ភ្នំពេញ៖ ក្រុមផលិតករ ខ្សែភាពយន្ត មកពីផលិតកម្មធំៗ បានជួបជុំគ្នា ស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈម ក្នុងការផលិតភាពយន្តខ្មែរ និងស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យព្យួរពន្ធ១០% និងត្រៀមបង្កើត សមាគមផលិតករភាពយន្តថ្មី ដើម្បីរិះរកយុទ្ធសាស្រ្តល្អៗ ដោះស្រាយបញ្ហា ប្រឈមនានា ដែលផលិតករ កំពុងជួបប្រទះនូវការលំបាក ពេលផលិតរឿងម្ដងៗ។
ក្រុមផលិតករ ភាពយន្ត ដែលបានធ្វើការជួបប្រជុំគ្នា នៅឯទីតាំងរបស់ ផលិតកម្ម LD Picture ក្នុងបុរី លឹម ឈៀងហាក់ កាលពីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ដែលមានលោក លៀក លីដា ជាចាងហ្វាង ផលិតកម្ម LD Picture និងជាអ្នកផ្ដួចផ្ដើមគំនិត ឲ្យមានការជជែកវែកញែកនេះឡើង គឺគេសង្កេតឃើញ មានវត្តមានលោក ប៉ុល វិបូ ហៅ នីត ចាងហ្វាងផលិតកម្ម Angkor Picture ,លោក ដើង ពុទ្ធពណ៌ ចាងហ្វាងផលិតកម្ម ភូមិពេជ្រភាពយន្ត ,លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស ,លោក សុខ វិសាល ចាងហ្វាងផលិតកម្ម 391 និងតំណាងផលិតកម្មរ៉ក់ ចូលរួមផងដែរ ។
ក្នុងជំនួបលើកដំបូង របស់ក្រុមផលិតករ ភាពយន្ត ដើម្បីស្វះស្វែងរកការដោះ ស្រាយឲ្យមានភាពល្អ ប្រសើរឡើង ក្នុងវិស័យភាពយន្តខ្មែរ នៅពេលនេះ គឺបន្ទាប់ពីផលិតកម្មទាំងនោះ បានជួបប្រទះនូវបញ្ហា លំបាកជាច្រើន ក្នុងការថតភាពយន្ត ដូចជាភាពលំបាក ក្នុងការស្នើ សុំទីតាំងថត ក្រសួងវប្បធម៌ យកពន្ធច្រើន(១០%) នៃប្រាក់ចំណេញ ក្នុងរឿងនីមួយៗ ការមិនជួយជ្រោមជ្រែង របស់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់គ្រងទីសាធារណៈ ជាពិសេសក្រសួងវប្បធម៌ និងការចែកភាគរយស្មើគ្នា រវាងរោងភាពយន្ត និងផលិតករ ជាដើម ។
ដោយសារតែបញ្ហាទាំងនេះ ជាចំណុចរាំងស្ទះ ដល់ដំណើរការ ផលិតភាពយន្ត និងធ្វើឲ្យផលិតករខ្លះ ត្រូវក្ស័យធន បិទទ្វារផលិតកម្ម ផលិតករបាក់ទឹកចិត្ត ជាដើម ទើបបង្កើតឲ្យមាន ជាកិច្ចប្រជុំនេះឡើង ដើម្បីឲ្យអ្នកពាក់ព័ន្ធ ក្នុងវិស័យសិល្បៈទាំងអស់ ត្រូវចូលរួម ជួយលើកស្ទួយ អភិវឌ្ឍន៍ភាពយន្តខ្មែរ ឲ្យមានគុណភាពល្អ បង្កើនការផលិតឲ្យកាន់តែច្រើន ខណៈដែលភាពយន្តបរទេស នៅពេលបច្ចុប្បន្ននេះ កំពុងតែវាយលុកខ្លាំង គួរព្រួយបារម្ភ ជាទីបំផុត ។
