មូលហេតុពិតប្រាកដ នៃភាពខ្ពើមរអើម និងអាការៈក្អួតអំឡុងពេលមាផ្ទៃពោះ គឺយើងមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្ដែទោះជាយ៉ាងណា វាត្រូវបានមនុស្សជាច្រើនជឿថា ការប្រែប្រួលអ័កម៉ូនយ៉ាងខ្លាំងនៅក្នុងរាងកាយអាចបណ្ដាលឱ្យមានការប្រែប្រួលនៅក្នុងការកន្រ្ដាក់សាច់ដុំពោះ និងប្រែប្រួលទម្លាប់សម្រាក ដែលនាំទៅរកការរអើម និងក្អួតចង្អោរ។ ចំពោះកត្ដាដទៃទៀត ដែលនាំឱ្យកើតមានបញ្ហានេះគឺមានដូចជា បញ្ហាក្លិនមិនល្អ ប្រភេទអាហារមួយចំនួន ការស្រុតចុះកម្លាំង ស្រ្ដេស ព្រួយចិត្ដ បញ្ហាក្រពះ និងកង្វះវីតាមីន ឬសារធាតុរ៉ែ។ ការរអើម និងការក្អួតចង្អោរ អាចកើតមានឡើងនៅព្រឹកព្រលឹម និងស្រាកទៅវិញនៅពេលថ្ងៃ។ ស្រ្ដីមួយចំនួនអាចមានអាការៈនេះនៅពេលណាមួយអំឡុងពេលថ្ងៃ។ ភាគច្រើនបញ្ហានេះ អាចដោះស្រាយបានក្រោយត្រីមាសទី១ ប៉ុន្ដែចំពោះស្រ្ដីមួយចំនួនទៀតអាចបន្ដអាការៈនេះយូរ។
១. ពិសាទឹក៖ ទឹកគឺជាឱសថដ៏មានប្រសិទ្ធភាព នៅពេលដែលនិយាយដល់ការរអើម និងការក្អួតចង្អោរ ពិសេសនៅអំឡុងពេលមានផ្ទៃពោះ។ ស្រ្ដី ដែលពិសាទឹកមួយកែវជារៀងរាល់ម៉ោង ត្រូវបានគេរកឃើញថា ប្រឈមនឹងឱកាសនៃអាការៈចាញ់គភ៌ទាប។ ម្យ៉ាងទៀត វាជួយរក្សារាងកាយរបស់អ្នកមិនឱ្យខ្សោះជាតិទឹក ដែលមានសារៈសំខាន់សម្រាប់ស្រ្ដីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។
២. ខ្ញី៖ ខ្ញីគឺជា វិធីសាស្រ្ដធម្មជាតិដ៏ប្រសើរម្យ៉ាង ដើម្បីដោះស្រាយបញ្ហាក្អួតចង្អោរ ក៏សូម្បីតែអំឡុងពេលមានផ្ទៃពោះ។ ខ្ញីល្អប្រសើរសម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នក និងជួយទប់ស្កាត់ការបញ្ចេញជាតិអាស៊ីដក្នុងក្រពះ ដែលបង្កឱ្យមានភាពរអើម និងក្អួតចង្អោរ។ ម្យ៉ាងទៀត ក្លិន និងរសជាតិខ្ញីអាចជួយអ្នកឱ្យបាត់អារម្មណ៍ចង់ក្អួត។
៣. ក្រូចឆ្មារ៖ ក្រូចឆ្មារជួយដោះស្រាយបញ្ហាក្អួតចង្អោរអំឡុងពេលមានផ្ទៃពោះ។ ក្លិនឈ្ងុយរបស់វា មានប្រសិទ្ធភាពទប់ស្កាត់បែបធម្មជាតិចំពោះរាងកាយ ដែលអាចកាត់បន្ថយអាការៈរអើម និងបង្ការអាការៈក្អួតចង្អោរ។ លើសពីនេះទៀត វីតាមីនC នៅក្នុងក្រូចឆ្មារគឺល្អប្រសើរសម្រាប់ស្រ្ដីមានផ្ទៃពោះ ព្រមទាំងទារកក្នុងផ្ទៃ។
ប្រភព៖ Top10homeremedies