ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ី អិនអិន ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ ពោលនៅយប់ ថ្ងៃសុក្រ យប់មិញ នេះ អោយដឹងថា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ សឹង្ហបុរី មួយគ្រឿង ដែលកំពុងតែហោះ ហើរបានពាក់កណ្តាលផ្លូវ ទៅកាន់ទីក្រុង ហុងកុង កាលពីថ្ងៃសុក្រនោះ ត្រូវបានបង្ខំចិត្តអោយហោះ ត្រលប់បកក្រោយវិញ ក្រោយពី បុរសជាអ្នកបើកបរ បានទទួលសញ្ញា ប្រកាសអាសន្ន ទាក់ទិនទៅ នឹងទ្វារ យន្តហោះ ។
គួររំឭកថា ក្រុមហ៊ុន អាកាសចរណ៍ ខាងលើ បាន ចេញផ្សាយ នូវសេចក្តីថ្លែងការណ៍ តាមរយៈ អ៊ីម៉ែល អោយដឹងថា យន្តហោះ Airbus A380 បានហោះត្រលប់បកក្រោយ មកកាន់ អាកាសយាន ដ្ឋានអន្តរជាតិ Changi កាលពីរសៀលថ្ងៃសុក្រ ម្សិលមិញនេះ ក្រោយពីមានលទ្ធផលនៃការប្រកាស អាសន្ន ពីកាបិន ស្តីអំពី បញ្ហាទ្វារសុវត្ថិភាពយន្តហោះ ។
សេចក្តីរាយការណ៍ ដដែល គូសបញ្ជាក់ អោយដឹងថា យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរីមួយនេះ ដែលមានជើងហោះហើរ Flight SQ 866 បានត្រលប់បកក្រោយ និងចុះចត នៅឯ អាកាសយានដ្ឋាន អន្តរជាតិ Changi ដោយសុវត្ថិភាព កាលពីវេលា ម៉ោង ២ និង ២០ នាទីរសៀល ម៉ោងក្នុងស្រុក ប្រទេស សឹង្ហបុរី ដោយនៅក្នុងនោះ ប្រភព ពីក្រុមហ៊ុន អាកាសចរណ៍ បញ្ជាក់បាន ថា រាល់ក្រុមអ្នកដំណើរ ត្រូវបានមន្រ្តី មានសមត្ថកិច្ច បញ្ជូន ទៅកាន់ជើងហោះហើរ ផ្សេងទៀត ដើម្បីបង្កជាលក្ខណៈងាយស្រួល អោយពួកគេ ហោះទៅកាន់គោលដៅ របស់ខ្លួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន