យោងតាមរបាយការណ៍មួយចេញផ្សាយដោយសារព័ត៌មានឥណ្ឌា The Economic Times ក្រុមនាយកប្រតិបត្ដិរបស់ក្រុមហ៊ុន Apple បានបើកកិច្ចប្រជុំជាមួយបណ្ដាមន្រ្ដីរដ្ឋាភិបាលសំខាន់ៗរបស់ឥណ្ឌា ដើម្បីរុករកលទ្ធភាព ក្នុងការបង្វិលចំណែកដ៏ធំនៃការផលិត iPhone របស់ក្រុមហ៊ុន Apple ពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា ។ ប្រាក់ចំណូលពីការផលិត នឹងកើនឡើងច្រើនរហូតដល់ ៤០ ពាន់លានដុល្លារ នៅ ៥ឆ្នាំបន្ទាប់ ។ នេះបើយោងតាមការឱ្យដឹងរបស់មន្រ្ដី ដែលបានដឹងច្បាស់ពីបញ្ហានេះ ។
ក្រុមហ៊ុន Apple ពុំមានទីផ្សារធំគួរឱ្យគត់សម្គាល់ នៅក្នុងប្រទេសឥណ្ឌានោះទេ ។ យោងតាមមន្រ្ដីម្នាក់បានឱ្យដឹងថា ក្រុមហ៊ុន Apple ចង់ឱ្យប្រទេសឥណ្ឌាក្លាយជាមូលដ្ឋានផលិតថ្មីមួយ ដោយផ្ដោតជាចម្បងសម្រាប់ការនាំចេញ ដែលទំនងជាចង់ឱ្យផលិតកម្មរបស់ខ្លួនបែកមែកធាងក្រៅពីប្រទេសចិន ។ ក្រុមហ៊ុនយក្សមួយនេះ ត្រូវបានគេរាយការណ៍ថា ការផលិត iPhone ច្រើនរហូតដល់ ២០% របស់ក្រុមហ៊ុន Apple អាចនឹងត្រូវបង្វិលទៅប្រទេសឥណ្ឌា ។
មន្រ្ដីឥណ្ឌាម្នាក់ រំពឹងថា ការនាំចេញទូរសព្ទចល័ត នឹងធ្វើឱ្យចំណូលកើនឡើង ១០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ។ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ការនាំចេញស្មាតហ្វូនពីប្រទេសឥណ្ឌា បង្កើតចំណូលបានប្រហែល ៣ ពាន់លានដុល្លារអាមេរិក ។ ក្រុមហ៊ុន Apple ធ្លាប់បានផលិត iPhone XR ជាច្រើនគ្រឿងរួចមកហើយ នៅក្នុងប្រទេសឥណ្ឌា តាមរយៈ Foxconn ។ តាមរយៈ Winstron ក្រុមហ៊ុន Apple ធ្លាប់ផលិត iPhone SE ជំនាន់ទី១ iPhone 6S និង iPhone7 ម្ដងរួចមកហើយ នៅក្នុងប្រទេសឥណ្ឌា ហើយមកទល់នឹងពេលនេះ ការផលិតត្រូវបានផ្អាក ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ GSMARENA