បន្ទាប់ពីភាគី ផលិតខ្សែភាពយន្តធំៗ ទាំង៦ បានជួបគ្នារួចរាល់ ក្រុមផលិតករ បានស្រុះស្រួលគ្នា សរសេរលិខិត និងប្រមូលស្នាមមេដៃ អ្នកសិល្បៈទាំងអស់ ស្នើសុំទៅរដ្ឋាភិបាល ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិចារណាលើការព្យួរពន្ធ១០% ដែលជាបញ្ហា ប្រឈមធ្ងន់ធ្ងរ សម្រាប់ វិស័យផលិត ខ្សែភាពយន្តខ្មែរ ខណៈដែលសព្វថ្ងៃ ផលិតករទាំងអស់ សុទ្ធតែបានទទួល ស្គាល់ថា ចំណូលពីវិស័យភាពយន្ត គឺនៅមានកម្រិត តិចតួចនៅឡើយ ដោយសារទីផ្សារកម្ពុជានៅតូច ។ ម្យ៉ាងទៀត រោងភាពយន្ត ក៏មាននៅតែទីក្រុងភ្នំពេញ ហើយនៅតាមបណ្តាខេត្តវិញ គឺមិនទាន់មាន រោងកុន ជាក់លាក់ និងកន្លែងសមរម្យ សម្រាប់ ដាក់បញ្ចាំងឡើយ។
ក្រុមផលិតករ បានលើកឡើងថា បើសិនជាខ្សែភាពយន្ត របស់យើងស្ថិត នៅក្នុងចំណូលទាប ហើយតម្រូវ ឲ្យបង់ពន្ធ១០% ជូនរដ្ឋាភិបាល ពីលើនេះទៀតនោះ គឺជារឿងមួយ ដែលមិនមាន អំណោយផលល្អ សម្រាប់ការផលិត ខ្សែភាពយន្ត ឲ្យមាននិរន្តរភាពល្អ បន្តទៀតនោះទេ ។ ដូច្នេះបានយើងរៀបចំ កិច្ចប្រជុំនេះឡើង ដើម្បីឲ្យផលិតករ ទំាងអស់ ពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ យ៉ាងណា ស្នើសុំទៅរដ្ឋាភិបាល ក្នុងការពន្យាពន្ធ១០%នេះសិន ពីព្រោះថា ពន្ធ១០% នេះមានប្រយោជន៍ ធំធេង សម្រាប់ធ្វើជាទុនបន្ថែម ដើម្បីយកទៅជួយ និងពង្រឹង លើការផលិតខ្សែភាពយន្ត ក៏ដូចជាការរក្សាគុណភាពយន្តខ្មែរ ឲ្យប្រសើឡើង។
ការផលិតខ្សែភាពយន្តបានល្អ គឺអាស្រ័យទៅលើចំណូល! កាលណាចំណូលមានតិច តើយើងអាចជំរុញ ការផលិតខ្សែភាពយន្ត និងគុណភាព ខ្សែភាពយន្ត ឲ្យបានល្អយ៉ាងម៉េច? បើការចំណាយ ទៅលើការផលិតខ្សែ ភាពយន្តនីមួយៗ មានការចំណាយច្រើន ហើយបែរជាចំណូល បានតិចនោះ យើងនឹងត្រូវមានការខាតបង់ច្រើន ។ ទាំងអស់នេះហើយ ដែលជាបញ្ហា ប្រឈមធ្ងន់ធ្ងរ លើវិស័យខ្សែភាពយន្តខ្មែរ។ យ៉ាងណាមិញ ក្រុមផលិតករ បានសំណូមពរ ទៅរដ្ឋាភិបាល ឲ្យជួយពិចារណាឡើងវិញ ពីការព្យួរពន្ធ១០% នេះសិន ដោយសារកម្ពុជា នៅមិនទាន់មាន ជំហររឹងមាំនៅឡើយទេ ។ ទីផ្សារ ខ្សែភាពយន្តនៅកម្ពុជា នៅមានកម្រិតទាប នៅឡើយ គូបផ្សំ ទាំងខ្សែភាពយន្តបរទេស កំពុងវាយលុក ទីផ្សារកម្ពុជា កាន់តែខ្លាំង ។
យ៉ាងណាមិញ ក្រោយពីកិច្ចពិភាក្សានេះ ក្រុមផលិតករ បានសម្រេច ធ្វើការជ្រើសរើស យកពេលវេលាណាមួយ ដើម្បីជួបប្រជុំគ្នាម្ដងទៀត ដោយមានលក្ខណៈធំជាងនេះ ជាមួយអ្នកពាក់ព័ន្ធ ទាំងអស់ និងម្ចាស់ផលិតកម្ម ទូទាំងប្រទេស ជាពិសេស មន្ត្រីក្រសួងវប្បធម៌ ដើម្បីរកដំណោះស្រាយបន្ត ឲ្យបានឆាប់រហ័ស និងទៅតាមអ្វី ដែលអាចធ្វើបាន ប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ក្នុងន័យបង្ក ភាពងាយស្រួលដល់ផលិតករខ្មែរ ។ ក្រុមផលិតករ ក៏នឹងត្រៀមជ្រើសរើស រកប្រធានសមាគម ផលិតករភាពយន្តថ្មីមួយ ដើម្បីធ្វើការងារនេះ យ៉ាងជិតស្និទ្ធជាមួយ ក្រសួងវប្បធម៌ ប្រកបដោយការជឿទុកចិត្ត និងមានវិសាលភាព ទូលំទូលាយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល