CamNews

យល់ដឹង 

ហេតុអ្វីបានជាអ្នក មានចិត្តទន់?


ការ​ពេញចិត្ដ ឬ​ជាប់ចិត្ដ​ទៅលើ​របស់​អ្វីមួយ​ដែលធ្វើ​ឱ្យចិត្ដ​ និង​គំនិត​គិតឃើញ​ថាល្អ ហើយ​ស្រឡាញ់​ដក់ជាប់​នៅក្នុង​ដួងចិត្ដ ដោយ​មិនចង់​ឱ្យ​របស់​ដែលខ្លួន​ស្រឡាញ់​នោះបាត់បង់​ឡើយ។ តែការ​ស្រឡាញ់​ប៉ុនប៉ង​នូវអ្វី​ដែលខ្លួន​ស្រឡាញ់ គឺ​អ្នកខ្លះ​បាន​ទទួល លទ្ធផល​សមតាម​សេចក្ដី​ប្រាថ្នា។ អ្នកខ្លះ​ត្រូវ​ទទួល​បរាជ័យ​ដូចជា​នៅក្នុង​ន័យ​រឿង​ស្នេហា ដោយ​មាន​សង្សារ​ក្បត់ចិត្ដ​បោះបង់​ចោល រីឯ​អ្នកខ្លះ​ទៀត​ត្រូវមាន​ស្វាមី​មិនសម​ប្រកប វាយ​ដំធ្វើ​បាបស្ទើរ​រាល់ថ្ងៃ។

ប៉ុន្ដែការ​ខូចចិត្ដ​ដូចខាងលើ មិនបាន​ធ្វើឱ្យ​អ្នក​ទទួល​នូវការ ឈឺចាប់ ចាត់ទុក​ជាមេរៀន​ជូរចត់​ហើយ​រាងចាល​ទេ បែរជា​សិក្សា​មេរៀន​ដ៏ជូរ​ចត់នេះ​ម្ដងហើយ​ម្ដងទៀត​ទៅវិញ។ នៅពេល​ដែលត្រូវ បានគេ​លួងលោម បណ្ដាល​ឱ្យចិត្ដ​ខ្លួនឯង​មិន​រឹងប៉ឹង​ទៅជា​អាណិត​អាសូរ​គេ។ ដូច្នេះ កត្ដាដែល​ធ្វើឱ្យ​មាន
ចិត្ដ​ទន់ជ្រាយ​គឺ​បណ្ដាល​មក​ពី​កត្ដា​ដូចត​ទៅ៖

អបិយ​ជំនឿ ៖ ខ្មែរយើង​តែងតែ​ចំណាំ​បែប​ជំនឿ​សាសនា​ថា មនុស្ស​ប្រុស​ស្រី​ទាំងឡាយ​ដែល​កើតនៅ​ថ្ងៃច័ន្ទ និង​ថ្ងៃពុធ គឺមាន​ចិត្ដទន់។

ផ្លូវ​ចិត្ដ ៖ នារី​ម្នាក់​ចេះតែ​គិតថា ខ្លួនឯង​កើតមក​ជាកូន​អ្នកក្រ រៀនក៏​មិនបាន​ខ្ពស់ ហើយ​ឪពុកម្ដាយ​មានជម្ងឺ​ជា​ទម្ងន់​ទៀត តើធ្វើ​ម្ដេចនឹង​មានប្រាក់​មក​ព្យាបាល​ជម្ងឺ​ឪពុកម្ដាយ និង​ជួយ​ជីវភាព​គ្រួសារ​ឱ្យបាន​ធូរធារ។ ការគិត​ទាំងអស់​នេះ​ត្រូវបាន​ជន​ដែលមាន​គំនិត​ខូចឆ្លៀត​ឱកាស​មក​លួងលោម​ ចង់យក​ទៅលក់។ ដោយជន​អាក្រក់​នោះ​ពូកែ​និយាយ​ថា នឹង​រកការងារ​ឱ្យធ្វើ​ហើយ ទទួល​បាន​ប្រាក់ច្រើន​អាចមក​ជួយ​គ្រួសារ រហូត​ដល់​ពង្វក់​ចិត្ដនារី​ម្នាក់នេះដល់​ទន់ចិត្ដ ជឿលើ​សម្ដី​បោកប្រាស់​គេ។

