អ្នកមុជទឹក មកពីទីក្រុង Yorkshire ចក្រភពអង់គ្លេស ដែលជួយក្មេងទាំង ១២ ដែលជាប់នៅក្នុងរូងភ្នំ ឱ្យមកដល់ទីទួលសុវត្ថិភាព បានទទួលការកោតសរសើរ ចំពោះការងារជួយសង្រ្គោះដ៏ក្លាហានរបស់គាត់។
លោក Jason Mallinsom គឺជាអ្នកមុជទឹកម្នាក់ ក្នុងចំណោមក្រុមអ្នកមុជទឹក ដែលបានដើរក្នុងដំណើរផ្លូវយ៉ាងលំបាករយៈពេល ១១ ម៉ោងទៅនិងមក ក្នុងរូងភ្នំដ៏ឆ្ងាយ។
ប្រតិបត្ដិការជួយសង្រ្គោះនេះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ និងកោតសរសើរចំពោះអ្នកជំនាញមុជទឹក ៩០ នាក់មកពីជុំវិញពិភពលោក និងបុគ្គលិកជួយសង្រ្គោះ រាប់រយនាក់ផ្សេងទៀត។ នៅចុងបញ្ចប់ ប្រតិបត្ដិការជួយសង្រ្គោះនេះ បានសម្រេចជោគជ័យយ៉ាងល្បីខ្ទខ្ទា ដោយសារតែកីឡាបាត់ទាត់វ័យក្មេងទាំង១២ នាក់ និងគ្រូបង្វឹករបស់ពួកគេ ត្រូវបានជួយសង្រ្គោះឱ្យផុតក្រញាំមច្ចុរាជបានយ៉ាងជោគជ័យ។
លោក Mallinson បានចូលរួម ក្នុងការមុជទឹកទាំង ៣ ដង ដែលអាចនាំយកក្មេងប្រុសទាំងនោះមកទីទួលសុវត្ថិភាព។ នៅក្នុងរបាយការណ៍មួយ ឪពុកម្ដាយរបស់លោក Mallinson វ័យ ៥០ ឆ្នាំគឺលោក Ray និងអ្នកស្រី Anne Mallinson បាននិយាយថា៖”ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះ Jason។ កូនប្រុសរបស់យើង បានធ្វើដំណើរចាកចេញទៅ ជាមួយនឹងឧបករណ៍ជួយសង្រ្គោះទម្ងន់កន្លះតោន។ យើងដឹងថា Jason គឺជាអ្នកជំនាញមុជទឹកម្នាក់ ក្នុងចំណោមអ្នកជំនាញមុជទឹកឈានមុខ ៤ នាក់ទៀត ដែលបាននាំក្មេងទាំងនោះមកខាងក្រៅរូងភ្នំ។ ពួកគេស្គាល់គ្នាច្បាស់ណាស់។ គ្រួសារយើង ពិតជាមានមោទនភាពចំពោះគាត់ខ្លាំងណាស់”។
ការមុជទឹក ដែល លោក Mallinson និងអ្នកជំនាញមុជទឹកផ្សេងទៀត បានបំពេញ គឺជាការមុជទឹក ដែលប្រថុយគ្រោះថ្នាក់ខ្ពស់បំផុត ជាក់ស្ដែងអ្នកមុជទឹកជនជាតិថៃលោក Saman Funan បានស្លាប់បាត់បង់ជីវិត នៅពេលដែលលោក អស់ខ្យល់អុកស៊ីហ្សែន កាលពីថ្ងៃសុក្រ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ metro.co.uk