អ្នកវិទ្យាសាស្ដ្រ ទំនងជាបោះជំហានកាន់តែកៀក ក្នុងការលាតត្រដាងអាថ៌កំបាំងជុំវិញសេចក្ដីស្លាប់ និងអព្ភូតហេតុ ដែលនឹងកើតឡើងក្រោយការស្លាប់។ ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ខួរក្បាលរបស់មនុស្សនៅតែសកម្ម បន្ទាប់ពីចង្វាក់បេះដូងឈប់លោត ដូច្នេះអ្នកជំងឺភាគ ច្រើន អាចដឹងថា ខ្លួនស្លាប់បាត់បង់ជីវិត។
អ្នកស្រាវជ្រាវមកពីដឺប៉ាតឺម៉ង់វេជ្ជសាស្ត្រ Langone នៃសាកលវិទ្យាល័យញូវយ៉ក កំពុងធ្វើការសិក្សាដើម្បីស្វែងយល់ពីរបៀប ដែលខួរក្បាលដំណើរការ បន្ទាប់ពីស្លាប់។
ដើម្បីធ្វើដូច្នេះបាន ពួកគេបានពិសោធលើអ្នកជំងឺ ដែលទទួលរងអាការៈសាច់ដុំបេះដូងឈប់កន្រ្ដាក់ ប៉ុន្ដែត្រូវក្រុមអ្នកស្រាវជ្រាវ ជួយសង្រ្គោះឱ្យដើរឡើងវិញ។ អ្នកវិទ្យាសាស្ត្រ បានកត់សម្គាល់ថា អ្នកជំងឺអាចកំណត់បានថាស្លាប់ នៅពេលដែលបេះដូងឈប់ដើរ ហើយឈាមឈប់ហូរទៅកាន់ខួរក្បាល។
ក្នុងអំឡុងពេលនៃការវាយតម្លៃ អ្នកជំងឺជាច្រើនអាចរំលឹកឡើងវិញនូវការសន្ទនា និងរូបភាពក្នុងចក្ខុវិញ្ញាណ ហើយក្នុងករណីខ្លះ អ្នកចូលរួមបានរាយការណ៍ថា ពួកគេបានស្ដាប់លឺ គ្រូពេទ្យប្រកាសពីការស្លាប់របស់ខ្លួន។
អ្នកដឹកនាំការស្រាវជ្រាវលោក Sam Parnia បាននិយាយប្រាប់គេហទំព័រ Live Science ថា៖ "អ្នកចូលរួម នឹងពណ៌នាពីការមើលឃើញគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលកំពុងធ្វើការ ហើយពួកគេនឹងរៀបរាប់ពីការដឹងអំពីការសន្ទនាពេញលេញ និងដឹងពីចក្ខុវិញ្ញាណ ដែលកំពុងកើតឡើង។
អ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រឿងរ៉ាវរបស់អ្នកជំងឺ ជាមួយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលមានវត្តមាននៅពេលស្លាប់ ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការស្តាប់លឺនូវអ្វី ដែលអ្នកទាំងនោះចងចាំ។
ហេតុអ្វីខួរក្បាលនៅតែមានសកម្មភាព បន្ទាប់ពីស្លាប់?
ខួរក្បាលស្លាប់ គឺជាដំណើរការមួយ។ វាត្រូវប្រើពេលរហូតដល់ ២០ វិនាទី មុនពេលរលកខួរក្បាលលែងចាប់សញ្ញាបានបន្ដទៅទៀត។ នៅពេលខួរក្បាលលែងចាប់សញ្ញាបាន សំណុំនៃដំណើរការកោសិកាខួរក្បាល ក៏កើតឡើង ដែលនៅទីបំផុត បណ្ដាលឱ្យខួរក្បាលស្លាប់តែម្ដង។ លោក Parnia បាននិយាយថា ហើយបញ្ហានេះ អាចកើតឡើងរាប់ម៉ោង បន្ទាប់ពីបេះដូងឈប់លោត។
ប្រសិនបើអ្នកត្រៀមនឹងចាប់ផ្តើមធ្វើចលនាបេះដូងឱ្យដើរឡើងវិញ ដោយប្រើវិធីធ្វើចលនាបេះដូង CPR នោះអ្នកនឹងចាប់ផ្តើមធ្វើឱ្យខួរក្បាលដំណើរការឡើងវិញបន្តិចម្តង ៗ។ អ្នកធ្វើចលនាបេះដូង CPR កាន់តែយូរប៉ុនណា កោសិកាខួរក្បាល ដែលហៀបនឹងស្លាប់នោះ ក៏នៅតែកើតមានឡើងប៉ុណ្ណោះដែរ តែកើតឡើងក្នុងកម្រិតយឺតៗ ខុសពីធម្មតា "។
ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងពង្រីកការពិសោធន៍របស់ខ្លួន ដែលនឹងក្លាយជាការពិសោធដ៏ធំបំផុត ដើម្បីស៊ើបអង្កេតពីការកើតឡើងនូវអភិញ្ញាណ បន្ទាប់ពីការស្លាប់ និងពិសោធឱ្យដឹងថាតើ ញាណនេះ អាចប៉ះពាល់ដល់ជីវិតនៅសល់របស់មនុស្ស ឬទេ ប្រសិនបើពួកគេ អាចត្រូវបានជួយសង្រ្គោះឱ្យរស់ឡើងវិញ។
លោក Parnia បាននិយាយថា៖ "តាមរបៀបដូចគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវមួយក្រុម ទំនងជាកំពុងសិក្សាអំពីគុណភាពនៃបទពិសោធន៍របស់មនុស្សលើ"សេចក្ដីស្នេហា "។
"ជាឧទាហរណ៍ យើងកំពុងព្យាយាមយល់ពីលក្ខណៈពិសេស ដែលមនុស្សជួបប្រទះពេលពួកគេស្លាប់ ដោយសារតែយើងយល់ថា កត្ដានេះនឹងឆ្លុះបញ្ចាំងពីបទពិសោធជាសកល ដែលយើងទាំងអស់គ្នា នឹងជួបប្រទះ នៅពេលយើងស្លាប់" ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ wpxi