CamNews

ទូរស័ព្ទ 

ការសិក្សារបស់ Visa បង្ហាញពីឱកាសនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ជាងពាក់កណ្តាល (៥៥%) នៃអតិថិជននៅអាស៊ីប៉ាស៊ីហ្វិកជ្រើសរើសការទូទាត់ដោយដាក់ទូរស័ព្ទដៃប៉ះនៅកន្លែងបញ្ជរគិតប្រាក់ដំណោះស្រាយទទួលការបង់ប្រាក់ដោយដាក់ទូរស័ព្ទប៉ះដើម្បីបង់ប្រាក់ អាចធ្វើឱ្យអាជីវកម្មខ្នាតតូចទទួលយកការទូទាត់តាមរយៈ Visa នៅក្នុងទូរស័ព្ទដៃរបស់ពួកគាត់ដោយ​កាត់ចោលការចំណាយលើរចនាសម្ព័ន្ធនៃបញ្ជរគិតប្រាក់។



 ភ្នំពេញថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ - ខណៈដែលអតិថិជន និងបណ្តាអាជីវកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកកាន់តែងាកទៅរកការទូទាត់តាមរយៈឌីជីថលក្នុងកំឡុងពេលមានប្រឈមមុខនឹងជំងឺរាតត្បាត COVID-19 ក្រុមហ៊ុន Visa កំពុងអំពាវនាវដល់ឧស្សាហកម្មទូទាត់ដើម្បីពន្លឿនរកដំណោះស្រាយទទួលយកការទូទាត់តាមរយៈទូរស័ព្ទដៃដោយការដាក់ប៉ះដើម្បីបង់ប្រាក់ “Tap to Phone” នៅក្នុងប្រទេសកម្ពុជា ដែលអាចនាំឲ្យអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូចកាន់តែច្រើននឹងទទួលយកបរិបទនៃសេដ្ឋកិច្ចឌីជីថល។ បច្ចេកវិទ្យា ដាក់ទូរស័ព្ទប៉ះដើម្បីបង់ប្រាក់ “Tap to Phone” អាចឱ្យអ្នកលក់ទទួលយកការទូទាត់ដោយគ្មានការទាក់ទងដោយផ្ទាល់ តាមរយៈការប្រើប្រាស់ទូរស័ព្ទដៃតាមដំណើរការប្រព័ន្ធ Android NFC-enabled smartphones ដោយមិនចាំបាច់ត្រូវប្រើបុគ្គលិកនៅបញ្ជរគិតប្រាក់ដើម្បីទទួលយកការទូទាត់នោះទេ។



 ការស្រាវជ្រាវថ្មីពី Visa បានរកឃើញថាអតិថិជនភាគច្រើន (៥៥%) នៃអាស៊ីប៉ាស៊ីហ្វិកទំនងជាចូលចិត្តប្រើការទូទាត់តាមរយៈការដាក់ទូរស័ព្ទដៃប៉ះដើម្បីបង់ប្រាក់ “Tap to Phone payments” នេះ ទោះបីជាបច្ចេកវិទ្យាមិនទាន់ទូលំទូលាយនៅក្នុង​តំបន់ក៏ដោយ។ ការស្រាវជ្រាវនេះគួបផ្សំនឹងភាពពេញនិយមនៃការទូទាត់តាមរយៈ contactless នៅកម្ពុជាក្នុងអត្រាជាង ៤២% នៃប្រតិបត្តិការ Visa កាតទាំងអស់ បានបង្ហាញថាការទូទាត់តាមរយៈទូរស័ព្ទអាចក្លាយជានិន្នាការពេញនិយមថ្មីមួយ ដែលនឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ។



 អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាមានអត្រានៃការប្រើប្រាស់ទូរស័ព្ទដៃខ្ពស់ ដោយ ៩៦% នៃប្រជាជនមានទូរស័ព្ទដៃផ្ទាល់ខ្លួន ហើយស្ទើរតែពាក់កណ្តាលមានលទ្ធភាពប្រើប្រាស់អ៊ីនធើណិត។ បន្ថែមលើការទូទាត់តាមរយៈឌីជីថលដែលកំពុងតែកើនឡើង ប្រទេសកម្ពុជាក៏កំពុងស្ថិតក្នុងជំហរដ៏ប្រសើរមួយក្នុងការសម្របខ្លួនទៅនឹងទម្រង់នៃការទូទាត់បែប contactless តាមរយៈទូរស័ព្ទដៃ។  ជាមួយការបើកដំណើរការទូទាត់តាមរយៈទូរស័ព្ទដៃ នេះក៏ដើម្បីឆ្លុះបញ្ចាំងពីសុវត្ថិភាព និងភាពងាយស្រួលរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដែលពួកគាត់មានទម្លាប់ប្រើប្រាស់រួចទៅហើយនោះផងដែរ ហើយយើងមានជំនឿចិត្តថាការទូទាត់តាមរយៈទូរស័ព្ទដៃបែប contactless នឹងកាន់តែបង្កើនទំនុកចិត្តសម្រាប់ប្រជាជាតិទាំងមូល​នៅក្នុងការជ្រើសរើសយកការទូទាត់តាមរយៈឌីជីថលនៅទូទាំងប្រទេស» ។



 ស្រួល​ ងាយប្រើ និងមិនចាំបាច់ប៉ះពាល់សាច់ប្រាក់សុទ្ធ ជាមួយអ្នកប្រើប្រាស់

 បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធនៃបញ្ជរបង់ប្រាក់បែបសាមញ្ញសម្រាប់អាជីវកម្ម ​បច្ចេកវិទ្យា Tap to Phone នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់។ ក្នុងចំណោមអ្នកប្រើប្រាស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានស្ទង់មតិ គេបានរកឃើញថាភាពងាយស្រួលនៃការប្រើប្រាស់ត្រូវបានគេវាយតម្លៃថាជាហេតុផលកំពូលដែលអាចជំរុញឱ្យពួកគេចង់សាកល្បងប្រើការទូទាត់តាមរយៈ Tap to Phone នេះ (៥២%) បន្ទាប់មកគឺការសន្សំសំចៃពេលវេលា (៥១%) និងលុបបំបាត់តម្រូវការក្នុងការកាន់សាច់ប្រាក់សុទ្ធ (៥០%) ។



 អតិថិជន ៤០ % បានវាយតម្លៃលើសុវត្ថិភាព ដែលនេះក៏ជាកត្តាមួយដែលជំរុញឱ្យពួកគេទទួលយកការទូទាត់តាមរយៈ Tap to Phone នេះផងដែរ។ ទោះយ៉ាងណា Visa ជឿថា វាពិតជាចាំបាច់ណាស់សម្រាប់ឧស្សាហកម្មនេះក្នុងការធ្វើការរួមគ្នាដើម្បីអប់រំអ្នកប្រើប្រាស់អំពីលក្ខខណ្ឌសុវត្ថិភាព។ ការបាត់បង់ព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្ទាល់ខ្លួន ត្រូវបានគេចាត់ទុកថាជាក្តីបារម្ភជុំវិញការប្រើប្រាស់បច្ចេកវិទ្យា Tap to Phone ។ ដំណោះស្រាយការទូទាត់តាមរយៈ Tap to Phone ដើម្បីនាំមកនូវសុវត្ថិភាពខ្ពស់ទាំងខាង អ្នកទិញ និងអ្នកលក់ និងដើម្បីធានាឲ្យបាននូវស្តង់ដារខ្ពស់របស់ Visa សម្រាប់ការទូទាត់ដែលមានសុវត្ថិភាព។ ដំណោះស្រាយនីមួយៗឆ្លងកាត់ដំណើរការវិញ្ញាបនកម្មដែលពឹងផ្អែកខ្លាំងរួមទាំងការវាយតម្លៃសុវត្ថិភាពដោយមន្ទីរពិសោធន៍សន្តិសុខជំនាញ ដែលត្រូវបានទទួលស្គាល់ជាសកល។ ដំណោះស្រាយទាំងនេះក៏ត្រូវបានគាំទ្រដោយស្តង់ដារឧស្សាហកម្ម ដែលត្រូវបានបង្កើត និងផ្សព្វផ្សាយដោយក្រុមប្រឹក្សាស្តង់ដារសុវត្ថិភាព PCI ផងដែរ។

