CamNews

កុំព្យូទ័រ 

ឡូយមែន!ទើបដឹងថា សារដែលនិយមផ្ញើររាល់ថ្ងៃនឹង បង្កើតមកយូរដល់ថ្នាក់នេះ ហើយពាក្យដំបូងដែលគេផ្ញើរគឺបែបនោះ!!

បច្ចេកវិទ្យា ៖ សារដំបូងដែលត្រូវបានផ្ញើរចេញកាលពី ២៥ ឆ្នាំមុន នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ១៩៩២  ។ មានវិស្វករម្នាក់ឈ្មោះ Neil Papworth បានផ្ញើពាក្យ "រីករាយបុណ្យណូអែល" ឬ (merry Christmas) ពីកុំព្យូទ័ររបស់គាត់ទៅកាន់ទូរស័ព្ទដៃចល័តដែលជាកម្មសិទ្ធិរបស់នាយកក្រុមហ៊ុន Vodafone លោក Richard Jarvis ។ បន្ទាប់ពីនោះមក កំណើននៃការផ្ញើរសារក៏ចាប់ផ្តើមប្រើប្រាស់ នៅជុំវិញពិភពលោក ។

មុនពេលដែល​ស្មាតហ្វូន​ត្រូវបានបង្កើត មានមនុស្ស​ត្រូវ​ប្រើ​ទូរសព្ទ​ដៃ​បញ្ជា​ដោយ​ប៊ូតុងក្នុង​ការ​បញ្ចូល​អក្សរ ដោយមានការខុសប្លែក​ពី​ការ​ចុច​លើ​អេក្រង់​នៃ​ស្មាតហ្វូន​នាពេលបច្ចុប្បន្ននេះ ហើយប្រព័ន្ធ​នោះត្រូវបានគេ​ឲ្យ​ឈ្មោះថាប្រពន្ធ័ T9 ដែល​តំណាង​ឲ្យ​អក្សរ​លើ​ប៊ូតុង​ទាំង ៩ មុន​មាន​ការ​វិវត្ត​ចូល​ស្មាតហ្វូន​ប្រើ​ក្ដារ​ចុច QWERTY ដូចជា BlackBerry, Moto Q, Palm Treo និងអ្វីផ្សេងៗជាច្រើនទៀត រហូត​ឈានដល់​ការ​ប្រើ Touch Screen ដូចសព្វថ្ងៃនេះផងដែរ ។

នៅក្នុងខែមិថុនា ឆ្នាំ ២០០០ សារចំនួន ១២ លានត្រូវបានគេផ្ញើរជារៀងរាល់ខែនៅសហរដ្ឋអាមេរិក ។ នៅខែមិថុនាឆ្នាំ ២០០៦ តួលេខនេះមានរហូតដល់ ១២,៥ ពាន់លានហើយក៏បានកើនឡើងដល់ ៤៥ ពាន់លាន ជារៀងរាល់ខែ រហូតដល់ខែមិថុនា ឆ្នាំ ២០០៧ ។ ហើយនៅពេលដែលមានវត្តមាន iPhone ចាប់ផ្តើមបង្ហាញខ្លួននៅលើទីផ្សារបានរយៈពេល ពីរឆ្នាំក្រោយមកក៏មានចំនួន ១៦១ ពាន់លានសារត្រូវបានផ្ញើក្នុងរយៈពេលមួយខែ ។ 

យោងតាមប្រភពផ្លូវការមួយបានបញ្ជាក់បន្ថែមទៀតថា គុណសម្បត្តិនៃការប្រើប្រាស់ SMS វាពិតជាអស្ចារ្យខ្លាំងមែនទែន ជាពិសេសគឺនៅពេលដែលយើងព្យាយាមហៅចេញទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសារ ហើយពួកគាត់ជាប់រវល់មិនបានឆ្លើយតប ដូច្នេះហើយអ្នកអាចធ្វើការផ្ញើរសារចេញទៅពួកគាត់ ហើយនៅពេលដែលពួកគាត់បានឃើញ និងប្រញាប់តបមកអ្នកវិញតាមដែលអាចធ្វើទៅបាន ។ ហើយជាងនេះទៅទៀតគឺនៅមានគុណសម្បត្តិជាច្រើនទៀត ក្នុងការប្រើប្រាស់សេវាមួយនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី ០៣ ធ្នូ ឆ្នាំ ២០១៧ នេះ គឺការបង្កើតសារដែលត្រូវបានផ្ញើរ និងជាទីពេញនិយមរបស់យើងនាពេលបច្ចុប្បន្ននេះ គឺត្រូវបានបង្កើតអស់រយៈពេលចំនួន ២៥ ឆ្នាំមកហើយ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ phonearena