(តិចសាស់)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់សហរដ្ឋអាមេរិក United Airlines បានធ្វើការចុះចតយ៉ាងបន្ទាន់នៅអាកាសយានដ្ឋាននៃទីក្រុង San Antonio រដ្ឋតិចសាស់ ភាគខាងត្បូងអាមេរិកដោយសារតែជួបបញ្ហាដាច់ហ្វ្រាំងនៅកង់ផ្នែកខាងមុខ ប៉ុន្តែសំណាងល្អដែលវាមិនបានបង្ករបួស ឬក៏គ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
យន្តហោះខាងលើនេះមានជើងហោះហើរ United Flight 494 ដឹកអ្នកដំណើរសរុប ៥៥នាក់ ត្រូវបានបង្ខំចិត្តចុះចតខណៈដែលមានបញ្ហាប្រព័ន្ធហ្វ្រាំងកង់មុខ ប៉ុន្តែខាងផ្នែកគ្រប់គ្រងអាកាសយានដ្ឋានខាងលើនេះបានអះអាងថា វាត្រូវបានបញ្ជាឲ្យចុះចតដោយសុវត្ថិភាព។ ដោយឡែកផ្លូវចុះចតរបស់យន្តហោះត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីរង់ចាំការពិនិត្យឡើងវិញដោយក្រុមជំនាញ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី