(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចផ្លូវការរបស់ Keisuke HONDA មកកាន់ប្រទេសកម្ពុជា បានបញ្ចប់ហើយ ប៉ុន្ដែកីឡាករជម្រើសជាតិ ជប៉ុនរូបនេះ បានសម្លឹងឃើញភាពរីកចម្រើនជាច្រើន នៃវិស័យបាល់ទាត់កម្ពុជា តែស្ថិតក្នុងកម្រិតមួយនៅឡើយ ។ ហេតុនេះកម្ពុជាចាំបាច់ត្រូវខិតខំអភិវឌ្ឍន៍បន្ថែមទៀត ទើបបាល់ទាត់អាចរីកចម្រើនខ្លាំងជាងនេះ ពោលគឺយ៉ាងហោចណាស់ក៏ប្រើពេល ១០ឆ្នាំទៀតដែរ ។
ការថ្លែងរបស់ខ្សែប្រយុទ្ធក្លឹប AC Milan រូបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន អំឡុងពេលទស្សនកិច្ចនៅវិទ្យាល័យ ឥន្ទ្រទេវីម្សិលមិញ ។ Keisuke HONDA បាននិយាយថា «ជប៉ុន ចូលប្រកួត World Cup លើកដំបូង នៅឆ្នាំ១៩៩៨ គឺជិត ២០ឆ្នាំមកហើយ ប៉ុន្ដែខ្ញុំក៏មិនធ្លាប់ស្រម៉ៃដែរ ។ ដូច្នេះប្រសិនបើថ្នាក់ដឹកនាំ និងកីឡាករកម្ពុជាបន្ដការខិតខំកាន់តែខ្លាំង ខ្ញុំអាចនិយាយបានថា ១០ឆ្នាំទៀត នឹងរីកចម្រើនខ្លាំងដែរ» ។
ជុំវិញការលើកឡើងនេះដែរ គឺស្របពេល Keisuke HONDA មកសិក្សាគម្រោងបើកសាលាបាល់ទាត់ក្នុងប្រទេសកម្ពុជា ដើម្បីបណ្ដុះបណ្ដាលក្មេងៗនៅទីនេះ ឲ្យមានសមត្ថភាព និងមានបច្ចេកទេសលេងបាល់ស្របតាមស្ដង់ដាកីឡាករអាជីព ដែលអាចប្រកបអាជីពជាមួយក្លឹបនៅតំបន់អឺរ៉ុបបាន ។ លើសពីនេះ HONDA ក៏នឹងផ្ដល់បទពិសោធន៍ដល់កីឡាករកម្ពុជា ដែលកំពុងមានភាពខ្វះខាតផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង