CamNews

ប្រធានគណបក្ស​​សិទ្ធិ​​មនុស្សថាខ្លួនទទួលជោគជ័យ ក្នុងការបោះឆ្នោតឃុំ សង្កាត់

ប្រធានគណបក្ស​​សិទ្ធិ​​មនុស្ស លោក កិម សុខា កាលពីម្សិលមិញ បាន​​ប្រ​កាស​ថា លទ្ធផលក្រៅ
ផ្លូវការ គណបក្សរបស់លោក ដណ្ដើមបានកៅអីមេឃុំចំនួន ១៨ ​នៅក្នុង​ខេត្តចំនួន​បី គឺ​ខេត្ត​​ព្រៃ​វែងខេត្ត​​កំពត​​ និង​​​ខេត្ត​កំ​ពង់​​ចាម។

លោក កិម សុខា បានប្រកាសដូចខាងលើ នៅក្នុងសន្និសីទកាសែតមួយដែលត្រូវបានធ្វើឡើយ
បន្ទាប់ពីបានដឹងថា គណបក្សរបស់លោក បានឈ្មះឆ្នោតគួរអោយកត់សម្គាល់។ នៅក្នុងសន្និ
សីទកាសែតនេះដែរ លោក កិម សុខា បានថ្លែងថា កៅអីមេឃុំចំនួន ១៨ ដែលខ្លួនដណ្ដើមបាន
ដើមឡើយគឺសុទ្ធតែជារបស់គណបក្សប្រជាជនកម្ពុជា។ លោកបានថ្លែងថា ៖ "គណបក្សសិទ្ធិ
មនុស្សនឹងបញ្ជូនមេឃុំរបស់ខ្លួន អោយទៅធ្វើទស្សនកិច្ចសិក្សា នៅបរទេស ដែលមាន ដូចជា
អាមេរិក អូស្ដ្រាលី និងបារាំងជាដើម ដើម្បីស្វែងយល់ពីការគ្រប់គ្រងឃុំ សង្កាត់របស់ពួកគេ"
ហើយនោះគឺជាការឆ្លើយតបទៅនឹងការសន្យារបស់គណបក្សនេះ។

ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងសន្និសីទនោះ ប្រធានគណបក្សសិទ្ធិមនុស្ស
លោក កិម សុខា បានអំពាវនាវអោយមេដឹកនាំ គ.ជ.ប លាលែងចេញពីតំណែងដោយសារតែ
គណបក្សនេះយល់ថា​ ប្រធាន គ.ជ.ប អសមត្ថភាព។ល។

​លទ្ធ​ផល​បណ្តោះ​អាសន្ន​​​នៃការរាប់សន្លឹកឆ្នោត បានបង្ហាញថា គណបក្ស​សិទ្ធិ​​មនុស្ស បានទទួល
ជោគជ័យយ៉ាងច្រើន​​​​នៅ​ខេត្ត​ព្រៃ​វែង ដោយគណ​បក្ស​​នេះ ដណ្ដើមបានកៅអី​មេឃុំ ចំនួន ​១០​ឃុំ​គឺ​នៅស្រុក​ពាមជរ មាន​​ឃុំ​​ចំនួន​​បី ​គឺ​​ឃុំ​កំពង់​​ប្រាសាទ ព្រែក​​សំបូង ឫស្សី​​ស្រុក, ស្រុក​​ពោធិ៍​រៀង
មាន​​ពីរ​​ឃុំ គឺ​​ឃុំ​​កំពង់​​ឫស្សី និង​​ឃុំ​ព្រែ​ក​​តាសរ, និង​ស្រុក​ស៊ីធ​រ​កណ្តាល​​មាន​​៥​ឃុំ គឺ​ឃុំ​ល្វេ ឃុំ​ព្នៅ​ទី២ ឃុំ​ព្រែក​​ចង្ក្រាន ឃុំ​ព្រៃ​​ដើម​ថ្នឹង​ និង​ឃុំ​ឫស្សី​សាញ់។

ខេត្តទីពីរដែលគណបក្សសិទ្ធិមនុស្សទទួលបានការគាំទ្រច្រើន នោះគឺខេត្តកំពង់ចាម ដោយ
គណបក្ស​នេះបាន​ឈ្នះ​ជា​មេឃុំ ចំនួន​៧​ឃុំ។ ចំណែកខេត្តកំពត គណបក្សសិទ្ធិមនុស្សក៏
ទទួលបានកៅអីមេឃុំចំនួន ១ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់អណត្តិនេះ គណបក្សប្រជាជន
កម្ពុជា គឺជាអ្នកឈ្នះភាគច្រើន គឺប្រមាណជាជាង ៧០ភាគរយ៕

ដោយ ៖ សូរីយ៉ា


Tags: party human right vote election