ព័ត៌មានអន្តរជាតិ ៖ ត្រីចម្លែកដ៏ធំមួយ មានប្រវែងដល់ទៅ ២ ម៉ែត្រ ត្រូវបានក្រុមមនុស្ស
មួយក្រុមប្រមាញ់បាន នៅក្នុងដែនទឹកប្រទេសសឹង្ហបុរី នោះគឺ ប្រមាញ់បាននៅឯ Pedra
Branca នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
សឹង្ហបុរី singaporeseen ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។
អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា មិនត្រឹមតែមានប្រវែងវែងនោះទេ តែវាក៏មានគីឡូធ្ងន់
ផងដែរ នោះគឺ មានទម្ងន់ដល់ទៅ ២៧០ គក ឯណោះ ។ យ៉ាងណាមិញ បើតាមប្រភព
សារព័ត៌មានដដែលក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ត្រីចម្លែកគីឡូធ្ងន់មួយ
នេះ ត្រូវបានហាងម្ហូបសមុទ្រមួយកន្លែងទទួលទិញ ក្នុងតម្លៃ ៦,០០០ ដុល្លារ ខណៈ
ពេលដែលវាអាចបម្រើជូនភ្ញៀវដល់ទៅ ៧០០ នាក់ នេះបើតាមការរំពឹងទុក។
លោក Johnny Tan វ័យ ៥២ ឆ្នាំ ដែលត្រូវជាម្ចាស់ហាងម្ហូបសមុទ្រ Grouper King បាន
គូសបញ្ជាក់អោយដឹងថា មុននឹងឈានដល់ ការចំអិនវា បម្រើជូនភ្ញៀវកាលពីម្សិលមិញ
នេះ ពួកយើងបានចំណាយពេលដល់ទៅ ១០ ម៉ោង ដើម្បីធ្វើការសម្អាតវា ស្របពេល
ដែលបានប្រើកម្លាំងមនុស្សប្រុស ដល់ទៅ ៧ រូប ដើម្បីយកវាទៅបន្ទប់ចំអិនផងដែរ។
លើសពីនេះ គាត់ក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា ខណៈពេលដែលគាត់បាន
ទទួលទូរស័ព្ទពីសំណាក់ក្រុមអ្នកនេសាទ និងបានទៅដល់កំពង់ផែស្ទួចត្រីSenoko គាត់
ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលបានឃើញ ក្រុមអ្នកនេសាទប្រមាញ់
បានត្រីដ៏ធំបែបនេះ ស្របពេលដែលគាត់មិនដែលធ្លាប់បានឃើញ ក្នុងរយៈពេល ២០
ឆ្នាំចុងក្រោយនេះ ចាប់តាំងពីគាត់ដំណើរការនូវមុខជំនួញបើហាងម្ហូបសមុទ្រមួយនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen