CamNews

ព័ត៌មានអន្តរជាតិ 

ជំនន់ទឹកភ្លៀង ធ្វើឱ្យមនុស្សស្លាប់កើនដល់ ១៥ នាក់

ទីក្រុងហាណូយ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដី នៅក្នុងប្រទេសវៀតណាម បានធ្វើឱ្យមនុស្សស្លាប់កើនឡើងដល់ ១៥ នាក់កាលពីថ្ងៃអង្គារ ដោយអាជ្ញាធរបានព្រមានថា ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាងនេះ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងខេត្ត ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងភ្នំ។

លោក Le Trong Quang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឱ្យដឹងថា ខេត្ត Lai Chau ដែលមានចម្ងាយ ៤៧០ គីឡូម៉ែត្រ នៅភាគពាយព្យនៃទីក្រុងហាណូយ បានកើតគ្រោះយ៉ាងអាក្រក់ ដែលបណ្ដាលឱ្យមនុស្សយ៉ាងតិច ១២ នាក់ ស្លាប់បាត់បង់ជីវិត  ដោយរួមទាំងកុមារ ២ នាក់ផងដែរ។

ជនរងគ្រោះភាគច្រើន បានលង់ទឹក ឬកប់នៅក្នុងគំនរដីបាក់ ដែលបង្កឡើងដោយទឹកភ្លៀងធំ ចាប់តាំងពីថ្ងៃសៅរ៍។



លោក Quang បាននិយាយថា៖ "យើងកំពុងព្យាយាមទប់ទល់នឹងទឹកភ្លៀង នៅថ្ងៃខាងមុខ ហើយខ្ញុំបារម្ភថា ចំនួនអ្នកស្លាប់នៅតាមខេត្ត នឹងបន្តកើនឡើង ខណៈដែលមនុស្ស ១១ នាក់នៅតែបន្ដបាត់ខ្លួន" ។

ប្រទេសវៀតណាម ងាយរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិណាស់ ដោយទឹកជំនន់ និងព្យុះទីហ្វុងបានសម្លាប់មនុស្សរាប់រយនាក់ ជារៀងរាល់ឆ្នាំ។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្ស ៣៨៩ នាក់ និងរបួស ៦៦៨ នាក់នៅក្នុងប្រទេស កាលពីឆ្នាំមុន។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយថា នៅខេត្ត Ha Giang ជិតខាង ទឹកជំនន់ បានសម្លាប់មនុស្សចំនួន ៣ នាក់។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយបានឱ្យដឹងថា ទឹកជំនន់ និងការរអិលបាក់ដី ក៏បានបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្ដិដូចជាផ្ទះសម្បែង ផ្លូវថ្នល់ និងដំណាំ ក្នុងតម្លៃជាង ១៤១  ពាន់លានដុង ស្មើនឹង ៦,១៥ លានដុល្លារអាមេរិកផងដែរ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី 


Tags: International news