 ហាងលក់ទំនិញ ភោជនីយដ្ឋាននិងកន្លែងលក់អាហារ ជាកន្លែងពេញនិយមសំរាប់ Tap to Phone

 ការស្រាវជ្រាវរបស់ Visa ក៏បានពិនិត្យមើលកន្លែងដែលអតិថិជនចូលចិត្តការទូទាត់តាមរយៈ Tap to Phone នេះផងដែរ។ អ្នកចូលរួមស្ទង់មតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងពីការចូលចិត្តប្រើវានៅក្នុងហាងលក់ទំនិញ ៥៩% ដែលឆ្លុះបញ្ចាំងពីចំណូលចិត្តលើប្រតិបត្តិការរហ័ស និងងាយស្រួល។ ជាងពាក់កណ្តាល (៥៦%) បាននិយាយថា ពួកគេចង់ឲ្យមានការទូទាត់បែបនេះនៅតាមបណ្តាភោជនីយដ្ឋាន ការធ្វើបែបនេះពួកគាត់នឹងមិនចាំបាច់ដើរចេញពីតុអាហារនោះទេ។ អាហារដ្ឋាន តូបលក់ទំនិញតាមដងផ្លូវ និងបញ្ជរលក់ទំនិញ គឺជាកន្លែងពេញនិយមបំផុតលំដាប់ទី ៣ ដោយទទួលបាន ៥២% នៃចំនួនសរុបនៃការស្ទង់មតិ។ ការស្ទង់មតិស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅប្រទេសកម្ពុជា ក៏បានបង្ហាញថា ៧៩% នៃអ្នកប្រើប្រាស់ ចាប់អារម្មណ៍លើការប្រើប្រាស់ការទូទាត់តាមរយៈទូរស័ព្ទបែប contactless នៅតាមបណ្តាហាងទំនើប និងផ្សារទំនើប។



 អ្នកស្រី ជុំ ម៉ូនីកា បានមានប្រសាសន៍បន្ថែមទៀតថា “សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ការទូទាត់តាម Tap to Phone  គឺជាវិធីសាស្ត្រនៃការទូទាត់ដែលចំណាយតិចក្នុងការទូទាត់តាមរយៈ Visa និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីពាណិជ្ជកម្មបែបឌីជីថលនេះ។ អ្វីដែលកាន់តែពិសេសទៅទៀតគឺវាសម្រួលដល់អ្នកប្រើប្រាស់ដែលងាកទៅរកការទិញទំនិញ សេវាកម្ម និងការប្រើប្រាស់ការទូទាត់តាមបែបឌីជីថល ដែលពួកគាត់ត្រូវការរក្សាគម្លាតរវាងបុគ្គលនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ន។ អតិថិជនដែលមានតម្រូវការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ កំពុងសំឡឹងមើលវិធីសាស្រ្តនៃការទូទាត់ដែលឆាប់រហ័សប្រកបដោយសុវត្ថិភាព និងងាយស្រួល ហើយចំណែក អាជីវករវិញ ភាពរហ័សរហួន និងភាពងាយស្រួលនៅពេលបម្រើសេវាជូនអតិថិជនគឺជាអាទិភាពសម្រាប់ពួកគាត់។ ដោយមើលឃើញពីតម្រូវការរបស់អតិថិជន និងឱកាសសម្រាប់អាជីវកម្មបែបនេះហើយទើបការទូទាត់តាមរយៈ Tap to Phone  កាន់តែអាចផ្តល់ជូនពាណិជ្ជករនូវហេតុផលកាន់តែច្រើនដើម្បីចាប់ផ្តើមទទួលយកការបង់ប្រាក់តាមរយៈឌីជីថល ហើយក្នុងពេលតែមួយវាក៏នឹងជួយធ្វើឱ្យសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាកាន់តែរីកចម្រើនផងដែរ” ។

 ក្រុមហ៊ុន Visa កំពុងធ្វើការជាមួយនឹងក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាចំនួនប្រាំបួនហើយកំពុងសហការជាមួយដៃគូ អ្នកទិញ និងក្រុមហ៊ុន Fintech ជាច្រើនដើម្បីនាំយកដំណោះស្រាយនានាមកកាន់ទីផ្សារ។ Visa និងដៃគូរបស់ខ្លួនបានបើកដំណើរការដំណោះស្រាយ Tap to Phone នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌា ខណៈកំពុងតែរៀបចំសម្រាប់ទីផ្សារនៅអាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត ដែលនឹងអនុវត្តតាមនៅក្នុងប៉ុន្មានខែខាងមុខនេះ។

 វិធីសាស្រ្ត៖ ការសិក្សាលើបច្ចេកវិទ្យា Tap to Phone នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ការសិក្សាលើបច្ចេកវិទ្យា Tap to Phone នៅតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ YouGov នៅចន្លោះថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងចំណោមមនុស្សពេញវ័យចំនួន ៦,៨៣២ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅអូស្ត្រាលី ហុងកុង ឥណ្ឌា ម៉ាឡេស៊ី នូវែលហ្សែឡង់ សិង្ហបុរី និងតៃវ៉ាន់។

 អំពីក្រុមហ៊ុន Visa 

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

 

 

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)  
ក្រុមហ៊ុន Visa Worldwide Pte. Limited        
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖  trang.nguyen@visa.com 

 

កញ្ញា គ្រី​ សុវណ្ណារី

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ (855) 11 733 368

អ៊ីម៉ែល ៖  nary@reddot.com.kh