(វ៉ាស៊ីនតោន)៖ បើទោះជានៅលើមេឃយើងនេះ មានព្រះអាទិត្យតែមួយក៏ដោយ ក៏យើងអាចស្រមៃថា តើការមានព្រះអាទិត្យចំនួនពីរ រះនៅលើផ្ទៃមេឃនោះ អាចមើលទៅមានលក្ខណៈ បែបណាដែរ។ ហេតុដូច្នេះទើបអង្គការ NASA ពេលនេះបានបង្ហាញនូវ ភពថ្មីឈ្មោះថា Kepler-1647b ដែលទំហំធំអស្ចារ្យជាងភពមុនៗ ដែលធ្លាប់ត្រូវបានរកឃើញ ហើយវាកំពុងធ្វើគោចរ ជុំវិញព្រះអាទិត្យចំនួនពីរ របស់វាថែមទៀត។ នេះបើតាមការផ្សាយដោយ CNN នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
សម្រាប់ភពយក្ស Kepler-1647b ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា អាចមានអាយុកាលប្រហាក់ប្រហែល នឹងផែនដីយើងដែរ គឺ ៤,៤ពាន់លានឆ្នាំ ហើយវាមានចម្ងាយ ៣,៧០០ ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺស្មើនឹង ៩,៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ) ពីប្រព័ន្ធព្រះអាទិត្យរបស់យើង។ វាទំនងជាអាចមានមុខកាត់ ទំហំ និង បរិយកាសស្រដៀងនឹងភពព្រហស្បតិ៍ របស់យើងដែរ ដែលអាចប្រហាក់ប្រហែល នឹងភពសៅរ៍។
បើតាមការតាមដាន ពីកែវយឺតអវកាស Kepler ភពដែលទើបរកឃើញថ្មីនេះ ត្រូវចំណាយពេល ១,១០៧ថ្ងៃរបស់ផែនដី ទើបអាចវិលជុំវិញព្រះអាទិត្យភ្លោះ របស់វាមួយជុំ ឬស្មើនឹងមួយឆ្នាំ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ ភព Kepler-1647b ស្ថិតនៅក្នុងគន្លងគោចរ ដ៏ល្អពីព្រះអាទិត្យ ដែលជាហេតុនាំឲ្យអ្នកវិទ្យាសាស្ត្រ អាចធ្វើការសន្និដ្ឋាន បានថា ភពនេះមានទឹកនៅលើផ្ទៃរបស់វា។ ដោយសារវាមានទំហំធំ ហេតុដូច្នេះព្រះច័ន្ទរបស់វា ក៏ទំនងជាមានទំហំធំ ដូចព្រះច័ន្ទនានារបស់ភពព្រហស្បតិ៍ដែរ ហើយប្រការនេះ នឹងនាំឲ្យយើងនឹកឃើញដល់ Pandora ក្នុងរឿង Avatar៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង