(ភ្នំពេញ)៖ លោក ប៉ែន ចំរ៉ុង ពិធីករល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ និងជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព បានព្យាយាមលាក់បាំងរឿងរ៉ាវប្រេះឆា ជាមួយភរិយា គឺអ្នកស្រី ភិន សុដាលីស ជាពិសេសបណ្ដឹងលែងលះគ្នា នៅពេលនេះ ដោយពុំរៀបរាប់លម្អិតថា អ្វីដែលជាដើមចម ឈានដល់ការដាក់ពាក្យ បណ្ដឹងសុំលែងលះ ចូលតុលាការ នោះទេ ។ ជាមួយគ្នានេះ អ្នកនាង ភិន សុដាលីស ក៏បានគេចវេសពីអ្នកការសែត នៅពេលព្យាយាមចោទសួរដូចគ្នា នេះដែរ ។
ដូចអ្វីដែលបានគ្រោងទុក តារាសម្ដែង ប៉ែន ចំរ៉ុង បានចូលខ្លួនមកបំភ្លឺ នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ តាមពាក្យបណ្ដឹង របស់ខ្លួនដែលបានប្ដឹងសុំ លែងលះប្រពន្ធ គឺអ្នកនាង ភិន សុដាលីស កាលពីអំឡុងមុន ពិធីបុណ្យចូលឆ្នាំថ្មី ។ ជាមួយគ្នានេះ តារាសម្ដែងល្បីឈ្មោះ កំពុងតែត្រៀមខ្លួន ក្លាយជាស្រ្តីមេម៉ាយ ទាំងក្មេងវ័យ អ្នកនាង ភិន សុដាលីស ក៏បានចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ តាមការកោះអញ្ជើញ របស់មន្រ្តីតុលាការដែរ នៅព្រឹកជាមួយគ្នានេះ ដើម្បីឆ្លើយបំភ្លឺជុំវិញបណ្ដឹង សុំលែងលះ របស់លោកប្ដីហេងស៊យ គឺលោក ប៉ែន ចំរ៉ុង ។
ពេលកំពុងសាកសួរ និងក្រោយពីសាកសួរចប់ គេបានសង្កេតឃើញថា មានអ្នកកាសែតកំពុងតែ ឈរចាំឲ្យរហង់ នៅខាងមុខទ្វារ និងនៅចំហៀង នៃសាលាដំបូងរាជធានៅភ្នំពេញ ដើម្បីផ្ដិតយករូបភាព និងធ្វើការសាកសួរដោយផ្ទាល់ ពីសំណាក់តារាសម្ដែង ទាំងពីរដួងនេះ ។ ប៉ុន្តែសម្រាប់តារាសម្ដែង ភិន សុដាលីស គ្រាន់តែឃើញអ្នកកាសែតចាំសួរ និងថតរូបនាងផងនោះ បានធ្វើឲ្យនាង ហាក់ភិតភ័យឈររេរា មិនចង់ចេញពីក្នុងសាលាដំបូងឡើយ។ ខណៈដែលតារាសម្ដែង មានឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង បានចេញតាមទ្វារក្រោយ អមដោយលោកមេធាវីម្នាក់ និងបងប្រុសរបស់លោក គឺលោក ប៉ែន រស់។
ក្រោយការសាកសួរ ប្រមាណជាង២ម៉ោងរួចមក លោក ប៉ែន ចំរ៉ុង បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ថា លោកចូលមកតុលាការពេលនេះ គឺដើម្បីប្តឹងសុំលែងលះភរិយា គឺ អ្នកស្រី ភិន សុដាលីស ហើយលោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែងហើយ លោកគ្មានអ្វីដែលត្រូវនិយាយទៀតទេ។ នាពេលខាងមុខ តុលាការនឹងកោះហៅរូបលោក ឲ្យចូលតុលាការម្ដងទៀត តែពុំដឹងថ្ងៃណាប្រាកដនោះទេ ។
ពេលចេញពីតុលាការ ភិន សុដាលីស បានធ្វើដំណើរចូល ក្នុងឡានយ៉ាងលឿន ជាមួយនឹងទឹកមុខស្រងូតស្រងាត់ ដោយមិនបាននិយាយស្ដី ឬផ្ដល់បទសម្ភាសន៍អ្វី ដល់អ្នកកាសែតនោះទេ ។
ជាមួយគ្នានេះ មន្ត្រីតុលាការ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នបណ្តឹងសុំលែងលះនេះ គឺស្ថិតក្រោមចំណាត់ការ របស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា មុខនឹងចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ តាមការកោះហៅនេះ អ្នកនាង ភិន សុដាលីស បានបញ្ចេញប្រាប់ ពីអារម្មណ៍ឈឺចាប់ ឲ្យមហាជនបានដឹង បន្ទាប់ពីរឿងនេះ បានបែកធ្លាយជាង១ខែមកហើយ ។ ជាមួយគ្នានឹងការបញ្ចេញ អារម្មណ៍ឈឺចាប់គួរឲ្យអាណិតនេះ ភិន សុដាលីស ក៏បានសារភាពថា នាងកំពុងមានកូនក្នុងផ្ទៃ ហើយរំពឹងថា ភាពឈឺចាប់នេះ នឹងរសាត់អណ្ដែតចេញពីនាង តាមពេលវេលា ក្នុងពេលឆាប់ៗនេះ។
ក្នុងសារដែល ភិន សុដាលីស បង្ហាញឲ្យមហាជនដឹង ជាលើកដំបូង នៅពេលនេះ នាងបានសរសេរថា «សុំទោសចំពោះការបាត់មុខ តែយ៉ាងណាក៏ដោយ ក៏អរគុណចំពោះការតេ និងផ្ញើរសារលើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់ ។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាចធ្វើការឆ្លើយតប ឬចូលអានភ្លាមៗនៅពេលនោះ ។ អ្នកខ្លះក៏បានធ្វើការតបត ទៅលើ comments និង share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ឲ្យខ្ញុំរឹងមាំ និងអរគុណចំពោះការស្រឡាញ់ មកលើកូនរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ឯកា!» ។
ស្រីស្រស់ ភិន សុដាលីស បានសសេរបន្តទៀតថា «វាពិតជាគ្រប់គ្រាន់ណាស់ហើយ សម្រាប់ខ្ញុំ ដែលខ្ញុំ និង កូនខ្ញុំត្រូវបានគេស្រឡាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រឡាញ់មួយនេះ ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើឲ្យការឈឺចាប់មួយនេះ ជាសះស្បើយ »៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង