CamNews

គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម​ង្ស៊ី បានប្រកាស ថា នឹង​បង្កើត​គណបក្ស​ថ្មី​មួយ

​នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម​ង្ស៊ី បានប្រកាស
ថា នឹង​បង្កើត​គណបក្ស​ថ្មី​មួយ ដែល​នឹងមាន​លោក សម រង្ស៊ី ជា​ប្រធាន ហើយ​លោក កឹម សុខា ជា​
អនុប្រធាន​។

 

នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្ដីការ​គណបក្ស សម រង្ស៊ី តាម​រយៈ​ Video Conference ពី​ទីក្រុង
​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កក្កដា មេដឹកនាំ​គណបក្ស​ទាំង​ពីរ លោក កឹម
សុខា និង​លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា ពួកគាត់​បាន​
ព្រមព្រៀង​គ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​បង្កើត​គណបក្ស​ថ្មី​មួយ​នៅ​ពេល​ខាង
​មុខ ដែល​ស្ថាប័ន​ទាំង​ពីរ​នេះ លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុ​ប្រធាន​ ដើម្បី
ទល់ប្រកួត​ប្រជែង​ជាមួយនឹងគណបក្សកាន់អំណាចបច្ចុប្បន្ន។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា «យើងបានសម្រេចជាប្រវត្តិសាស្រ្ត ចាប់ពីថ្ងៃនេះទៅឆាក
នយោបាយនៅប្រទេស កម្ពុជាមានការផ្លាស់ប្តូរដ៏សំខាន់។ សេចក្តីសម្រេចនេះគឺជាការសម្រេច
រវាងគណបក្សទាំងពីរ ដែលប្តេជ្ញាចិត្ត បំពេញបេសកកម្មស្រោចស្រង់ប្រទេសជាតិជាមួយគ្នា….»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី មិន​ទាន់​បញ្ជាក់​ច្បាស់​លាស់​នៅ​
ឡើយ​ថា តើ​គណបក្ស​បង្កើត​ថ្មី​នោះ​មាន​ឈ្មោះ​អ្វី និង​បង្កើត​នៅ​ក្នុង​ខែ​ណា​នោះ​ទេ។ គួរបញ្ជាក់ថា
រយៈពេល​ជាង​មួយខែ​មកហើយ ដែល​គណបក្ស​ទាំងពីរ​បានគិត​គូរ​អំពី​ការបង្កើត​គណបក្ស​ថ្មី​នេះ
ប៉ុន្តែ នៅតែ​មិនទាន់​អាច​និយាយ​ឲ្យ​ដាច់ស្រឡះ​បាន អំពី​ឈ្មោះ​គណបក្ស​ថ្មី​នោះ​។ ហើយ​តើ​គណ
បក្ស​ថ្មី​នោះ នឹង​មានន័យ​បែបណា នៅពេលដែល​លោក​សមរង្ស៊ី​ដែលជា​នឹង​ក្លាយជា​ប្រធាន​នោះ
មិនអាច​ធ្វើ​នយោបាយ​នៅក្នុង​ប្រទេស​បាន ដោយសារតែ​លោក​រស់នៅ​ក្រៅប្រទេស គេច​ចេញពី
​ការចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ ពីព្រោះ​តែ​លោក​ត្រូវ​តុលាការ​ផ្តន្ទាទោស​ក្នុង​រឿង​ដក​បង្គោល​ព្រំដែន​។​

ដោយ៖ មិនា
ប្រភព៖ សរុប