សុខភាព ៖ មនុស្សភាគច្រើន គាត់ពុំបានជ្រាបថាតើរបៀបរស់នៅបែបណា ដែលអាចមានឥទ្ធិពលទៅលើសុខភាព និងភាពយឺនយូរនៃអាយុរបស់គាត់នោះទេ។ ជាក់ស្ដែង ការបង្កើតជម្រើសដ៏ត្រឹមត្រូវ និងការវិវឌ្ឍនូវទម្លាប់ល្អសម្រាប់សុខភាព អាចលើកកម្ពស់គុណភាពជីវិតយ៉ាងពិសេស និងបង្កើនជីវិតមនុស្សឱ្យរស់នៅបានយូរ។ ការផ្លាស់ទម្លាប់រស់នៅទាំងនេះ អាចធ្វើឡើង ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។
លំហាត់ប្រាណ និងយូហ្គា ដើម្បីជីវិតរស់នៅប្រកបដោយសុខភាពល្អ
ជារឿយៗ ការហាត់ប្រាណ អាចលើកកម្ពស់សុខភាពឱ្យល្អប្រសើរ ហើយវាគឺជាការផ្លាស់ប្ដូរទម្លាប់រស់នៅមួយ ដែលងាយនឹងយកមកអនុវត្ដ។ វាជារឿងចាំបាច់ក្នុងការជ្រើសរើសការហាត់ប្រាណមួយប្រភេទ ដែលផ្ដល់នូវភាពរីករាយ និងងាយធ្វើឱ្យបានសម្រេចដូចបំណង។ មនុស្សភាគច្រើន ដែលគាត់ទាញយកប្រយោជន៍ពីលំហាត់ប្រាណប្រកបដោយជោគជ័យទៅក្នុងរបៀបរស់នៅរបស់គាត់ គឺដោយសារគាត់គិតដល់ការហាត់ប្រាណជាអាទិភាព និងលៃពេលអនុវត្ដវាឱ្យបានរាល់ថ្ងៃ។ មនុស្សមួយចំនួនទៀតគិតថា ការហាត់ប្រាណជាមួយមិត្ដភក្ដិ ឬជាក្រុមអាចជម្រុញចិត្ដគាត់ឱ្យចង់ហាត់ប្រាណកាន់តែខ្លាំង និងចង់យកវាមកធ្វើជាទម្លាប់ប្រចាំថ្ងៃ។ ការហាត់ប្រាណ ដែលប្រើកម្លាំងខ្លាំង និងការហាត់លើកទម្ងន់ជាដើមនេះ អាចជួយពង្រឹងភាពរឹងមាំនៃឆ្អឹង ហើយយូហ្គាអាចជួយរាងកាយឱ្យមានភាពបត់បែនបានល្អ និងជួយបង្កើនសា្មរតី។ លំហាត់ប្រាណធ្វើចលនាស្រូបយកអុកស៊ីហ្សែន ក៏ជាផ្នែកមួយនៃលំហាត់ប្រាណ ដែលល្អចំពោះសុខភាពផងដែរ ពីព្រោះវាជួយបង្កើនចរន្ដឈាម និងលើកកម្ពស់មុខងារបេះដូងឱ្យបានប្រសើរ។
ទម្លាប់ពិសាអាហារល្អចំពោះសុខភាព
ការពិសាអាហារល្អចំពោះសុខភាព គឺជាសមាសភាពដ៏សំខាន់ នៃរបៀបរស់នៅដ៏ប្រសើរ។ ផ្លែឈើ និងបន្លែផ្ដល់នូវសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ និងគួរយកមកពិសារាល់ថ្ងៃជាមួយប្រភេទសាច់សត្វមិនជាប់ខ្លាញ់ និងប្រភេទអាហារសម្បូរប្រូតេអ៊ីន។ ការពិសាក្នុងបរិមាណតិចតួចក៏ក្លាយជាផ្នែកមួយ នៃទម្លាប់រស់នៅដ៏ល្អប្រសើរចំពោះសុខភាពដែរ និងពិសាវាដើម្បីគ្រប់គ្រងការស្រូបយកកាល់ឡូរីរបស់រាងកាយ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ tryayurveda