បុរសម្នាក់ បានត្រឡប់មកផ្សារទំនើប ដែលគាត់បានលួចស្ករសូកូឡាពីរដុំកាលពី ៤០ ឆ្នាំមុនដើម្បីសុំ ទោស និងសងលុយ ៥ ផោនសម្រាប់ស្ករសូកូឡានោះ។
បុរសចម្លែក ដែលបានសារភាពថាខ្លួន បានលួចស្ករសូកូឡា ពីផ្សារទំនើប Woolworths កាលពីឆ្នាំ ១៩៧៥ បានប្រគល់សំបុត្រមួយច្បាប់ ទៅអ្នកគ្រប់គ្រងផ្សារទំនើប Belle Vale នៅទីក្រុង Liverpool កាលពីសប្ដាហ៍មុននេះ។
នៅក្នុងសំបុត្រ មានក្រដាសប្រាក់ ៥ ផោន អមជាមួយនឹងលិខិតមួយច្បាប់ ដែលបរិយាយពីទោសកំហុស ដែលគាត់បានប្រព្រឹត្ដ កាលពីប៉ុន្មានទស្សវត្ដរ៍កន្លងទៅ។ នៅក្នុងលិខិតនោះសរសេរថា៖”ខ្ញុំបានលួចស្ករសូកូឡាពីរដុំពីផ្សារទំនើប Woolworths នៅក្នុងផ្សារទំនើបរបស់អ្នកកាលពីឆ្នាំ ១៩៧៥ នៅពេលខ្ញុំនៅក្មេងតូចនៅឡើយ។ ខ្ញុំសុំទោស ខ្ញុំគ្មានការយល់ដឹងទេនៅវ័យនោះ ហើយនេះជាប្រាក់ ដែលខ្ញុំជំពាក់ថ្លៃស្ករសូកូឡានោះ”។
ខណៈ ដែលផ្សារទំនើប Woolworths បានបិទអាជីវកម្មហើយនោះ ផ្សារទំនើបខាងលើ នឹងបរិច្ចាគលុយ ៥ ផោននោះ ទៅឱ្យអង្គការទារកដ្ឋាន Zoe’s Place។ អ្នកនាំពាក្យម្នាក់ បាននិយាយថា៖” វាជារឿងអស្ចារ្យខ្លាំងណាស់ ដែលបានឃើញទង្វើស្លូតត្រង់ និងសប្បុរស ដែលស្ដារនូវទំនុកចិត្ដនៅក្នុងមនុស្សជាតិ”។
ផ្សារទំនើបខាងលើ ចង់អរគុណ ចំពោះអ្នកដែលបានផ្ញើលិខិតមក ហើយព្រមទទួលនូវការសុំអភ័យទោសរបស់គាត់។ វាជាសារវិជ្ជមានមួយ ដែលមានតម្លៃចែករំលែក ដើម្បីលើកទឹកចិត្ដមនុស្សគ្រប់គ្នាឱ្យមានចិត្ដស្លូតត្រង់ និងសប្បុរស ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ metro.co.uk