លួង​លោម ៖ គេសង្កេត​ឃើញថា នៅក្នុង​គ្រួសារ​ដែលមាន​អំពើ​ហិង្សា ប្ដីវ៉ៃ​ប្រពន្ធស្ទើរ​រៀងរាល់​ថ្ងៃ បែរជា​មានកូន ច្រើន​ទៅវិញ។ នេះ​ដោយតែ​ប្ដីវ៉ៃ​ប្រពន្ធ​ហើយ មក​លួងលោម​ប្រពន្ធ​វិញ​រាល់ពេល​ដែល​វ៉ៃហើយ រួច​ប្រពន្ធ​ចិត្ដទន់​លើកលែង​ទោស​ឱ្យប្ដី ក៏បង្កើត​បានជា​កូនច្រើន​(ខ្មែរយើង​ច្រើន​ហៅថា កូនមួយ​កន្ទេល)។

គ្មានការ​ពិចារណា ៖ កុមារ​អាច​ក្លាយជា​ឃាតករ​ដោយ​មិនដឹង​ខ្លួន នៅពេល​ដែលមនុស្ស​ធំមក​លួងលោម​ឱ្យធ្វើ​អំពើ​មិន​គប្បី ដោយ​សន្យាថា​នឹងឱ្យ​របស់អ្វី​មួយដែល​កុមារ​ពេញចិត្ដ។ ភាព​លួងលោម​នេះធ្វើ​ឱ្យកុមារ​មិនបាន​គិតវែង​ឆ្ងាយ​ដូចមនុស្ស​ធំទេ បណ្ដាល​ឱ្យកុមារ​ចិត្ដ​ទន់ប្រព្រឹត្ដ​តាម​បញ្ជាគេ។

ការ​បង្ខិតបង្ខំ ៖ អ្នកខ្លះ​ចិត្ដទន់​ដោយ​សារការ​បង្ខិត​បង្ខំ ជា​ឧទាហរណ៍ ដូចជា​ចៅហ្វាយ​នាយ និង​កូនចៅ។ ការងារ លំបាក​ខ្លាំង​ដែល​កូនចៅ​មិនចង់​ធ្វើ បើសិន​ចៅហ្វាយ​ប្រើឱ្យធ្វើ​កូនចៅ​ត្រូវតែ​ធ្វើ​ទាំងមិន​ពេញចិត្ដ។

ចិត្ដ​ទន់ជ្រាយ​អាចបង្ក​ឱ្យមាន​ផលវិបាក​ជាច្រើន ៖

  • ១. ងាយ​រងគ្រោះ​ក្លាយជា​ឃាតករ
  • ២. រស់នៅ​ដោយគ្មាន​សេរីភាព
  • ៣. ធ្វើឱ្យ​ការ​រស់នៅ​មានការ​លំបាក
  • ៤. ធ្វើឱ្យ​បាត់បង់​ជីវិត​ជាដើម។

គួរធ្វើបែបណាដើម្បីដោះស្រាយបញ្ហានេះ?

តាមការ​ស្រាវជ្រាវ​គេឃើញ​ថា អ្នកដែល​មានចិត្ដ​ទន់ជ្រាយ​ច្រើនគឺ​ជាស្ដ្រី។ ដូចនេះ ដើម្បី​ចៀសវាង​ផលវិបាក​ទៅថ្ងៃ ក្រោយ​ដោយសារ​មានចិត្ដ​ទន់ជ្រាយ ស្ដ្រីត្រូវ​យល់ដឹង​ពីអត្ដចរិត និងចិត្ដ​ខ្លួនឯង​ឱ្យបាន​ច្បាស់ជា​មុនសិន ទើបយល់​ច្បាស់ពី​អត្ដចរិត និង​ចិត្ដអ្នក​ដទៃ​ជាក្រោយ។ ការធ្វើ​ដូចនេះ​អាចជួយ​កាត់​បន្ថយ​ចិត្ដ​ទន់ជ្រាយ​បាន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ HC


Tags: toughness lifestyle character