(ម៉ាកសី)៖ ក្រុមបាល់ទាត់ម្ចាស់ផ្ទះបារាំង បានឡើងទៅជួបព័រទុយហ្គាល់ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពាន UEFA Euro 2016 បន្ទាប់ពីទម្លាក់ក្រុមជើងខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់ ២-០ ក្នុងវគ្គ៤ក្រុម។
បារាំង មានឱកាសគ្រប់គ្រងបាល់តែ ៣៦ភាគរយប៉ុណ្ណោះក្នុងវគ្គទី១ រយៈពេល៤៥នាទី តែបានបើកការនាំមុខ១គ្រាប់មុននៅនាទីទី៤៥+២ ពីការទាត់បាល់ពិន័យប៉េណាល់ទីរបស់កីឡាករ Antoine Griezmann ដោយសារកំហុសរបស់ប្រធានក្រុម Toni Kroos ក្នុងប្រអប់គ្រោះថ្នាក់នៃពហុកីឡដ្ឋាន Stade Velodrome ស្ថិតក្នុងទីក្រុង Marseille។
តែយ៉ាងណាក៏ដោយ សម្រាប់ក្រុមម្ចាស់ពាន World Cup 2014 អាល្លឺម៉ង់ រឹតតែដុនដាបបន្ថែមទៀត នៅពេលដែលកីឡាករខ្សែការពារសំខាន់មកពីក្លឹប Bayern Munich, Jerome Boateng រមួលក្រពើប្តូចេញនៅនាទីទី៦៥ បានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធ Antoine Griezmann រកបានគ្រាប់ទី២ ក្នុងការប្រកួតនេះនៅនាទីទី៧២ ហើយក៏ជាគ្រាប់បាល់ទី៦ ច្រើនជាងគេផងដែរក្នុងយុទ្ធនាការ ៤ឆ្នាំម្តងនេះនៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៦៤០៧៨នាក់។
នេះជាលើកទី៣ហើយ សម្រាប់ក្រុមមាន់គកបារាំង ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រៅពីធ្លាប់ឈ្នះពាន Euro នេះបាន២ដងដែរកាលពីឆ្នាំ១៩៨៤ ក្នុងទឹកដីរបស់ខ្លួន និងលើកទី២ នៅឆ្នាំ២០០០ នៅប្រទេសអង់គ្លេស ខណះដែល ព័រទុយហ្គាល់ ពុំទាន់ឈ្នះម្តងនៅឡើយទេ។
សូមបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះបារាំង ត្រូវប៉ះព័រទុយហ្គាល់របស់ Cristiano Ronaldo នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីដណ្តើមយកពាន UEFA Euro 2016 លើកទី១៥ នេះ នៅពហុកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីសតែម្តង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង