CamNews

កីឡាជាតិ 

តារាបាល់ទាត់ពិភពលោក Honda មកជាន់ដីកម្ពុជាលើកទី២, ក្រោយជួបនាយឧត្តមសេនីយ៍ សៅ សុខា នឹងបន្តជួបជាមួយ...

(ភ្នំពេញ)៖ តារាបាល់ទាត់លំដាប់ពិភពលោក Keisuke Honda ខ្សែប្រយុទ្ធដ៏ឆ្នើមនៃក្រុមសាំម៉ូរ៉ៃជប៉ុន និងបច្ចុប្បន្នលេងឲ្យក្លឹប AC Milan របស់ប្រទេសអីុតាលីនោះ បានមកជាន់ទឹកដីកម្ពុជា ជាលើកទី២ហើយនៅពេលនេះ។

លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់ បានប្រាប់អង្គភាព Fresh News ថា  Keisuke Honda បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃរសៀលម្សិលមិញ ហើយនៅយប់ថ្ងៃនេះលោក បាននិងកំពុងជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ នៅហាង សាំបាលើការជំរុញអភិវឌ្ឍន៍​វិស័យកីឡាបាល់ទាត់ នៅកម្ពុជាកាន់តែរីកចំរើនខ្លាំងឡើង ដោយសារតែកីឡាករលំដាប់​ពិភពលោកម្នាក់នេះ​បានប្តេជ្ញាមកបណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយ។

បើតាមលោក ខៀវ សាម៉េត នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក  Keisuke Honda ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឲ្យចូលជួបពិភាក្សាការងារផងដែរ។

មន្រ្តីសហព័ន្ធបាល់ទាត់ ធ្លាប់បានបញ្ជាក់ថា តារាបាល់ទាត់លំដាប់ពិភពលោក Keisuke Honda រូបនេះ គ្រោងនឹងមកធ្វើកម្មវិធី Soccer Camp នៅទីក្រុងភ្នំពេញ ដើម្បីចែក​រំលែក​បទពិសោធន៍បាល់ទាត់ដល់កុមារកម្ពុជា ដែលកម្មវិធីនោះមានឈ្មោះថា «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP»។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលខ្សែបម្រើប្រយុទ្ធកំពុងប្រកបអាជីពនៅលីគកំពូលអ៊ីតាលីជាមួយក្លឹប AC Milan លោក Keisuke Honda មកទស្សនកិច្ចផ្លូវការ​នៅកម្ពុជា គ្រាដែលលើកទី១ គឺមកសិក្សាពីគម្រោងបង្កើតសាលាបាល់ទាត់នៅកម្ពុជា ហើយបច្ចុប្បន្នសាលានោះ បានបើកដំណើរជាផ្លូវការហើយដែរ ដែលមានឈ្មោះថា «SOLTILO FAMILIA Soccer School» មានទីតាំងនៅទីលាន RooY7 និងទីលាន 3G។

លោក ខៀវ សាម៉េត បានបញ្ជាក់ថា លោក Keisuke Honda នឹងត្រឡប់ទៅវិញ នៅយប់ថ្ងៃស្អែក។

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 

Tags: Honda