ព័ត៌មានអន្តរជាតិ ៖ មនុស្សរាប់រយនាក់ ត្រូវបានគេប៉ាន់ប្រមាណ អមជាមួយនឹងភាពភ័យខ្លាចថា ប្រឈមនឹងការស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូក ២ គ្រឿង ផ្ទុកជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ ៥០០ នាក់ ក្រឡាប់លិច នៅលើដែនទឹក ទីក្រុង មាត់សមុទ្រ Zuwara ប្រទេស ល៊ីប៊ី នេះបើយោង តាមការគូសបញ្ជាក់ដោយផ្ទាល់ ពីមន្រ្តីមានសមត្ថកិច្ច និង ប្រជាពលរដ្ឋ ។
ប្រភពបញ្ជាក់អោយដឹងថា ទូក ១គ្រឿងដំបូងបានប្រកាសអាសន្នដង្ហោយរកជំនួយនាព្រឹកព្រលឹម ថ្ងៃព្រហស្បត្តិ៍ ដែលផ្ទុកអ្នកដំណើរសរុប ប្រមាណ ៥០ នាក់ ។ មិនយូរប៉ុន្មាន ពោលរយៈពេល ប៉ុន្មានម៉ោងក្រោយ ទូក ទី ២ បានជួបគ្រោះអកុសល ក្រឡាប់លិចដូចគ្នា ខណៈចំណុះដោយអ្នក ដំណើរសរុប ៤០០ នាក់ ។
មន្រ្តីផ្លូវការ គូសបញ្ជាក់អោយដឹងថា មនុស្ស ២០១ នាក់ ត្រូវបានក្រុមការងារឆ្មាំសមុទ្រ ប្រទេស ល៊ីប៊ី បានជួយសង្គ្រោះ ខណៈច្រើននាក់ផ្សេងទៀត ត្រូវបានគេមានជំនឿជាក់ថា អាចជាប់គាំងនៅ ក្នុងឃ្លុបលំហណាមួយ នៅក្នុងទូកដែលបានជនលិច ។ មន្ទីរឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នាភាគខាងជើងក្រុង Tripoli ទទួលបានជនអន្តោប្រវេសន៍ខុសច្បាប់ ១៤៧ នាក់ ។
ហោចណាស់ សពជនអន្តោប្រវេសន៍ ១០០ នាក់ ត្រូវបាននាំយកទៅកាន់ទីក្រុង Zuwara ភាគខាង លិចទីក្រុង Tripoli ។ របាយការណ៍ បញ្ជាក់អោយដឹងថា ៖ ជនអន្តោប្រវេសន៍ប្រមាណ២៤០០នាក់ បានស្លាប់បាត់បង់ជីវិត អំឡុងធ្វើដំណើរ ប្រថុយប្រថានឆ្លងកាត់ សមុទ្រ Mediterranean គោលបំ ណងទៅកាន់តំបន់អឺរ៉ុប ។ ច្រើនជាង ១០០,០០០ នាក់ផ្សេងទៀត បានសំចតបានសម្រេចនៅក្នុង ប្រទេសអ៊ីតាលី និង ១៦០,០០០ នាក់ផ្សេងទៀត ឆ្លងចូលទៅក្នុងទឹកដី ប្រទេស ក្រិក ។ គួរបញ្ជាក់ ថា ថ្ងៃពុធកន្លងទៅនេះ សពជនអន្តោប្រវេសន៍ ហោចណាស់ ៥០ នាក់ ត្រូវបានប្រទះឃើញថា បានស្លាប់បាត់បង់ជីវិត នៅលើទូកដឹកជនអន្តោប្រវេសន៍ ក្នុងដែនទឹក ប្រទេស ល៊ីប៊ី ៕
- អាន ៖ ប្រទះឃើញ សពខ្មោច ៥០ នាក់ លើទូកជនអន្តោប្រវេសន៍ ផ្ទុកមនុស្ស លើសចំណុះ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី