CamNews

ព័ត៌មានអន្តរជាតិ 

Obama ថា «គូប្រជែងដូចជា​រុស្ស៊ី​និងចិន មិនអាចប្រៀបធៀប​​នឹងឥទ្ធិពល របស់​សហរដ្ឋ​អាមេរិក​បានឡើយ»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានទទួល​ស្គាល់ពី​បរាជ័យ នៃ​នយោបាយ​ការបរទេស​មួយ​ចំនួនរបស់​លោក​ជា​ពិសេសគឺសង្រ្គាម​ស៊ីរីតែម្ដង ប៉ុន្តែព្រមពេលជាមួយគ្នា លោក អូបាម៉ា នៅតែអះអាងថា​សហរដ្ឋអាមេរិកគឺ​ជាមហាអំណាចលេខ១ នៅលើពិភពលោក​ហើយ​គូប្រជែង​ដូចជាចិននិងរុស្ស៊ី គ្មាន​សមត្ថភាពអ្វីមកប្រកួតប្រជែងនឹងសហរដ្ឋអាមេរិកបាននោះឡើយ។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ​២០១៧។

ការលើកឡើងរបស់​លោក អូបាម៉ា ដូចខាងលើនេះ​ធ្វើឡើងនៅក្នុងឱកាស​ថ្លែងសុន្ទរកថា​ជាលើកចុងក្រោយ នៅថ្ងៃអង្គារ​ម្សិលមិញ​នៅឯទីក្រុង Chicago។ លោក អូបាម៉ា កត់សម្គាល់​ដូច្នេះថា «គូប្រជែងដូចជា​រុស្ស៊ី ឬមួយ​ក៏ចិន​មិនអាចប្រៀបធៀប​នឹងឥទ្ធិពល​របស់​សហរដ្ឋអាមេរិក នៅទូទាំង​ពិភពលោក​បានឡើយ (...) ត្បិតយើង​​មិនដែលបោះបង់​ចោលអ្វី​ដែលយើង​ត្រូវការពា​រនោះទេ ហើយយើង​ក៏មិនមែន​ត្រឹមតែជាប្រទេស​​មហាអំណាច​ចូលចិត្ត​ដើរគំរាម​ប្រទេសតូចៗ​នោះដែរ»។ លោក អូបាម៉ា បន្ថែមថា «បើសិន​ជា​ការគោរព​នីតិរដ្ឋ​នៅតែបន្តធ្លាក់ចុះ ខណៈលទ្ធភាពសង្រ្គាម​រវាងប្រទេស​និងប្រទេស​មានការកើនឡើង​នោះប្រាកដ​ណាស់​ថា វាគឺជាការគំរាមកំហែង​ដល់សេរីភាព​របស់​សហរដ្ឋ​អាមេរិក»

គួរបញ្ជាក់ថា នៅក្រោម​រដ្ឋបាល​លោក អូបាម៉ា ទំនាក់ទំនង​រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានទទួលរងនូវ​ភាពតាន​តឹង​យ៉ាងខ្លំាង​ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើការចោទប្រកាន់ក៏ដូចជា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ទីក្រុងមូស្គូ សម្រាប់ការលូកដៃចូលក្នុងជម្លោះ​នៅភាគខាងកើត​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ២០១៤ ហើយជាងនេះ​ទៅទៀត​កាលពីពេលថ្មីៗនេះ លោក អូបាម៉ា ក៏បានសម្រេចចិត្ត បណ្ដេញ​មន្ត្រីទូត​រុស្ស៊ី​ ៣៥នាក់​ចេញ​ពី​សហរដ្ឋអាមេរិក​ផងដែរ ដោយសារ​តែ​រឿង​ជ្រៀតជ្រែត​ចូលក្នុងកិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក បើទោះបីជារុស្ស៊ីបានបដិសេធ​ជាច្រើន​ដងហើយក៏ដោយ៕



Tags: Obama US Japan Tokyo Hiroshima