CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ចំណាយ ២០០លានដុល្លារ ទិញយកក្រុមហ៊ុនបច្ចេកវិទ្យាខួរក្បាលឆ្លាតវៃសិប្បនិម្មិត Turi

ប្រភពព័ត៌មានដែលស្និទ្ធនឹង Apple គឺ GeekWire បានឱ្យដឹងថា ក្រុមហ៊ុននេះបានសម្រេច
ក្នុងការទិញយក Turi ដែលជាក្រុមហ៊ុនថ្មី ជំនាញខាងខួរក្បាលឆ្លាតវៃសិប្បនិម្មិត ដែលមុននេះ
មានឈ្មោះថា Dato និង GraphLab ។



ការទិញដូរខាងលើបង្ហាញថា Apple កាន់តែលូកដៃចូលជ្រៅទៅក្នុងវិស័យខួរក្បាលឆ្លាតវៃសិប្ប
និម្មិត។ នៅក្នុងសេចក្ដីប្រកាសជាមួយនឹង GeekWire តំណាងរបស់ Apple បានឱ្យដឹងថា ៖
“Apple ទិញយកក្រុមហ៊ុនបច្ចេកវិទ្យាតូចជាងទៅតាមពេលវេលា ហើយជាធម្មតាយើងខ្ញុំមិន
ពិភាក្សាអំពីគម្រោង ក៏ដូចជាគោលដៅរបស់ខ្លួន នៅពេលធ្វើរឿងនេះ”។

ប្រភពព័ត៌មានដែលស្និទ្ធនឹង Apple បានអះអាងថា ការទិញដូរខាងលើនេះ មានតម្លៃប្រហែល
២០០លានដុល្លារអាមេរិក ហើយនេះគឺជាជោគជ័យដ៏ធំធេងសម្រាប់អ្នកវិនិយោគដំបូង និងម្ចាស់
ភាគហ៊ុនរបស់ Turi។ Carlos Guestrin សាស្ដ្រាចារ្យមកពីសកលវិទ្យាល័យ Washingtonដែលជា
ស្ថាបនិកក្រុមហ៊ុន Turi បានបដិសេធមិនបញ្ចេញមតិនៅពេលអ្នកយកព័ត៌មានរបស់ GeekWire
សុំសម្ភាស កាលពីម្សិលមិញ។

តាមគម្រោង Turi នឹងស្ថិតនៅក្នុងការិយាល័យនៅ Seattle ដើម្បីបន្តជួយ Apple សិក្សាស្រាវជ្រាវ
ស៊ីជម្រៅអំពីវិទ្យាសាស្ដ្រទិន្នន័យ ខួរក្បាលឆ្លាតវៃសិប្បនិម្មិត និងមនុស្សយន្ត។

គម្រោងរបស់ Apple សម្រាប់ Turi មកដល់ពេលនេះ នៅតែមិនទាន់ត្រូវបានបង្ហើបឱ្យដឹងច្បាស់
នៅឡើយ ប៉ុន្តែ ចំពោះមុខ ជំនួយការ Siri និងបច្ចេកវិទ្យាដែលទាក់ទឹនមួយចំនួនរបស់ក្រុមហ៊ុន
នឹងទទួលបានផលប្រយោជន៍ពីការទិញដូរខាងលើ។

Turi អនុញ្ញាតឱ្យក្រុមអ្នកអភិវឌ្ឍ បង្កើតកម្មវិធីជាមួយនឹងកុំព្យូទ័រ និងជំនួយរបស់ខួរក្បាលសិប្ប
និម្មិត។ បណ្ដាផលិតផលរបស់ Turi រួមមាន Turi Machine Learning Platform, GraphLab
Create, Turi Distributed, Turi Predictive Services។ ពួកវាត្រូវបានបង្កើតឡើងដើម្បីជួយដល់
បណ្ដាអង្គភាពតូចធំ ពិនិត្យទៅលើទិន្នន័យរបស់ខ្លួនដូចជា ដាក់ចេញនូវការព្រមាន រកឃើញការ
បោកប្រាស់ ព្យាករណ៍អំពីនិន្នាការរបស់អតិថិជន វិភាគចិត្តសាស្ដ្រ។ល។

ប្រែសម្រួល ៖ តារា