CamNews

យល់ដឹង 

ស្ប៉តពាណិជ្ជកម្មអប់រំ បង្ការកុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ធ្វើអ្នកទស្សនារំជួលចិត្ត (មានវីដេអូ)

គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតករមុខស្រស់មួយ ដែលបានបង្កនូវគ្រោះ អន្តរាយយ៉ាងច្រើន ស្លាប់ និងរបួស ដល់មនុស្សយើង ក៏ដូចជាខូចខាតនូវទ្រព្យ សម្បត្តិរដ្ឋ និងឯកជន ជាច្រើន ក្នុងមួយឆ្នាំៗផងដែរ។ សម្រាប់ប្រទេសកម្ពុជាយើង សព្វថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជារៀងរាល់ថ្ងៃ និងកាន់តែសាហាវទៅៗ ដែលតួរលេខ ជាមធ្យម គឺបានឆក់យកជិវិត ប្រជាពលរដ្ឋខ្មែរយើង ៤ ទៅ ៥ នាក់ ជារៀងរាល់ថ្ងៃ ផងដែរ។ យោងតាមកត្តា ដ៏គួរឲ្យបារម្ភនេះផងដែរ ក្រសួង ក៏ដូចជា អង្គការ ក្រុមហ៊ុន ដែលពាក់ព័ន្ធមួយចំនួន ក៏បានចេញនូវសារ ជាវីដេអូ រូបភាព ក៏ដូចជា ពាក្យស្លោកអប់រំ ជាច្រើន ដើម្បីដាស់តឿន ប្រជាពលរដ្ឋខ្មែរ ឲ្យប្រុងប្រយ័ត្ន និងយល់ដឹង ពីបញ្ហាគ្រោះថ្នាក់ កាន់តែច្បាស់ជាងមុន និងចូលរួមគោរពច្បាប់ចរាចរ ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រា អ្នកស្លាប់ និងរបួស ដែលបណ្តាលមកពីកត្តា គ្រោះថ្នាក់ចរាចរណ៍នេះ នៅសល់កាន់តែតិច កាន់តែល្អ។

បញ្ហាគ្រោះថ្នាក់នេះ ក៏មិនមែនជាបញ្ហាចោទ តែនៅលើប្រទេសកម្ពុជាយើងនោះទេ គឺវាកើតឡើងគ្រប់ប្រទេសទាំងអស់ លើពិភពលោក គ្រាន់តែមានតិច ​និងច្រើនជាងគ្នាតែប៉ុណ្ណោះ។ ជាក់ស្តែង តារាភាពយន្តដ៏ល្បី លោក Paul Walker ដែលបានស្លាប់ ដ៏គួរឲ្យសោកស្តាយ កាលពីពេលថ្មីនេះ ក៏បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយល្បឿនលឿន មិនអាចគ្រប់គ្រងបាននេះ ផងដែរ។

ផ្អែកតាមផលប៉ះពាល់ច្រើន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរនេះ កាលពីពេលថ្មីនេះ ខាងរដ្ឋាភិបាល ប្រទេសកាណាដា (Canada) ក៏បានធ្វើយុទ្ធនាការ ពាណិជ្ជកម្មមួយ "Just Slow Down" ក្នុងគោលបំណងលើកកំពស់ ការយល់ដឹងពី បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាដើម្បីឲ្យអ្នកទាំងអស់គ្នា ចូលរួមកាត់បន្ថយអត្រានៃ ការស្លាប់ និងរបួស ដែលបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍មនេះ ផងដែរ។

សូមទស្សនាវីដេអូឃ្លីប ក្រើនរំលឹកដ៏មានសារប្រយោជន៍ និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន នៅលើប្រព័ន្ធអ៊ីនធឺណេត ខាងក្រោមនេះ​ ទាំងអស់គ្នា៖

 

ការប្រហែស ការប្រមាថ របស់យើងតែបន្តិច វានឹងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតយើង ក៏ដូចជាអ្នកដទៃ បានគ្រប់វិនាទី។ ដូច្នេះសូមចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចេះយោគយល់អាធ្យាស្រ័យ ឲ្យគ្នាទៅវិញ ទៅមក បើកបរដោយការ ទទួលខុសត្រូវ ជាពិសេស "បើពិសារគ្រឿងស្រវឹង ​សូមកុំបើកបរ" ៕

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: Advertising Traffic accidents Interesting Lifestyle General knowledge