(ភ្នំពេញ)៖ ឆ្លើយតបនឹងការរិះគន់ យ៉ាងច្រើនពីសំណាក់ទស្សនិកជន នាពេលកន្លងមក ជុំវិញការកាន់ក្បាលមេក្រូ ឡើងកាន់តំណែង ជាពិធិការិនីក្នុងកម្មវិធីប្រគំតន្ត្រី «Expert beer» ហើយមានការខ្វះចន្លោះ លើការរៀបពាក្យសម្តីសួរនាំ តារាចម្រៀងប្រុសលោក ប៊ុត សីហា នោះ តារាកំប្លែងវ័យ១៨ឆ្នាំ កញ្ញា វ៉ាន់ នីឡា បានថ្លែងប្រាប់ Khmertalking ឲ្យដឹងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះថា «ខ្ញុំគិតថាសំណួរប៉ុណ្ណឹង វាគ្មានអ្វីខុសខ្លាំងទេ តែខ្ញុំមិនដឹងថា គាត់ (ប៊ុត សីហា) ចង់លាក់ប្រវត្តិ ឬយ៉ាងទេ ហើយអ្វីដែលសំខាន់តារាយើង គឺមិនអាចលាក់ប្រវត្តិបានឡើយ»។
តារាកំប្លែងកញ្ញា វ៉ាន់ នីឡា បានបន្តថា «មូលហេតុដែលនាំឲ្យខ្ញុំសួរលោក ប៊ុត សីហា រឿងមានកូននេះ គឺមកពីនៅលើបណ្តាញសង្គមហ្វេសប៊ុក មានបង្ហោះចែករំលែកថា គាត់មានកូន ដូច្នេះហើយទើបខ្ញុំលើកជា សំណួរនេះ ដើម្បីសុំឲ្យគាត់បកស្រាយការពិត ពោលគឺគ្មានបំណងអាក្រក់ណាមួយឡើយ !»។ នៅពេលអ្នកសាព័ត៌មានសួរថា តើ នីឡា មានការអាក់អន់ចិត្តទេ ពេលដែលពិធីករប្រុសលោក សាយ រតនៈ និយាយកាត់សំណួរភ្លាមៗនោះ ? ចំណុចនេះ នីឡា ឆ្លើយថា «អត់ទេ គឺមានអារម្មណ៍ធម្មតា ហើយគ្មានបំណងអ្វីត្រូវខឹងគាត់ឡើយ»។
កញ្ញា វ៉ាន់ នីឡា បាននិយាយទៀតថា «ជាបទពិសោធន៍ដំបូង ប្រសិនបើគ្មានខុសក៏គ្មានត្រូវដែរនេះជាមេរៀន និងបទពិសោធក្នុងការកែតម្រូវ ឆ្ពោះទៅរកភាពជោគជ័យថ្ងៃក្រោយ។ ម្យ៉ាងទៀត វាមិនមែនជាអាជីព ព្រោះខ្ញុំជាអ្នកកំប្លែង ហើយនៅពេលដែលឲ្យខ្ញុំ ធ្វើពិធីការនីភ្លាមៗអ៉ីចឹង គឺតែងមានការលំបាកខ្លះហើយ។ ដូច្នេះប្រសិនជា មានការខុសឆ្គងត្រង់ចំណុចណាមួយនោះ សូមការអធ្យាស្រ័យ ពីសំណាក់ពុក ម៉ែ បង ប្អូនអ្នកគាំទ្រផង ដោយសារនេះជាលើកទី១ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ដែលត្រូវធ្វើជាពិធីការិនី»។
ជាមួយគ្នានេះ តារាស្រីកញ្ញា វ៉ាន់ នីឡា ក៏បានបកស្រាយជុំវិញការរិះគន់ថា នាងចូលសិល្បៈតាមរយៈខ្សែបណ្តាញ ដោយមានឪពុកជាអ្នកត្រួសត្រាយផ្លូវផងដែរ ទើបបានតំណែងជាពិធីការិនី យ៉ាងងាយដូច្នេះនោះ។ ឆ្លើយតបត្រង់ចំណុចនេះ កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ថា «ប្រសិនបើខ្ញុំគ្មានសមត្ថភាព និងទេពកោសល្យទេ ក៏ប៉ាខ្ញុំមិនអាចជម្រុញខ្ញុំ ឲ្យចូលសិល្បៈកើតដែរ។ ម្យ៉ាងទៀត ខ្ញុំក៏មិនប្រកាន់ខឹងចំពោះទស្សនិកជន ដែលរិះគន់ដែរ ហើយក៏អរគុណបងប្រុស និងបងស្រីម្នាក់ ដែលសរសេររិះគន់ ក្នុងន័យអប់រំផងដែរ!»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង