ព័ត៌មានអន្តរជាតិ ៖ មន្រ្តីជើងទឹក ប្រទេស អ៊ីតាលី គូសបញ្ជាក់អោយដឹងថា ក្រុមការងាររបស់ខ្លួន បានស្រង់ត្រលប់មកវិញ នូវសពខ្មោច ២១៧ នាក់ហើយ ពីក្នុងនាវាដឹកជនអន្តោប្រវេសន៍ ដែលបាន លិចនៅឈូងសមុទ្រ ប្រទេស ល៊ីប៊ី កាលពីឆ្នាំ ២០១៥ ដែលគ្រោះសោកនាដកម្ម លើកនោះ គឺនាំមកនូវការព្រួយបារម្ភជាខ្លាំង ពីសហភាពអឹរ៉ុបដោយបន្តការយកចិត្តទុកដាក់ទៅប្រតិបត្តិការជួយសង្គ្រោះ ជនអន្តោប្រវេសន៍ ពីសមុទ្រ Mediterranean ។
គួរបញ្ជាក់ថា អាជ្ញាធរ ប្រទេស អ៊ីតាលី បានស្រង់ខ្មោចកាប៉ាល់ ចេញពីបាតសមុទ្រកាលពីសប្តាហ៍ មុន ក្រោយលិចអស់រយៈពេលជាង ១ឆ្នាំមកហើយ។ បច្ចុប្បន្នភាព ក្រុមការងារ កំពុងតែចេញប្រតិបត្តិ ការស្រង់ត្រលប់មកវិញសពខ្មោច ពីក្នុងការនាវា ។ សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ ព្រហស្បត្តិ៍ ម្សិល មិញនេះឲ្យដឹងថា ក្រុមការងារជំនាញ ៥២នាក់ បានស្រង់ត្រលប់មកវិញ សពខ្មោច បានចំនួន ២១៧ នាក់ហើយ ។ ប្រភពបន្តអោយដឹងថា បើយោងតាមសម្តី សាក្សីរស់ទាំង ២៨នាក់ ដែលជាជនអន្តោ ប្រវេសន៍មានឱកាសរស់រាន ពីការលិចនាវាខាងលើ កាលពីឆ្នាំមុន ថ្ងៃទី ១៨ មេសា ២០១៥ នោះ ឲ្យ ដឹងថា នាវាដែលបានលិចនោះ គឺផ្ទុកអ្នកដំណើរជនអន្តោប្រវេសន៍ សរុបពី ៧០០-៨០០នាក់ ដែលជា ហេតុនាំឲ្យអាជ្ញាធរសម្រេចបានថា ការលិចនាវា ដឹកជនអន្តោប្រវេសន៍លើកនេះ គឺជាសោកនាដកម្ម នៃវិបត្តិជនអន្តោប្រវេសន៍ តំបន់ សមុទ្រ Mediterranean ដ៏អាក្រក់បំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត ។
មកទល់នឹងបច្ចុប្បន្នភាព សាកសពជនអន្តោប្រវេសន៍ ២១៧នាក់ ត្រូវបានស្រង់ត្រលប់មកវិញ ខណៈអាជ្ញាធរលើកឡើងអោយដឹងថា អាចនៅសាកសពប្រមាណ ៣០០នាក់ទៀត ដែលពុំទាន់ស្រង់ ត្រលប់មកវិញ បើយោងតាមការវិភាគ ក្រោយមើលឃើញជាក់ស្តែង តួធំ របស់នាវា ដែលបានលិច៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