ្លោជាងគេ។

ក្រុមទី ២ គឺមានការខុសគ្នាទៅនឹងក្រុមទី ១ ដោយសារតែពួកគេមិនបានបោះបង់ការសិក្សាដើម្បី
ធ្វើជំនួញនោះទេ។ ឧទាហរណ៍ដូចជា មហាសេដ្ឋី សម្លៀកបំពាក់ Ralph Lauren ។ Ralph Lauren
ធ្លាប់រៀននៅមហាវិទ្យាល័យ ២ឆ្នាំ តែក៏បោះបង់សាលា ហើយចូលធ្វើទាហាន។ ក្រោយមក
លោកក៏ទៅ​ធ្វើជាជំនួយការឱ្យ Brooks Brothers មុននឹងលោក បង្កើតក្រុមហ៊ុនសម្លៀកបំពាក់ដូច
បច្ចុប្បន្ន។

រឿងរ៉ាវទាំងឡាយខាងលើនេះ បានធ្វើឱ្យមនុស្សជាច្រើនយល់ថា កត្តាផ្សេងៗ អាចជំនួសសញ្ញា
បត្រ ដូច្នេះ ប្រសិនពួកគេធ្វើបាន ហេតុអ្វីខ្លួនធ្វើមិនបាន? ក៏ប៉ុន្ដែ The Atlantic យល់ថា អ្នករាល់
គ្នាបានកន្លងចោលនូវចំនុចលំអិតមួយ នោះគឺថា អ្នកដែលបានបោះបង់ការសិក្សា និងទទួល
ជោគជ័យ គឺជាបុគ្គលដែលឆ្នើមបំផុត។ ជោគជ័យរបស់ពួកគេ គឺយោងទៅលើសមត្ថភាពដែល
មាន កាលពីនៅរៀននៅមធ្យមសិក្សា។ ពួកគេមានវិធីសិក្សាដោយខ្លួន ចេះខ្ចីប្រាក់ធនាគារធ្វើទុន
ចេះគ្រប់គ្រងពេលវេលា និងគ្រប់គ្រងប្រាក់ដោយខ្លួនឯង។ ជាងនេះ ជួនកាល ពួកគេទទួលបាន​ប្រយោជន៍ពីការដែលពួកគេមានទំនាក់ទំនងទូលំទូលាយ ជំនួយពីពុកម្ដាយ មិត្តភ័ក្ដិ ឬអ្នកជិត
ស្និទ្ធ។ល។

ការស្រាវជ្រាវរបស់ The Atlantic បង្ហាញថា ជនជាតិអាមេរិក ចំនួន ៣៤លាននាក់ ដែលមានអាយុ
លើសពី ២៥ឆ្នាំ ធ្លាប់បានរៀនមហាវិទ្យាល័យ តែយកមិនបានសញ្ញាបត្រ។ ៧១% ក្នុងចំណោម
នេះមានលទ្ធភាពធ្លាក់ខ្លួនក្រ នឹងជំពាក់បំណុលខ្ពស់ជាង ៤ដង ធៀបនឹងមនុស្សដែលមានសញ្ញា
បត្រ។ ទន្ទឹមនឹងនេះ ពួកគេមិនត្រឹមតែមិនបានក្លាយជាសេដ្ឋីនោះទេ តែបែរជាមានប្រាក់ចំណូល
ទាបទៅវិញ។

ចំណែកអ្នកដែលបានរៀនចប់មហាវិទ្យាល័យ ពួកគេទទួលបានចំណេះដឹងច្រើន និងមានទំនាក់
ទំនងច្រើន ដើម្បីឈានទៅដល់ជោគជ័យ។ ការទទួលបានការអប់រំ ជួយឱ្យពួកគេប្ដូរផ្លាស់នូវ
ការយល់ឃើញ និងមានចក្ខុវិស័យទូលំទូលាយ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ The Atlantic/Forbes


Tags: Steve Jobs Bill Gates Mark Zuckerberg school មហាសេដ្ឋី គេចសាលា បោះបង់ការសិក្សា