CamNews

ជីវិតរស់នៅ 

រយៈពេលជាង១ខែ ប្រែជីវិតយុវតី ហ៊ុន លាង ពីបរាជ័យ ក្លាយជាអ្នកខ្លាំងជាងគេ

ភ្នំពេញ៖ ការផ្តល់ឱកាសជាលើក២ ដោយភ្ជាប់ជាមួយ ការសិក្សាបំប៉នបន្ថែមរយៈពេលជាងមួយខែ របស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រែក្លាយជីវិតយុវតីដែនដីជនបទ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង កញ្ញា ហ៊ុន លាង ពីការ បរាជ័យ ក្លាយជាអ្នកជាប់បាក់ឌុប ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេ។

លទ្ធផលប្រឡងទុតិយភូមិ ដែលចេញផ្សាយនាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤នេះ បានបង្ហាញថា កញ្ញា ហ៊ុន លាង កូនអាជីវករក្នុងផ្សារអ្នកលឿង មកពីវិទ្យាល័យពាមរក៍ ជាសិស្សតែម្នាក់គត់ ដែលបានជាប់និទ្ទេស C។ គ្រប់មុខវិជ្ជា កញ្ញា ហ៊ុន លាង ទទួលបាននិទ្ទេស C ទាំងអស់ លើកឡែងតែមុខវិជ្ជាអង់គ្លេស ទទួលបាននិទ្ទេស F។

ហ៊ុន លាង បានបញ្ជាក់ថា «ខ្ញុំពេញនឹងលទ្ធផលនេះខ្លាំងណាស់ ព្រោះវាកើតពីសមត្ថភាពរបស់ខ្ញុំពិតៗ អត់មានលួចចម្លង ឬមើលព្រីយ៉ុងឡើយ គឺវាជាសមត្ថភាពក្រោមកំណែទម្រង់របស់ក្រសួងអប់រំ»។

កញ្ញា ហ៊ុន លាង ជាកូនទី២ ក្នុងចំណោមបងប្អូន ៣នាក់ រស់នៅក្នុងភូមិឧត្តម ឃុំព្រែកខ្សែក ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជាមួយលទ្ធផលពីការបរាជ័យ ប្រែក្លាយជាអ្នកមានលំដាប់ខ្ពស់ជាងគេ កញ្ញា ហ៊ុន លាង បានបញ្ជាក់ថា ការសិក្សា របស់កញ្ញា សម្រាប់ថ្នាក់ទី១២ គឺបានខិតខំតាំងពីដើមឆ្នាំ តែការបរាជ័យលើកទី១ ដោយសារមានការភ័ន្តច្រឡំ និងភាំងនៅលើមុខវិជ្ជាមួយចំនួន។

សម្រាប់រយៈពេលជាងមួយខែ ដែលក្រសួងបានផ្តល់មេរៀន រៀនបំប៉នសមត្ថភាពកញ្ញា បានបង្កើនការសិក្សារបស់ ខ្លួន ដោយបានមករៀនគួរជាប់ប្រចាំនៅសាលាជ័យថាវី និងបង្កើនការអនុវត្តនៅពេលយប់។ «សម្រាប់ខ្ញុំ ខ្ញុំប្រឹងរៀនដូចគ្នាទាំងលើកទី១ និងលើកទី២ តែលើកទី២នេះ ខ្ញុំបានឡើងមករៀនគួរនៅសាលាជ័យថាវី ហើយស្វែងរកចំណុចខ្សោយរបស់ខ្លួនឯង និង បង្កើនការរៀនធ្វើយ៉ាងណាឲ្យកាន់តែច្បាស់»។

កញ្ញាបានបង្ហាញពីបទពិសោធន៍របស់ខ្លួនថា សម្រាប់មុខវិជ្ជារូបវិទ្យា កញ្ញាបានខិតខំមើលរូបមន្តឲ្យចាំ មើលពីវិធី និងគន្លឹះដោះស្រាយលំហាត់ រួចទើបអនុវត្តន៍ជាក្រោយ សម្រាប់មុខវិជ្ជាគណិតវិញ កញ្ញាត្រូវមើលសៀវភៅលំហាត់ ឲ្យបានច្រើន ដើម្បីស្វែងយល់ពីគន្លឹះដោះស្រាយលំហាត់នីមួយៗ...។

កញ្ញា ហ៊ុន លាង ក៏បានសម្តែងការពេញចិត្តចំពោះកំណែទម្រង់របស់ក្រសួងអប់រំ ហើយកញ្ញា ក៏ចង់ឲ្យរដ្ឋមន្រ្តីក្រ សួងអប់រំ លោក ហង់ ជួនណារ៉ុន បន្តកំណែទម្រង់លើវិស័យអប់រំនេះ បន្តទៅទៀត។ «យោបល់ខ្ញុំការរឹតបន្តឹងរបស់ ក្រសួងនេះ ខ្ញុំពេញចិត្ត ព្រោះវាធ្វើឲ្យសិស្សជំនាន់ក្រោយខិតខំប្រឹងប្រែងរៀនសូត្រ។ ខ្ញុំចង់ឲ្យក្រសួងធ្វើកំណែទម្រង់ បែបនេះ ជារៀងរហូត»។

ហ៊ុន លាង ក៏បានបង្ហាញបំណងឈានទៅកាន់សកលវិទ្យាល័យផងដែរ គឺកញ្ញានឹងរៀនយកមកវិជ្ជាគណិតវិទ្យា ហើយចង់ក្លាយទៅជាគ្រូបង្រៀនគណិត ដែលជាចំណង់ចំណូលចិត្ត និងដើម្បីជួយបណ្តុះបណ្តាលដល់កូនខ្មែរផង ដែរ។

សូមបញ្ជាក់ថា កញ្ញា ហ៊ុន លាង ជាបេក្ខជនជើងខ្លាំងម្នាក់ទៀតប្រចាំខេត្តព្រៃវែង ក្នុងការប្រឡងបាក់ឌុបលើកទី២ ខណៈលើកទី១ ខេត្តព្រៃក៏មានយុវតីជើងខ្លាំងកំពូលម្នាក់ផងដែរ គឺកញ្ញា យាន សោភា ទទួលបាននិទ្ទេស A មកពី វិទ្យាល័យអង្គឌួង។

ការប្រឡងបាក់ឌុបលើកទី២ មានបេក្ខជនប្រឡងជាប់ ១០.៨៧១នាក់ ស្មើនឹងជាង ១៧ភាគរយ ក្នុងចំណោមបេក្ខជនប្រឡងជាង ៦ម៉ឺននាក់។ ក្នុងនោះសិស្សជាប់និទ្ទេស C មានម្នាក់ និទ្ទេស D ៥៥នាក់ និងនិទ្ទេស E ១០.៨១៥នាក់។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងទាំងលើកទី១ និងលើកទី២ ទទួលបាន សិស្សជាប់ជាង ៤០ភាគរយ និងជាង ៥០ភាគរយបានធ្លាក់។ តែក្រសួងពេញចិត្តចំពោះលទ្ធផល ព្រោះសិស្ស ដែលជាប់ជាសិស្ស ដែលមានសមត្ថភាពពិត អត់មានមើលប្រយ៉ុង ឬលួចចម្លងឡើយ ហើយក្រសួងនឹងបន្តធ្វើបែប នេះជារៀងរហូត គឺប្រសើរជាងការជាប់អត់មានសមត្ថភាព ហើយពេលរៀនចប់បរិញ្ញាមកធ្វើការទទួលប្រាក់ខែទាប ។

លោក រស់ សាលីន បន្តថា «ក្រសួងធានាថា អ្នកធ្វើដំណើរទៅមុខមានចំណេះដឹងពិត ប្រសើររៀនដោយពឹងផ្អែកតាមលុយកាកឪពុក-ម្តាយ ដល់ពេលរៀនចប់ប្រាក់ខែស្មើនាក់អត់រៀនបរិញ្ញា។ នេះជាការដាក់ទណ្ឌកម្មខ្លួនឯង»។

សម្រាប់សិស្សដែលធ្លាក់ លោក រស់ សាលីន បានបញ្ជាក់ថា មានជម្រើស៣យ៉ាង។ ទី១. រៀនបរិញ្ញាបត្ររង មុន នឹងឈានជើងចូលទៅយកបរិយញ្ញាបត្រ, ទី២. រៀនថ្នាក់ទី១២ បន្ថែមទៀត ជាមួយការខិតខំប្រឹងប្រែង ដើម្បីប្រឡងនៅឆ្នាំក្រោយ និងទី៣. សិស្ស ដែលធ្លាក់អាចប្រឡងតាមសាលា បណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ។

លោក រស់ សាលិន ក៏បានបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលប្រឡងជាប់និទ្ទេសល្អលើកទី២ នៅតែអាចស្រូបទាញ យកអាហារូបករណ៍ពីសាលារដ្ឋ ប្រសិនបើជាការផ្តល់នៅលើកទី១ មិនទាន់អស់ទេនោះ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh