CamNews

បច្ចេកវិទ្យា 

វ៉ាវ! Motorola Razr 5G ចេញលក់ក្នុងប្រទេសចិន ក្នុងតម្លៃកប់ពពក

ទូរសព្ទស្មាតហ្វូន Motorola Razr 5G ដែលបានប្រកាសចេញលក់ កាលពីប៉ុន្មានថ្ងៃមុន បានលេចមុខជាផ្លូវការដំបូង នៅក្នុងប្រទេសចិនហើយ ។ ទូរសព្ទម៉ូដែលថ្មីនេះ ដាក់លក់ក្នុងតម្លៃ ($1,830) ហើយឥឡូវនេះ លោកអ្នកអាចធ្វើការកុម្ម៉ុងជាមុន តាមរយៈគេហទំព័រផ្លូវការចិនរបស់ Lenovo  ដោយការលក់នឹងចាប់ផ្ដើមសម្រុកចាប់ពីថ្ងៃទី ១៥ ខែកញ្ញានេះតទៅ ។ ទូរសព្ទម៉ូដែលថ្មីនេះ ត្រូវបានផលិតឡើងពីរពណ៌ គឺពណ៌មាសលាយក្រហម(Blush Gold) និងពណ៌ប្រផេះរលោង( Polished Graphite) ។



ស្មាតហ្វូនម៉ូដែល Motorola Razr 5G គឺជាម៉ូដែលស្នងពីម៉ូដែល Razr 2019 កាលពីឆ្នាំមុន ដែលជាប្រភេទស្មាតហ្វូលបត់(foldable) ។ ទូរសព្ទស៊េរីទំនើបម៉ាកនេះ បំពាក់ដោយបន្ទះឈីប  Snapdragon 765G SoC ដំណើរការដោយប្រព័ន្ធប្រតិបត្ដិការ Android 10-based Moto UI និងមានអង្គចងចាំ(Ram) 8GB និងអង្គផ្ទុកទិន្ន័យក្នុងម៉ាស៊ីនទំហំ 256BG ។



ម៉ូដែល Razr 5G បំពាក់អេក្រង់ពីរ ដោយអេក្រង់ទីមួយជាប្រភេទអេក្រង់បត់ pOLED ទំហំ ៦.២ អ៊ីញ ដែលមានគុណភាពច្បាស់កម្រិត 2142x876 pixel និងអេក្រង់ខាងក្រៅប្រភេទ gOLED ទំហំ ២.៧ អ៊ីញ ដែលមានគុណភាពច្បាស់កម្រិត 800x600 pixels ។



ទូរសព្ទម៉ូដែលនេះ មានសមត្ថភាពថតរូបច្បាស់លាស់ល្អ ដែលមានកាម៉េរ៉ាមុខទំហំ 20MP និងកាម៉េរ៉ាក្រោយទំហំ 48MP ភ្ជាប់ជាមួយសន្ទះការពារបិទបើក ។



ទូរសព្ទស្មាតហ្វូនបត់នេះ អាចប្រើបានជាមួយបណ្ដាញ 5G  បំពាក់ដោយបច្ចេកវិទ្យាស្គែនម្រាមដៃផ្នែកខាងក្រោយ មានកម្លាំងថ្ម 2,800 mAh ដែលអាចបញ្ចូលថ្មតាមរយៈរន្ធ USB-C ក្នុងកម្លាំងរហូតដល់ 15W ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA