ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពី សារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយ ដឹងថា មនុស្ស ១២ នាក់ ត្រូវបានអាជ្ញាធរ ប្រទេសចិន សម្រេចចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការចោទ ប្រកាន់ពីការជាប់ទាក់ទងទៅនឹងវិនាសកម្ម ផ្ទុះឆេះ សារជាតិគីមី យ៉ាងសាហាវ នៅក្នុងទីក្រុងកំពង់ ផែ ទីក្រុង Tianjin នាដើមខែនេះ ដោយបានសម្លាប់មនុស្ស សរុប ១៣៩ នាក់ និង ៧០០ នាក់ផ្សេង ទៀត បានរងរបួសធ្ងន់និងស្រាល ។
ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ ពីសំណាក់មន្រ្តីប៉ូលីសក្នុងស្រុក ប្រភព ដដែលបន្តចុះ ផ្សាយអោយដឹងថា ជនជាប់ចោទទាំង ១២ នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួននោះ រួម មានដូចជា ៖ ប្រធាន អនុប្រធាន នាយករង ក្រុមហ៊ុន ឬឃ្លាំងដែលស្តុកសារជាតិគីមី ផ្ទុះឆេះ ។ ដោយឡែក ជន សង្ស័យមួយចំនួនផ្សេងទៀតដែលត្រូវបានចាប់ឃាត់ខ្លួនដូចគ្នានោះពុំត្រូវបានអាជ្ញាធរចេញផ្សាយ អោយដឹងនូវអត្តសញ្ញាណរបស់ពួកគេនៅឡើយទេ ។
គួរបញ្ជាក់ថា រយៈពេល ១ ថ្ងៃមុននឹងមានការចាប់ឃាត់ខ្លួន ជនជាប់ចោទទាំង ១២ នាក់ នេះ មាន ករណី បណ្តេញចេញពីមុខតំណែង ប្រធាននិយ័តករ នៃសុវត្ថិភាពការងារ លោក Yang Dongliang ពីមុខតំណែង ក្រោយរកឃើញ ពីការប្រព្រឹត្តិអំពើពុករលួយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA