CamNews

កីឡាអន្តរជាតិ 

បារាំង ប៉ះ រ៉ូម៉ានី ថ្ងៃ​បើក​ឆាក Euro 2016 យប់​នេះ ជា​មួយ​នឹង​សន្តិ​​សុខ ត្រូវ​បាន​រឹត​បន្តឹង​ខ្ពស់

(ប៉ារីស)៖ ក្រុមម្ចាស់ផ្ទះជម្រើសជាតិបារាំង នឹងប្រកួតបើកឆាកទល់នឹងក្រុមជម្រើសជាតិរ៉ូម៉ានី ម៉ោង ២៖០០នាទីរំលង អាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) មុនគេ ពូល A ក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ជាមួយនឹងកម្លាំងសន្តិសុខជាង ១,៣០០០នាក់ ត្រូវបានដាក់ពង្រាយយ៉ាងតឹងរឹងបំផុត។

តាមរយៈសារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា សម្រាប់ការប្រកួតបើកឆាកនៅក្នុងកីឡដ្ឋាន Stade de France ស្ថិត ក្នុងកណ្តាលទីក្រុងប៉ារីស ជាទីដែលក្រុមភេរវកម្មបានបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស ១៣០នាក់ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ បារាំងបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លាបំផុត ដែលបានដាក់កម្លាំងការពារប្រមាណ ១,៣០០០ នាក់ ដើម្បីការពារសុវត្ថិភាពទាំងនៅក្នុងកីឡដ្ឋានដែលអាចផ្ទុកមនុស្សបាន ៩០,០០០នាក់ និងកន្លែងកម្សាន្ត Eiffel Tower ផងដែរ។

ទន្ទឺមគ្នានោះដែរ អង់គ្លេស និងអាមេរិក បានហាមប្រាមប្រជាជនរបស់ខ្លួន មិនឲ្យទៅទស្សនាការប្រកួតបាល់ទាត់ដែល មានរយៈពេល៤ឆ្នាំម្តង Euro 2016 នោះឡើយ គ្រាដែលប្រទេសបារាំង កំពុងដាក់ក្នុងភាពអាសន្ននៅឡើយ ក៏ប៉ុន្តែ ក្រុមមន្រ្តីសហព័ន្ធ UEFA និងអាជ្ញាធរបារាំង បានប្រកាសថា ពួកគេនឹងទទួលខុសត្រូវគ្រប់យ៉ាង ចំពោះហានិភ័យណា មួយដែលបានកើតឡើង ជូនអ្នកគាំទ្រមកពីក្រៅប្រទេសប្រមាណ ២.៥លាននាក់ ដើម្បីទស្សនាទាំង ៥១ប្រកួតក្នុង Euro 2016 លើកទី១៥ នេះ។

អាជ្ញាធរបារាំង ក៏បានបញ្ជាក់បន្ថែមថា បារាំង បានត្រៀមកម្លាំងការពារជាង ៩០,០០០នាក់ ដាក់ពង្រាយនៅតាម កីឡដ្ឋានទាំង១០កន្លែង ដែលជាទីលានត្រូវប្រកួត និងរក្សាសុវត្ថិភាពជូនអ្នកគាំទ្រទាំង ៧លាននាក់ នៅតាម ភោជនីយដ្ឋាន ក្លឹបកម្សាន្ត ផ្សារទំនើប និងកន្លែងកម្សាន្តនានាថែមទៀតផង។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ និងកីឡាករមួយចំនួន មិនបានយកប្រពន្ធ និងកូនៗរបស់គេមកប្រទេសបារាំងឡើយ ហើយអ្នកខ្លះទៀត បានហាមប្រពន្ធ និងកូនៗរបស់គេ មិនឲ្យមកទស្សនាផ្ទាល់នៅពហុកីឡដ្ឋានឡើយ ដើម្បីជៀសវាង អំពើភេរវកម្ម ដែលអាចកើតឡើងជាយថាហេតុណាមួយថែមទៀតផង៕

ក្រុមជម្រើសជាតិ បារាំង

ក្រុមជម្រើសជាតិ រ៉ូម៉ានី

ទិដ្ឋភាពមើលពីលើនៃទីក្រុង ប៉ារីស

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016