CamNews

យល់ដឹង 

កម្លាំង សាខាគយ ខេត្តកំពង់ចាម ចាប់រថយន្ត HIGHLANDER មួយគ្រឿងអត់ពន្ធ

កំពង់ចាម៖ នាវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ចសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ចូលរួមមានមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថ បានចាប់រថយន្តអត់ពន្ធស៊េរីទំនើបមួយគ្រឿងទៀត នៅចំណុចកន្លែងលាងរថយន្តមួយកន្លែង ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមមន្ត្រីសាខាគយខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពិទទួលព័ត៌មានពីភ្នាក់ងារ សមត្ថកិច្ចសាខាគយ និងរដ្ឋាករ បានចុះទៅដល់ចំណុចលាងរថយន្ត នៅវេលាម៉ោង១០ព្រឹក បានឃើញរថយន្តមួយគ្រឿងម៉ាក HIGHLANDER ពណ៌ស សង្ស័យគ្មានឯកសារបង់ពន្ធនាំចូល ទើបធ្វើការសាកសួររកម្ចាស់រថយន្ត ប៉ុន្តែខណៈនោះ ម្ចាស់រថយន្តបានគេចខ្លួនបាត់។ ហើយសមត្ថកិច្ច យើងបានរង់ចាំរហូតដល់ម៉ោង ១និង២០នាទីរសៀល ទើបទទួលបានគោលការណ៍ ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ដើម្បីនាំរថយន្តនោះ យកមករក្សាទុកនៅទីស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងទៅតាមនីតិវិធី។

មន្ត្រីសាខាគយបានឲ្យដឹងទៀតថា រយៈពេលកន្លងទៅថ្មីៗនេះ មានម្ចាស់រថយន្តដែលមានស្រាប់ក្នុងប្រទេស កំពុងប្រើប្រាស់បានស្ម័គ្រចិត្ត ចូលមកបង់ពន្ធ ចំនួន២នាក់ហើយ សុទ្ធតែរថយន្តស៊េរីទំនើប។

គួរបញ្ជាក់ដែរថា មកដល់ពេលនេះ រថយន្តស៊េរីខ្ពស់ ចំនួន៥គ្រឿង ហើយដែលសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម បានបង្ក្រាប៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh