CamNews

យល់ដឹង 

បច្ចេកវិទ្យាជួយបង្កកំណើត សម្រាប់គូស្វាមីភរិយា លំបាកមានកូននៅមន្ទីរ សំរាកព្យាបាលកម្ពុជា មានអត្រាជោគជ័យ

ភ្នំពេញ៖ នេះជាព័ត៌មានមួយគួរឱ្យរីករាយ និងជាទំនុកចិត្តបន្ថែម ចំពោះគូស្វាមីភរិយា ដែលមានបញ្ហាលំបាកមានកូន ដោយមន្ទីរសំរាកព្យាបាលកម្ពុជា បានបង្ហាញនូវលទ្ធផលជោគជ័យ ចំពោះគ្រួសារ ដែលបានមកទទួលសេវា ព្យាបាល គឺអត្រាជោគជ័យ ស្មើរប្រទេសជឿនលឿន នៅប៉ែកអាមេរិក និងអ៊ឺរ៉ុប។

ក្រោយពីដាក់ឱ្យដំណើរការ ឡាបូបង្កកំណើត មានគូស្វាមីភរិយា ដែលជួបបញ្ហាលំបាកមាន កូនធ្ងន់ធ្ងរចំនួន ១១៧គូ បានមកទទួលសេវាបង្កកំណើត ហើយជាលទ្ធផលមាន ៦៨គ្រួសារ បានទទួលជោគជ័យ និងគ្រួសារដែលមិនទាន់ទទួលជោគជ័យ នឹងត្រូវដាក់បញ្ជូលកោសិកា កូនដែលនៅសល់បន្តទៀត។

លោក ហោ សំណាង នាយកគ្រប់គ្រងទូទៅ នៃមន្ទីរសំរាកព្យាបាលកម្ពុជា បានមានប្រសាសន៍ថា អត្រាទទួលបានជោគជ័យខ្ពស់ជាទីមោទនៈ សំរាប់មន្ទីរសំរាកព្យាបាលកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល មិនមែនកើតឡើងដោយចៃដន្យទេ វាកើតឡើងដោយសារគុណភាព ឡាបូ ដែលបំពាក់ដោយឧបករណ៏ ជាបច្ចេកវិទ្យាចុងក្រោយ របស់ពិភពលោក។ អ្នកប្រឹក្សាសាងសង់ឡាបូ គឺធ្លាប់បានសាងសង់ឡាបូ ប្រទេសនៅអាមេរិក និង អ៊ឺរ៉ុប នាយកគ្រប់គ្រងឡាបូបង្កកំណើត ជាអ្នកមានបទពិសោធន៍ធ្លាប់ដឹងនាំឡាបូ នៅប្រទេសអង់គ្លេស និងអាមេរិក រយៈពេល២០ឆ្នាំ។

ម៉្យាងទៀតតាមប្រសាសន៍ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាល កម្ពុជាបានលើកឡើងថា មន្ទីរសំរាកព្យាបាលកម្ពុជា មានក្រុមវេជ្ជបណ្ឌិតជំនាញៗ បានបញ្ចប់ការសិក្សា ពីបរទេស ដែលធ្វើរោគវិនិច្ឆ័យ ច្បាស់លាស់និងត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ និងមនសិកាវីជ្ជាជីវៈ គ្មានភាពស្រពិជស្រពិល ឬភាពមិនអស់ចិត្តទៀតទេ លើមូលហតុលំបាកមានកូន ក្រោយពីអ្នកជម្ងឺ មកទទួលសេវាពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងព្យាបាល ។

ចំណុចគួរឱ្យកត់សំគាល់មួយ ចំពោះមន្ទីរសំរាកព្យាបាលកម្ពុជា គេសង្កេតឃើញមាន អ្នកជម្ងឺបរទេស ពីអាស៊ី អ៊ឺរ៉ុប និងអាមេរិក មកទទួលសេវាកម្មព្យាបាលផងដែរ។ ឆ្លើយតបទៅនឹងចំនុចនេះ លោក ហោ សំណាង បានបង្ហើបឱ្យដឹងថា មូលហតុដែលអ្នកជម្ងឺបរទេស បានសំរេចមកទទួលការព្យាបាល បញ្ហាលំបាកមានកូន នៅមន្ទីរសំរាកព្យាបាលកម្ពុជា គឺមានកត្តាសំខាន់ៗបីយ៉ាង៖ ទី១-ដោយអត្រាជោគជ័យ នៃការកកូន របស់ឡាបូបង្កកំណើតក្នុងកែវ មានកម្រិតស្មើនិង ឡាបូនៅប្រទេសអាមេរិក និងប៉ែកអ៊ឺរ៉ុប អ្នកឯកទេស និងបច្ចេកវិទ្យាស្តង់ដាអន្តរជាតិ ជាហេតុធ្ចើឱ្យទស្សនាវត្តី Fertility & Sterility របស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទ ដែលដាក់ចំណងជើងថា « ក្រោយមក ៣៥ឆ្នាំ ប្រទេសកម្ពុជា មានបច្ចេកវិទ្យាជួយបង្កកំណើត»។ ទី២- តម្លៃចំណាយលើការព្យាបាល សមរម្យជាង នៅក្នុងប្រទេសផ្ទាល់របស់ពួកគាត់ និង ទី៣- វាជាឱកាសដ៏ប្រសើរមួយ ដែលពួកគាត់អាច មកទទួលការព្យាបាលផង និងធ្វើទេសចរណ៍ផង។

តាម Neil R. Stoddard Ph.D. ដែលជានាយកឡាបូបង្កកំណើតក្នុងកែវ បានមានប្រសាន៍ថា វាពិតជា មានមោទនភាព និងប្រសើរខ្លាំងណាស់ ហើយក៏ជាប្រវត្តិសាស្ត្រ ដែលលោកអាចចូលរួម ដឹកនាំឡាបូបង្កកំណើត ដំបូងគេនៅកម្ពុជា។ ដោយទទួលបានលទ្ធផលជោគជ័យ កំរិតខ្ពស់នេះ ពិតជាកត្តាជម្រុញឱ្យ លោក និងក្រុមការងារខិតខំ បន្ថែមមួយកំរិតទៀត ដើម្បីរក្សា និងបង្កើនអត្រាជោគជ័យនេះ។

លោក ហោ សំណាង បានបញ្ជាក់ទៀតថា ក្នុងនាមជាមន្ទីរសំរាកព្យាបាលឈានមុខគេ លើបច្ចេកវិទ្យា ជួយអ្នកលំបាកមានកូន មន្ទីរសំរាកព្យាបាលកម្ពុជា បានប្តេជ្ញាផ្តល់នូវសេវាកម្ម ជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់អតិថិជន និងរួមចំណែកជាមួយ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឈវិស័យវេជ្ជសាស្រ្ត រួមមាន៖ អញ្ជើញសាស្រ្តាចារ្យល្បីៗ មកបណ្តុះបណ្តាលអ្នកឯកទេស រោគស្រ្តី និងលំបាកមានកូន បោះពុម្ភផ្សព្វផ្សាយអត្ថបទអំពីសុខភាព។ ណែនាំថ្នាំសំរាប់ព្យាបាល ដុំសាច់ និងការធ្លាក់ឈាម សំរាប់ស្រ្តីវ័យចំណាស់ដោយ មិនចាំចាច់ វះកាត់ ដែលនៅប៉ែកអ៊ឺរ៉ុបកំពុងប្រើប្រាស់។ ទប់ស្កាត់ ការសំរាលកូនមុនពេលកំណត់។ ធ្វើរោគវិនិច្ឆ័យដល់ម្តាយ ដែលត្រៀមចង់មានកូន ដើម្បីបញ្ជៀសកូនកើតមកមិនប្រក្រតី ។

អត្រាជោគជ័យមានកំរិតខ្ពស់ និងការខិតខំយកចិត្ត ទុកដាក់របស់បុគ្កលិកគ្រប់ផ្នែក បានធ្វើឱ្យមន្ទីរសំរាកព្យាបាល មួយនេះក្លាយជាកន្លែង ដែលផ្តល់ទំនុកចិត្តខ្ពស់ ដល់អ្នកជម្ងឺ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងការព្យាបាល ទាំងបញ្ហាលំបាកមានកូន រោគស្រ្តី រោគបុរស។ លោក ហោ សំណាង បានមានប្រសាសន៍បញ្ជាក់បន្ថែមថា រាល់សេវាកម្មទាំងអស់ របស់មន្ទីរសំរាកព្យាបាលកម្ពុជា នឹងត្រូវមានការអភិវឌ្ឍជាប្រចាំ ឱ្យស្មើប្រទេសក្នុងតំបន់ និងប្រទេសជឿនលឿន ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh