(ភ្នំពេញ)៖ «បើនាងម្នាក់ហ្នឹងមិនបានតាំងខ្លួន ជាតារាឬមិនពាក់ព័ន្ធ និងសិល្បៈទេ ចង់នាងដើរទៅណាមកណាធ្វើអ្វី ឬថតអ្វីមិនស្លៀកពាក់ខោអាវសោះតែម្តង ក៏គ្មាននរណាទៅឆ្កួត ខឹងនឹងនាងដែរ ផ្ទុយទៅវិញគឺមានតែអរគុណនាងទៅវិញ ដែលនាងចិត្តល្អ ឲ្យភ្នែកគ្រប់គ្នា រាប់តាំងពីពូៗម៉ូតូឌុប អ្នកលក់លៀសហាល អ្នកបោសសំរាមផង ក៏អាចមើលរបស់នាង Free Free បាននោះ»។ នេះជាសម្តីលើកឡើង ពីសំណាក់តារាចម្រៀងសម្លេងរណ្តំចិត្ត អ្នកនាង ម៉េង កែវពេជ្ជតា ប្រតិកម្មចំពោះភាពសិចស៊ី និងការប្រើពាក្យសម្តីក្រអើតក្រទម របស់នាង ដេននី ខ្វាន់។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរទៀតថា «សំខាន់នាងយកឈ្មោះជាតារា ឈ្មោះអ្នកសិល្បៈមកលាប ដើម្បីទាញការចាប់អារម្មណ៍ និងពង្រីកទីផ្សាររបស់នាង ហើយពេលមហាជនតិះទៀន នាងបែរជានិយាយ បែបបន្ទាបបន្ថោកថា នាងមិនរស់ដោយសារសិល្បៈទៅវិញ។ សម្តីក្អេងក្អាង ចំអកដល់ក្រសួងវប្បធម៌ និងជេរបញ្ជោះតបត ដល់អ្នកតិះទៀនទាំងប៉ុន្មានរបស់នាង និងបងប្អូនរបស់នាង គឺវាលើសពេកហើយ.!»។
ជាមួយគ្នានេះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញពីអារម្មណ៍ មិនសប្បាយចិត្ត ខណៈក្រសួងពាក់ព័ន្ធមួយចំនួន មិនបានយកចិត្តទុកដាក់ ចំពោះបញ្ហានេះថា« មិនសមណាក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ លោកបិទភ្នែកបិទត្រចៀកទៀតនោះទេ គួរណាស់តែលោកចាត់វិធានការណ៍ ធ្វើការព្រមានចំៗឈ្មោះតែម្តងទៅ មិនដឹងថា នៅបិតបាំងលាក់មុខឲ្យដល់ណាទៀតទេ បើនាងព្រហើនដល់ម្លឹងហើយ »។
«ល្មមហើយ ល្មមអាណិតដល់ពួកយើង ជាសិល្បៈនារីៗដែលខិតខំប្រព្រឹត្តខ្លួនល្អ ខំតស៊ូដោយសុច្ចរិតទៀងត្រង់ ទោះអត់ឃ្លានមានហូប ឬ គ្មានសម្ភារៈទំនើបប្រើប្រាស់ ក៏ពួកយើងមិនលក់ឧត្តមគតិដែរ ដើម្បីរក្សាការពារកិត្តិយសជាស្ត្រីខ្មែរ និងសិល្បៈតែបែរជាត្រូវមកស្អុយរលួយឈ្មោះ ព្រោះតែនាងៗប៉ុន្មាននាក់ហ្នឹង គឺមិនត្រឹមត្រូវ និងមិនយុត្តិធម៌ឡើយ សូមមេត្តាក្រសួង លោកជួយធ្វើចំណាត់ការឲ្យច្បាស់ផងក្នុងរឿងនេះ ពួកយើងខ្ញុំហត់ហើយ ហត់នឹងធ្វើល្អ ហត់នឹងអំណត់ ហត់នឹងទទួលពាក្យចោទប្រកាន់ ហត់នឹងពន្យល់មហាជនថា មួយណាជាលាមក មួយណាជាផ្កា »។ នេះជាសម្ដី ក្នុងន័យសុំណូមពរបន្ថែមពីសំណាក់អ្នកនាង ម៉ែង កែវពេជ្ជតា ។
ប្រតិកម្មរបស់អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ បានធ្វើឡើង បន្ទាប់តារាស្រីជំនាន់ថ្មីទើបដុះពន្លក លើវិថីសិល្បៈនាង ដេននី ខ្វាន់ កាន់តែមានចរិតគឃ្លើន ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងការប្រើប្រាស់ពាក្យសម្តី មិនសមរម្យ និងភាពសិចស៊ីជ្រួលនិយមមិនប្រមាណខ្លួន មានសញ្ជាតិជារីខ្មែរ ឬជាជាតិសាសន៍អ៉ឺរ៉ុបនោះ។ អ្វីកាន់តែពិសេសជាងនេះ គឺនាងដេននី ខ្វាន់ ហាក់មានចរិតព្រហើន មិនទទួលយកការពិត ហើយថែមទាំងចេញមុខជេរប្រមាថ ដល់មហាជនដែលរិះគន់ ក្នុងន័យស្ថាបនាកែលម្អទៀតផង។
ទាក់ទងបញ្ហានេះ គេហទំព័រ Khmertalking នៅព្រឹកថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៦នេះ មិនអាចស្វែងរកការសួរនាំ ពីក្រួសួងវប្បធម៌ និងវិចិត្រសិល្បៈបាននៅឡើយទេ អំពីចំណាត់ការ លើតារាស្រីដែលស្លៀកពាក់ សិចស៊ីដូចនាង ដេននី ខ្វាន់។ រីឯសាមីខ្លួនដែលកំពុងរងនូវការរិះគន់ បាញ់ចាក់ស្រោចយ៉ាងចាស់ដៃ កញ្ញា ខេននី ខ្វាន់ គេហទំព័រKhmertalking ក៏មិនអាចស្វែងរកការបំភ្លឺ បាននៅឡើយដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង