(ភ្នំពេញ)៖ ក្រុមជើងឯកលីកកំពូលកម្ពុជា ៦សម័យកាល ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ទទួលស្វាគមន៍ក្រុមជើងខ្លាំង បឹងកេតអង្គរ នាវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៦ ខែកុម្ភៈនេះ ដើម្បីស្វែងរកថវិកាសប្បុរសធម៌ តាមរយៈការលក់សំបុត្រក្នុងតម្លៃ ១,០០០រៀលប៉ុណ្ណោះ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងជួបការខ្វះខាត ។
តាមសេចក្ដីជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា ការប្រកួតលក្ខណៈមិត្តភាពជាតិនេះ នឹងចាប់ផ្ដើមនៅម៉ោង ៥ល្ងាច ក្នុងន័យដើម្បីសប្បុរសធម៌ ក៏ដូចជាកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីផងដែរ ។ ប៉ុន្ដែក្នុងនាមជាក្លឹបបាល់ទាត់អាជីពដ៏មានសក្តានុពលនៅកម្ពុជា ក្លឹបទាំងពីរសូមសម្តែងការគាំទ្រពេញទំហឹងដល់លោកវេជ្ជបណ្ឌិត Beat Richner ក៏ដូចជាវេជ្ជបណ្ឌិត និងក្រុមការងារទាំងអស់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដែលបានមើលថែ និងព្យាបាលកុមារក្នុងប្រទេសកម្ពុជា រាប់លាននាក់ចាប់តាំងពីឆ្នាំ១៩៩១ មក ។
ដើម្បីតបស្នងចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកការងារនៃមន្ទីរពេទ្យសប្បុរសធម៌នេះ ក្លឹបលំដាប់លីកកំពូលកម្ពុជាទាំងពីរ បានសំណូមពរដល់អ្នកគាំទ្រ ចូលរួមទស្សនាការប្រកួតមិត្តភាពខាងលើឲ្យបានច្រើនកុះករ ព្រោះតម្លៃសំបុត្រចូលរួមទស្សនាត្រឹមតែ ១,០០០រៀលប៉ុណ្ណោះ ហើយថែមទាំងបានរួម ចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផងដែរ ។
គួរបញ្ជាក់ថា នេះគឺជាការប្រកួតមិត្តភាពលើកទី៥ របស់ក្លឹបភ្នំពេញក្រោន ក្រោមការដឹកនាំគ្រូបង្វឹកថ្មី លោក Oriol Mohedano ទើបទទួលបានការតែងតាំង ជំនួយគ្រួបបង្វឹកជនជាតិស្វីសលោក Sam ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅ ។ សម្រាប់លទ្ធផលទទួលបានពីការដឹកនាំរបស់គ្រូបង្វឹក ជនជាតិអេស្ប៉ាញ នៅដើមឆ្នាំ២០១៦ នេះ គឺភ្នំពេញក្រោន ប្រកួតស្មើណាហ្គាវើល ១-១, ស្មើក្រុមស្វាយរៀងព្រះខ័នរាជ ០-០, ឈ្នះក្រុមក្រសួងការពារជាតិ ២-១ និងប្រកួតចុងក្រោយឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-០ ។
ដោយឡែកក្រុមបឹងកេតអង្គរវិញ ទើបប្រកួតមិត្តភាពបាន ៣លើកទាំងលើកនេះប៉ុណ្ណោះ ដោយ២លើកមុន ប្រកួតស្មើក្រុមក្រសួងការពារជាតិ ១-១ រីឯប្រកួត ចុងក្រោយ ស្មើក្រុមស្វាយរៀងព្រះខ័នរាជ ២-២ នៅក្នុងជំនួបមិត្តភាពលើវាលស្មៅសិប្បនិម្មិតនៃកីឡដ្ឋានវេស្ទើន ៕
ក្រុមភ្នំពេញក្រោន
ក្រុមបឹងកេតអង្គរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី